ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២០២៦ នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។

Advertisement

សន្ទុះ​នេះ​បន្ទាប់​​ពីប្រទេស​កម្ពុជា​ត្រូវគេដឹងថា បាន​រង​ការបង្កជម្លោះពី​ប្រទេសថៃ។ ហើយ​ប្រទេសជិតខាងកម្ពុជា​មួយ​នេះ​បាន​បិទព្រំដែន​គោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគី។

នៅ​មិនទាន់មានរបាយការណ៍ផ្លូវការ​ណាមួយ​ពី​ក្រសួងទេសចរណ៍កម្ពុជា​នៅឡើយ​ស្តីពី​ទេសចរធ្វើ​ដំណើរកម្សាន្តទៅកាន់​ប្រទសវៀតណាម​នោះ។ ប៉ុន្តែ លោកជំទាវ ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានកត់សម្គាល់ពីសន្ទុះទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ មានការកើន​ឡើង ក្រោយពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ បញ្ជាក់ថា កត្តាជាតិនិយមដែលកើតឡើងពីជម្លោះព្រំដែនខ្មែរ-ថៃ និងការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ បានធ្វើឲ្យទេសចរខ្មែរ បង្វែទិសដៅពីប្រទេសថៃ ហូរចាក់ទៅវៀតណាម ច្រើនជាងមុន។ ម្យ៉ាងវិញទៀត វៀតណាម គឺជាប្រទេសក្នុងតំបន់ជិតខាងគ្នា ងាយធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលធ្វើឲ្យចរន្តនៃការចំណាយមិនសូវខ្ពស់ដូចប្រទេសដទៃ។

កំណើនទេសចរកម្ពុជា ទៅប្រទេសវៀតណាម បានបង្ហាញពីសក្ដានុពលខ្លាំងនៃតម្រូវការការធ្វើដំណើរក្នុងតំបន់ ស្របពេលដែលប្រទេសជិតខាងទាំងពីរនេះបានពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា។ ទេសចរកម្ពុជា ដែលទៅប្រទេសវៀតណាម ភាគច្រើន ជាទេសចរណ៍ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ការដើរទិញឥវ៉ាន់ និងការផ្លាស់ប្តូរអាជីវកម្ម។ នេះបើយោងតាមសារព័ត៌មាន VN Express ដែលចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ ទី​ ៨ ខែមិថុនា នេះ។

លោក Pham Anh Vu អគ្គនាយករងនៃក្រុមហ៊ុន Viet Tourism Media JSC បាននិយាយថា ប្រទេសកម្ពុជានៅតែជាទីផ្សារអន្តរជាតិដែលមានស្ថិរភាព ហើយភ្ញៀវទេសចរកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម មិនត្រឹមតែសម្រាប់ការកម្សាន្ត និងទស្សនា ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការដើរទិញឥវ៉ាន់ ការសួរសុខទុក្ខសាច់ញាតិ ការព្យាបាល និងពិនិត្យសុខភាព ផងដែរ។

កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងកម្ពុជា បានទទួលលទ្ធផលជាវិជ្ជមាន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគាំទ្រដោយការតភ្ជាប់ការដឹកជញ្ជូនកាន់តែងាយស្រួល។ លោក Pham Anh Vu យល់ឃើញថា​ កម្ពុជានឹងអាចក្លាយជាប្រភពចំណូលទេសចរណ៍ដ៏គួរឱ្យទុកចិត្ត និងនិរន្តរភាពបំផុតមួយសម្រាប់ប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាម VN Express វៀតណាម បានស្វាគមន៍ភ្ញៀវទេសចរណ៍ពីកម្ពុជា ជាង ៤០ ម៉ឺន ២ ពាន់នាក់ ក្នុងឆ្នាំ ២០២៣ កើនដល់ជាង ៤៧ ម៉ឺន ៤ ពាន់នាក់ ក្នុងឆ្នាំ ២០២៤ និងបានឈានដល់ជាង ៦៨ ម៉ឺន ៧ពាន់នាក់ ក្នុងឆ្នាំ ២០២៥។ ប្រទេសវៀតណាម បានដាក់ប្រទេសកម្ពុជា ក្នុងចំណោមទីផ្សារទេសចរណ៍ដ៏សំខាន់បំផុតរបស់ខ្លួន៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា