ខេត្តជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ទទួល​គម្រោង​វិនិយោគ​ចំនួន ​២០ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំនេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ទទួល​គម្រោង​វិនិយោគ​ចំនួន ​២០ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំនេះ​

ខេត្តជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ទទួល​គម្រោង​វិនិយោគ​ចំនួន ​២០ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំនេះ​

ភ្នំពេញ ៖ ក្នុងរយៈពេល​ ៣ ខែ ដើមឆ្នាំ ២០២៦ គណៈកម្មការ​វិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគចំនួន ១៤៦ ​គម្រោង ដែលមានទឹកប្រាក់​ប្រមាណ​ ២,៥ ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះដែរ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ រួមមាន ខេត្ត​កោះកុង ព្រះសីហនុ កំពត​ និងកែប ទទួលបានគម្រោងវិនិយោគសរុប​ចំនួន ២០។

Advertisement

យោងតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានឱ្យដឹងថា​ ក្នុង​ត្រីមាសទី ១ ឬ ៣ ខែដើមឆ្នាំ ២០២៦ នេះ ខេត្តព្រះសីហនុ ត្រូវ​បានគណៈកម្មកា​រវិនិយោគកម្ពុជា​អនុម័ត​គម្រោងវិនិយោគច្រើនជាង​គេ ដែលមានគម្រោងវិនិយោគសរុប​ចំនួន​ ១០ គម្រោង កោះកុង​មានចំនួន​ ៥ គម្រោង កំពត ៤ គម្រោង និង​ខេត្ត​កែប​មានចំនួន​ ១ គម្រោង។

របាយការណ៍ដដែល​ បានឱ្យដឹងថា គម្រោង​ធំៗ​ដែល​ត្រូវបានក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាអនុម័ត​ក្នុង​រយៈពេល ​៣ ខែ ក្នុងតំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឃើញថា ​​មាន​គម្រោ​ងវិនិយោគ​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន ​២ នៅខេត្ត​កំពត ដែលមានទឹកប្រាក់វិនិយោគសរុប​ចំនួន ១៨៥ លានដុល្លារអាម៉េរិក គម្រោង​វិនិយោគ​បង្កើត​រោងចក្រផលិត​ត្រីខកំប៉ុង និងទឹកត្រី នៅស្រុកដំណាក់ចង្អើរ​ ខេត្តកែប មានទុនវិនិយោគប្រមាណ​ ៧ លានដុល្លារអាម៉េរិក ។ ក្រៅពីគម្រោងទាំងនេះ គម្រោ​ងវិនិយោគ​ភាគច្រើននៅក្នុងតំបន់​សមុទ្រ​ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម​ ដូចជា​រោងចក្រ សហគ្រាស​ជាដើម។

កាលពីពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាល​​កម្ពុជា បាន​ចេញអនុក្រឹត្យសម្រេចឱ្យបង្កើត​កំពង់ផែ ឡូជីស្ទីកមួយ​ស្ថិតនៅក្នុង​ខេត្តកំពត ដែល​គម្រោងនេះ​ នឹង​ក្លាយជា​សក្ដានុពលថ្មីមួយ​ទៀត​សម្រាប់​តំបន់សមុទ្រ អាច​ទាក់ទាញ​វិនិយោគិនក្នុង​និងក្រៅប្រទេស​ចូលមក​ស្វែងរកការ​វិនិយោគនៅក្នុងតំបន់​សមុទ្រ​បន្ថែមទៀត។

អ្នកជំនាញ​និង​ភ្នាក់ងារអចលនវត្ថុ​ប្រចាំខេត្តកំពត​កែប លោក លឹម រដ្ឋា បាន​ឱ្យដឹងថា តម្រូវការ​នៃការ​ប្រើប្រាស់ដីធ្លីនៅក្នុង​ខេត្តកំពត និងកែប បច្ចុប្បន្ន​នេះមិនមានច្រើនទេ​ ប៉ុន្តែអ្នកវិនិយោគលើវិស័យដីធ្លីដែលចូលមកកាន់ទឹកដីខេត្តកំពត និងកែប គឺជា​អ្នកដែល​ស្វែងរកទិញដីពិត​ប្រាកដដោយទិញ​សម្រាប់ទុក​អភិវឌ្ឍន៍​ ឬទិញដើម្បីវិនិយោគ​ក្នុងរយៈពេលវែង ខុសពី​ប៉ុន្មានឆ្នាំមុន អ្នកទិញដី​ភាគច្រើនទិញទុកលក់​ចំណេញភ្លាមៗ។​

លោក​ វណ្ណ ធី ជាភ្នាក់ងារអចលនវត្ថុមួយរូប​ប្រចាំខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា​ បើទោះបីជាស្ថិ​ត​នៅក្នុងកាលៈទេសៈណា​ក៏ដោយ ខេត្តព្រះសីហនុ នៅតែជាខេត្តដែលមានការ​ចាប់អារម្មណ៍​ពីសំ​ណា​ក់​​វិនិ​​យោគិន​ ក្នុង​ចំណោមតំបន់ជា​ប់មាត់​សមុទ្រ​កម្ពុជា ដោយឃើញថា​ វិនិយោគិនបរទេសជា ពិសេស​មកពីប្រទេស​ចិន នៅតែបន្ត​ស្វែងរកកា​រវិនិយោគលើឧស្សាហកម្ម ដោយស្វែងរកទីតាំងក្នុងតំបន់​សេដ្ឋកិច្ច ដូច្នេះហើយទើប​នៅខេត្តព្រះសីហនុមានការ​វិនិយោគលើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីៗ​ជា​បន្តបន្ទាប់។

លោក​បានបន្តថា​ តាមរយៈកម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ ក៏បានធ្វើឱ្យខេត្តមួយនេះ នៅតែ​បន្តទទួលបានគម្រោងវិនិយោគជា​បន្ត​បន្ទាប់ ដើម្បីទទួល​បានការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល ហើយក៏បានធ្វើឱ្យ​អគារ​ជាប់គាំង ​និង​ដីធ្លីដែលនៅទំនេរ ​ត្រូវ​បានទិញលក់​ដោះដូរ ​ដើម្បីត្រៀមស្វាគមន៍វិនិយោគិនថ្មីៗ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា