កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹង​វិស័យ​ដឹកជញ្ជូន​កម្ពុជាឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញទៅកាន់គោលដៅទាំងនៅក្នុងស្រុក និងនាំចេញ​ទៅក្រៅ​ប្រទេស​នា​ពេល​ឆាប់ៗ​ខាងមុខ។

Advertisement

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការនូវកំណាត់​ផ្លូវ​ជាតិ​លេខ​៧ ពីរ​ង្វង់​មូល​ផ្សារ​ស្គន់​ឆ្ពោះ​ទៅ​ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា បានមាន​ប្រសាសន៍ថា កម្ពុជា​នឹង​រៀបចំ​ស្តាររទន្លេ​ពីភ្នំពេញ​កាត់​តាម​ទន្លេ​មេគង្គ ឆ្ពោះ​ទៅកាន់​កំពង់ផែ​ពហុ​បំណង​ខេត្ត​ក្រចេះ រួម​នឹង​ការ​ស្តារ​ទន្លេ​សម្រួល​ដល់​នាវាចរ​ដឹក​ទំនិញ​ធុន​ធ្ងន់ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កំពង់​ផែ​ទន្លេសាប ខេត្តកំពង់ឆ្នាំង ដើម្បី​តភ្ជាប់​កំពង់ផែ​ទាំងពីរ​នេះ​មក​កាន់​ព្រែក​ជីក​ហ្វ៊ូណន​តេជោ​ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​បន្ត​ឆ្ពោះ​ទៅកាន់​កំពង់​ផែ​សមុទ្រ​កម្ពុជា និង​បន្ត​ទៅ​កំពង់​ផែ​សមុទ្រ​អន្តរជាតិ។

សម្តេច​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖

«ឥឡូវ​យើង​មាន​គម្រោង​ស្តារ​ពីភ្នំពេញឡើង​ទៅកំ​ពង់ឆ្នាំង​ បន្តឡើងមក​មួយផ្នែក​នៃ​ខេត្តកំពង់ចាម​តាម​ទន្លេ​មេគង្គ…. ចឹង​ទៅ​ថ្ងៃ​មុខ​យើង​នឹង​ស្តារ​រហូត​ទៅដល់​ក្រចេះ ដើម្បី​ភ្ជាប់​ពីកំ​ពង់​ផែ​ពហុ​បំណង​ខេត្តក្រចេះ ចឹង​តាម​បណ្តោយផ្លូវនឹងមាន​ផែសម្រាប់ដឹកទំនិញ ទាំងនៅទន្លេសាប ទាំងនៅទន្លេមេគង្គ​ដូចគ្នា»។

លោក​ឧកញ៉ា ស៊ិន ចន្ធី អគ្គ​នាយក​ក្រុម​ហ៊ុន Line​haul Express និង​ជា​អនុ​ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា​បានមើល​ឃើញ​ថា នៅ​ពេល​ព្រែក​ជីក​ហ្វ៊ូ​ណន​ស្ថា​ប​នា​ចប់​រួច​រាល់ កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ ជា​ពិសេស​តាម​ទន្លេ​មេគង្គ​លើ​ដែល​តភ្ជាប់​ទៅ​បណ្តា​ខេត្ត​មួយចំនួន នឹង​បង្កើត​បាន​នូវ​កំពង់ផែ​តូចៗ​តាម​ផ្លូវ​នោះ​ជាច្រើន​ទៀត ដើម្បី​ទទួល​នូវ​ផលិត​ផល​កសិកម្ម​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ដឹក​ចូល​មក​ព្រែក​ជីក​ហ្វ៊ូណន​ឆ្ពោះ​ទៅ​កំពង់​ផែ​ទឹកជ្រៅ​ខេត្ត​កំពត​ និង​កំពង់​ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះ​សី​ហនុ​ជា​ដើម​។

លោកបន្តថា ការ​តភ្ជាប់​ផ្លូវទឹក​មាន​សារៈ​សំខាន់​បំផុត​ ជំរុញ​ទៅ​ដល់​ការ​ដឹក​ជញ្ជូន ​និង​ការ​ធ្វើ​ឡូ​ជី​ស្ទីក​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​សេដ្ឋកិច្ច។ ឡូជីស្ទីកក៏​មាន​សារៈ​សំខាន់​ណាស់ដែរ ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​ផលិត​ផល​កសិកម្ម​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ​ផ្លូវគោក ​និង​ផ្លូវ​អាកាស​ ។

លោកឧកញ៉ាបញ្ជាក់ថា ៖

«ក្នុង​​និ​យាម​នៃការ​ដឹក​ជញ្ជូន​ទំនិញ​ដែល​មាន​ទំហំ ​និង​ទម្ងន់​ស្មើគ្នា ​​បើ​យើង​ដឹក​តាម​ផ្លូវ​ទឹក​ចំណាយ​ ១​ដុល្លារ ​តែបើ​ដឹក​តាម​រថភ្លើង​យើង​ចំណាយ​ ២ដុល្លារ​ ហើយ​បើ​ដឹក​តាម​រថយន្ត​យើង​ចំណាយ​រហូត​ដល់ ៦​ដុល្លារ ​ទៅ​ ៨​ដុល្លារ​ ដូច្នេះ ​និយាម​នេះ​ឃើញ​ថា ​ការដឹកជញ្ជូន​តា​ម​ផ្លូវ​ទឹក​មាន​តម្លៃ​​ទាប និងជំរុញ​ដល់​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់​»។

ឯកឧត្តម ផ​ន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានមាន​ប្រសាសន៍​ថា  វឌ្ឍនភាព​ព្រែក​ជីក​ហ្វ៊ូណន​តេ​ជោ បាន​ និងកំពុង​ដំណើរ​ការ​ទៅមុខស្រប​ទៅតាម​ផែន​ការដែល​បាន​គ្រោង​ទុក ហើយ​តំ​ណាក់​កាល​នេះ​គឺ​ស្ថិត​ក្នុង​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ធ្វើឡើង​តាម​យន្ត​ការ​រដ្ឋា​ភិ​បាល​ ដែល​ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​។

យោងតាម ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ​ និង​ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣​ រាជរដ្ឋាភិបាលនឹង​អភិវឌ្ឍ​មូលដ្ឋាន​ឡូជីស្ទីក​សំខាន់ៗ​ចំនួន​ ១១ កន្លែង​នៅ​ទូទាំងប្រទេស។ ផែនការមេ​នេះ​មាន​គោល​ដៅ​តម្រង់ទិសការអភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក​ សំដៅ​លើក​កម្ពស់​ការ​តភ្ជាប់​របស់​កម្ពុជា​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ដែល​ឈាន​ដល់​ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក​ លើក​កម្ពស់​សមាហរណកម្ម​កម្ពុជា​ក្នុង​តំបន់​ និង​សកល​លោក​ ព្រម​ទាំង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា