ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ភ្នំពេញ ៖ ក្រោយការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ប្រជាពលរដ្ឋកម្ពុជាបានចូលរួមទៅតាមលទ្ធភាពជាមួយ​រាជរដ្ឋាភិបាល ​ដើម្បីតតាំងសត្រូវ។ អាវុធដ៏មានប្រសិទ្ធភាពមួយ ដែលពលរដ្ឋកម្ពុជាបានប្រើប្រាស់ គឺពហិការទំនិញគ្រប់​ប្រភេទរបស់ថៃ ព្រោះពលរដ្ឋកម្ពុជាមិនចង់ឲ្យថៃយកប្រាក់ចំណេញពីកម្ពុជាទៅប្រើប្រាស់ដើម្បីវាយប្រហារលើកម្ពុជាវិញនោះឡើយ។ តែឆ្លងកាត់តាមពេលវេលា សន្ទុះនៃការគាំទ្រផលិតផល​ក្នុងស្រុក​ហាក់​មិន​សូវខ្លាំងក្លាដូចពេលផ្ទុះសង្គ្រាមនោះឡើយ ខណៈដែលទំនិញពីប្រទេសផ្សេងៗទៀតក៏បានច្រៀតចូលមកប្រកួត​ប្រជែងទីផ្សារផងដែរ។
 
អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក។ ទោះបីយ៉ាងណា ​ក្រុមអាជីវករមួយចំនួនបានអះអាងថា ការលក់ដូរផលិតផលជាតិបានថយចុះមកវិញខ្លះ ពោលគឺមិនខ្លាំងក្លាដូចកាលពីផ្ទុះសង្គ្រាមដំបូងនោះឡើយ។

Advertisement


 
អ្នកស្រី គឹម ស្រីរ័ត្ន ម្ចាស់អាជីវកម្ម «ខេបូម៉ាត» បានកត់សម្គាល់ថា ពលរដ្ឋខ្មែរនៅតែបន្តពហិការទំនិញថៃយ៉ាងសកម្ម ដោយពួកគេប្រុងប្រយ័ត្នពិនិត្យមើលអក្សរ ឬស្លាកសញ្ញាសម្គាល់ផលិតផលថៃមុននឹងទិញ ចំពេលដែលម៉ាតរបស់អ្នកស្រីផ្ទាល់ក៏បានបញ្ឈប់ការដាក់លក់ទំនិញថៃផងដែរ។ ទោះជាយ៉ាងណា ម្ចាស់ម៉ាតរូបនេះបានគូសបញ្ជាក់ថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ន បានថយចុះជាបន្តបន្ទាប់ បើធៀបនឹងកំឡុងពេលផ្ទុះជម្លោះព្រំដែនដំបូង។ អ្នកស្រី ស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុកឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពអ្នកផលិត និងជំរុញសេដ្ឋកិច្ចជាតិ។
  
ដូចគ្នានេះដែរ អ្នកស្រី ហែល មិនា អាជីវករនៅផ្សារអ្នកលឿងថ្មី បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាឈប់ប្រើប្រាស់ទំនិញថៃ បន្ទាប់ពីអ្នកស្រីសង្កេតឃើញថា ពលរដ្ឋមួយចំនួននៅតែបន្តគាំទ្រ ហើយទំនិញថៃក៏នៅតែបន្តមានការនាំចូលមកកាន់ទីផ្សារនៅឡើយ។

  
កញ្ញា ញឹម តូចរ៉េននីកា សិល្បការិនីនៅខេត្តកំពង់ចាម បានឈប់ប្រើផលិតផលថៃក្រោយមានជម្លោះ ដោយជំនួសប្រើផលិតផលចិន កូរ៉េ និងផលិតផលខ្មែរ។
 
 
ជាការកត់សម្គាល់ បើទោះបីជាអាជីវករ និងម្ចាស់ម៉ាតមួយចំនួន អះអាងថាការលក់ដូរមានការថយចុះក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើននៅតែបន្តប្តេជ្ញាចិត្តគាំទ្រផលិតផលក្នុងស្រុក និងប្រកាសពហិការទំនិញថៃយ៉ាងដាច់អហង្ការ។

 
ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅតែបន្តចលនាពហិការទំនិញថៃយ៉ាងសកម្ម សេដ្ឋកិច្ចថៃកំពុងប្រឈមមុខនឹងការដាំក្បាលចុះ ហើយក្រុមហ៊ុនថៃធំៗបានសម្រេចចិត្តដកខ្លួន ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់។ ការឈ្លានពានមិនទាន់បានបញ្ចប់ទេ ទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជាក៏មិនបានថមថយដែរ ហើយចលនាធ្វើពហិការទំនិញថៃក៏ទំនងជាបន្តទៅមុខយូរអង្វែងទៀត៕ ដោយ ៖ ទួន សុផល + ជាវ ចន្ធូ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា