វិស័យ​អចលនទ្រព្យកម្ពុជារំពឹងថានឹងកើនឡើង​ត្រឹម ០,៦ ភាគរយ​ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យ​អចលនទ្រព្យកម្ពុជារំពឹងថានឹងកើនឡើង​ត្រឹម ០,៦ ភាគរយ​ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ​

វិស័យ​អចលនទ្រព្យកម្ពុជារំពឹងថានឹងកើនឡើង​ត្រឹម ០,៦ ភាគរយ​ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ​

ភ្នំពេញ ៖ ឆ្នាំ ២០២៦ នេះ វិស័យអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅតែបន្ត​មានកំណើន​យឺត​ ដោយមិនទាន់មានសន្ទុះងើបឡើងខ្ពស់​នៅឡើយ ហើយបើតាមការរំពឹង​ទុករបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យ​នេះ អាច​នឹងឡើង​ត្រឹម ០,៦ ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ។

Advertisement

បើតាម​ក្របខ័ណ្ឌហិរញ្ញវត្ថុ​សាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៧-២០២៩ ​របស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៦ វិស័យអចលនទ្រព្យ​នៅតែបន្ត​មាននិន្នាការ​ថមថយ ដោយ​រំពឹងថា​វាមានកំណើ​ន​ក្នុងអត្រា ០,៦ ភាគរយ​ប៉ុណ្ណោះ ដោយសារ​កម្មវិបាក​ជា​អវិជ្ជមាន​នៃភាពមិនប្រាកដ​ប្រជា​នៃកត្តា​សេដ្ឋកិច្ច និងផលរំខាន​នៃការ​បង្ក្រាប​ និងទប់ស្កាត់​សកម្មភាពឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុង​រយៈពេលខ្លះ មកលើ​សកម្មភាពទិញ-លក់ ជារួម​ ជាពិសេស​អគារិយាល័យ និងអគារ​ប្រើប្រាស់ចម្រុះ។

ទោះជា​យ៉ាងនេះក្ដី ការ​បន្ត​អនុវត្តវិធានការ​ ៨ ចំណុច​ ជាពិសេស​លើការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះការ​ទិញ-លក់​ និងផ្ទេរ​កម្មសិទ្ធិ​លំនៅឋាន មានតម្លៃក្រោម ២១ ​ម៉ឺន​ដុល្លារអាម៉េរិក ក៏រំពឹងថា ជួយគាំពារ​កំណើន​នៃវិស័យនេះ។​

បើតាម​ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ វិស័យ​អចលនទ្រព្យ​ ត្រូវ​បាន​វាយតម្លៃថា​បន្ត​មានកំណើន​យឺតដូចគ្នា​ ដោយសារតែបន្ត​ថមថយ​ចរន្ត​ទិញ-លក់ និងជួលអចលនវត្ថុ​ថ្លៃខ្ពស់ ប៉ុន្តែកំណើជារួម​ត្រូវ​បានគាំទ្រ​ ដោយសកម្មភាពទិញ-លក់​ជួលអចលនវត្ថុ​ថ្លៃសមរម្យ ពោលទាំង​លំនៅឋាន និង​ខុនដូ ស្របពែលដែលមានការជួលឃ្លាំង និងដី បម្រើឱ្យវិស័យ​ឧស្សាហកម្ម​ក៏នៅតែបន្ត​មាននិន្នាការ​ល្អ។​

លោកឧកញ៉ា សន សៀប ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា​ បើនិយាយជារួម ​វិស័យអចលនទ្រព្យ​វាពិតជា​មានផលប៉ះពាល់​ពិត​មែន ប៉ុន្តែបើនិយាយដោយឡែក ចំពោះអចលនទ្រព្យ​ដែលមានតម្រូវការជាក់ស្ដែង​ និង​ស្ថិតនៅទីតាំង​ដែល​មានសក្ដានុពល​ វានៅតែ​អាច​ទាញចំណូលដល់ម្ចាស់អចលនទ្រព្យនោះបានដដែល។

លោកឧកញ៉ា បានបន្តថា ជាក់ស្ដែង​ អចលនទ្រព្យដែល​​​មានទីតាំង​ស្ថិតនៅទីប្រជុំ​ជន​ នៅតែមានតម្រូវការ​សម្រាប់ប្រើប្រាស់​ ដូចជា​សម្រាប់​បើកអាជីវកម្មនានា​ ហើយតួយ៉ាង​នៅផ្លូវ ​៦០ ម៉ែត្រ​បច្ចុប្បន្ន​នេះ បើទោះបីជា​តំបន់​ផ្សេងទៀតកំពុង​មានបញ្ហា​តែ​នៅតំបន់ផ្លូវ​ ៦០ ម៉ែត្រ​មានតែឡើងថ្លៃ។

អ្នកស្រីអាន សុធីតា​ នាយិកាប្រតិបត្តិ​នៃក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៦​ លំហូរ​នៃការទិញលក់អចលនទ្រព្យនៅតែមាន​ ប៉ុន្តែទីផ្សារ​ហាក់រឹត​ត្បិត​ជា​ងឆ្នាំមុន។ អចលនទ្រព្យ​ដែលអាចលក់​បាន​ គឺត្រូវតែជាទ្រព្យដែលល្អ ពោលគឺសំដៅដល់ទីតាំង​ល្អ អ្នកទិញ គេទិញហើយ​អាច​បង្កើតអាជីវកម្ម​ផ្ដល់ចំណូលបាន ដូចជា​ចំណូលពីការជួល ចំណូលពីប្រើប្រាស់​សម្រាប់ជា​ប្រយោជន៍ផ្សេងៗ។

អ្នកស្រីមានប្រសាសន៍ថា​៖

“ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៦ ​នេះ លែងផ្ដោតលើ​ទីផ្សារ​ដែលមានតម្លៃខ្ពស់ទៀត​ហើយ គឺផ្ដោតលើ​ទីផ្សារអចលនទ្រព្យ​ដែលមានតម្លៃមធ្យម​ និងសមរ​ម្យ​ ដូច្នេះអ្នកអភិវឌ្ឍន៍​អចលនទ្រព្យក៏គួរតែផ្ដោតលើ​ទីផ្សារទាំងនេះ។”

លោក ​ចេង វុទ្ធី នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​អចលនទ្រព្យ​ INVA Real Estate ក៏បានថ្លែង​ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ស្ថានភាពអចលនទ្រព្យ​នៅកម្ពុជា​ឆ្នាំ ២០២៦ នេះ វានឹងបន្ត​ងើបឡើងវិញ​ ហើយក៏ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នកអភិវឌ្ឍន៍ អាចជ្រើសរើស​ទីតាំងអចលនទ្រព្យ​ដែលមានសក្ដានុពល​សម្រាប់អភិវឌ្ឍន៍រកប្រាក់ចំណេញនៅពេលអនាគត។​

យោងតាម​វិទ្យាស្ថានជាតិស្ថិតិ​ និង​ក្រសួងសេ្ដឋកិច្ច​ហិរញ្ញវត្ថុ​ ​បានបង្ហាញទស្សន​វិស័យសេដ្ឋកិច្ចកម្ពុជា​តាមវិស័យ​ ដោយក្នុង​នោះក៏បានបង្ហាញពីស្ថានភាពវិស័យ​អចលនទ្រព្យ​អាច​នឹង​មានកំណើនខ្ពស់ឡើងវិញជា​បន្តបន្ទាប់​នៅឆ្នាំ ២០២៧ ដោយរំពឹងថា​ឆ្នាំ ២០២៧​ នឹងកើនឡើង ០,៩ ភាគរយ ឆ្នាំ ២០២៨ កើនឡើង​ ១,៧ ភាគរយ ហើយឆ្នាំ ២០២៩​ នឹង​កើនឡើង​ដល់ ​២,៩ ភាគរយ៕  

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា