បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១​ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាបានកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ប៉ុន្តែកម្ពុជានៅតែអាចគ្រប់គ្រងបាន ។

Advertisement

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា បំណុលសាធារណៈខាងលើនេះកើនឡើងប្រមាណជា ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានសម្តែងក្តីព្រួយបារម្ភចំពោះការកើនឡើងបំណុលសាធារណៈជារៀងរាល់ឆ្នាំ​សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ប៉ុន្តែទោះជាដូច្នេះក្ដី ពួកគេអះអាងថាកម្ចីនេះនៅទាបជាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ហើយនៅតែអាចគ្រប់គ្រងបាន ឬស្ថិតនៅក្នុងហានិភ័យកម្រិតទាប។

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ផ្អែកលើស្ថិតិបំណុលខាងលើបង្ហាញថា មានចំនួនច្រើនក្នុងនាមកម្ពុជាជាប្រទេសកំពុងអភវឌ្ឍន៍ ប៉ុន្តែរដ្ឋាភិបាលនៅតែអាចគ្រប់​គ្រងបានដោយមិនទាន់ឈានដល់កម្រិតហានិភ័យខ្ពស់នៅឡើយ។

ជាមួយគ្នានេះលោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ទោះជាសេដ្ឋកិច្ចជាតិរងសំពាធពីវិបត្តិសេដ្ឋកិច្ចសកល កត្តាសង្គ្រាមមជ្ឈិមបូព៌ា និងវិបត្តិព្រំដែនកម្ពុជា-ថៃ បានរុញទម្លាក់សេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.២ នៅឆ្នំា២០២៦ ក៏ដោយ ប៉ុន្តែផ្អែកលើកំណើននៃការនាំចេញពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យកម្ពុជាមានលទ្ធភាពទប់ទល់នឹងបំណុលសាធារណៈបាន ដោយមិនមានហានិភ័យខ្ពស់នោះឡើយ

លោកបញ្ជាក់ថា​ ៖

«យើងអាចគ្រប់គ្រងបំណុលនៅក្នុងប្រទេសកម្ពុជា ដោយសារ GDP នៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងកម្រិតមួយដ៏ល្អបើធៀបនឹងប្រទេសជិតខាង ហើយទោះជាបំណុលកើនឡើង ប៉ុន្តែកម្ចីនេះត្រូវយកមកសម្រាប់ធ្វើការអភិវឌ្ឍន៍ ឬវិនិយោគលើហេដ្ឋារចសម្ព័ន្ឋ ផ្លូវថ្នល់ ស្ពាន និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ទាក់ទាញអ្នកវិនិយោគ ដើម្បីវិនិយោគបង្វែរសាច់ប្រាក់បំណុលនេះ រកចំណេញ ឆ្ពោះទៅបង្កើតបាននូវភាពធន់នៃសេដ្ឋកិច្ច»។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ច បានលើកឡើងថា បំណុលសាធារណៈខាងលើមានអត្រាស្មើនឹង ១៧.៩% នៃ GDP របស់កម្ពុជា។ យោងទៅលើចំណាត់ថ្នាក់មូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) និងធនាគារពិភពលោក(World Bank) បង្ហាញថា បំណុលសាធារណៈរបស់កម្ពុជា ស្ថិតនៅកម្រិតហានិភ័យទាបនៅឡើយ ខណៈដែលកម្រិតដែលមានហានិភ័យខ្ពស់គឺ​ចាប់ផ្តើមពី ៤០% ឡើងទៅនៃ GDP ។

លោកថា ៖

«បើធៀបនឹងបណ្តារប្រទេសអាស៊ាន កម្ពុជាមានកម្រិតទាបបំផុតបន្ទាប់ពីប្រទេសប្រ៊ុយណេ ដែលប្រ៊ុយណេមិនមានបំណុលសាធារណៈនោះទេ។ បំណុលសាធារណៈកម្ពុជាមានចំនួនតិចជាងគេលេខរៀងទី២ ធៀបនឹងបណ្តារប្រទេសអាស៊ាន ក្នុងនោះវៀតណាមមានបំណុលសាធារណៈ ៣៤%ធៀបនឹង GDP ឥណ្ឌូនេស៊ី ៤១% មីយ៉ាន់ម៉ា ៦៩% ហ្វីលីពីន ៦៣% ថៃ៦ ៥% ម៉ាឡេស៊ី ៧០% ឡាវ ១០០% និងសឹង្ហបូរីជាង ១៧០%»។

សូមបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ២៨០,៦២ លាន​ដុល្លារអាម៉េរិក ក្នុងនោះ ១.ក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានប្រមាណ ២៥៧,៥៣​លានដុល្លារអាម៉េរិក ប្រាក់ដើមស្មើនឹង ២១៣,៧៧លានដុល្លារ ការប្រាក់ និងកម្រៃផ្សេងៗ ៤៣,៧៦លានដុល្លារអាម៉េរិក​ ២.ក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៣,០៩ លានដុល្លារអាម៉េរិក ក្នុងនោះបានទូទាត់ប្រាក់ដើម ២០,៤១លានដុល្លារ និងកាប្រាក់ ២,២៨លានដុល្លារអាម៉េរិក។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ការទូរទាត់សេវាបំណុលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានកំណើន ១៨%៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា