សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

លោក ខាស៊ី បាណេត អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាចក្ខុវិស័យ វាមិនខុសនោះទេ តែត្រូវយកចិត្តទុកដាក់លើកំណែទម្រង់ជំរុញសេដ្ឋកិច្ច។

Advertisement

លោក ខាស៊ី បាណេត បានលើកឡើងថា មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែល សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។

សេដ្ឋកិច្ចរបស់ប្រទេសមួយគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីម្នាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត  ២,៥ ក្នុងស្ត្រីម្នាក់។ ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល ៧៥ ឆ្នាំទៅមុខ។ ទោះជា យ៉ាងណាក៏ដោយ អត្រាកំណើតរបស់កម្ពុជាបានថយចុះពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម ២,៥ ក្នុងឆ្នាំ ២០២៥។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា អត្រាកំណើតរបស់ប្រជាជនកម្ពុជា នឹងថយចុះមកត្រឹម ១,៨ នៅឆ្នាំ ២១០០។ ប្រសិនបើអត្រាកំណើតរបស់កម្ពុជាថយចុះដូចការព្យាករណ៍របស់អង្គការសហប្រជាជាតិកម្ពុជានឹងដើរក្រោយប្រទេសថៃជារៀងរហូត។

ដើម្បីសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខដែនអធិបតេយ្យ​ភាព កម្ពុជាត្រូវចាត់វិធានការដើម្បីរក្សាអត្រាកំណើត​ប្រជាជន របស់ខ្លួន។ យោងតាមបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបបង្ហាញថា នៅពេលដែលអត្រាកំណើត ប្រជាជន​ធ្លាក់ចុះដល់ ១,៥ នោះការលំបាកក្នុងការស្រោចស្រង់សេដ្ធកិច្ចនឹងកើតមានឡើង។ ខាងក្រោមនេះជា សកម្មភាពគោលនយោបាយ ចំនួនប្រាំមួយ ដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្ម៖

១. ការឈប់សម្រាកមាតុភាពរយៈពេល ៦ ខែ៖ រដ្ឋាភិបាលអាចពន្យារពេលឈប់សម្រាកមាតុភាពពីបីខែ ទៅប្រាំមួយខែ។ ការណ៍នេះក៏នឹងជួយគាំទ្រដល់សុខភាពទារក និងការអភិវឌ្ឍខួរក្បាល តាមរយៈរយៈពេលបំបៅដោះកូនកាន់តែយូរផងដែរ។ លើសពីនេះ វានឹងជួយឱ្យស្ត្រីបន្តស្ថិតនៅក្នុងកម្លាំងពលកម្ម ហើយប្រទេសជាតិក៏អាចទទួលបានផលប្រយោជន៍ពីកម្លាំងពលកម្ម និងផលិតភាពរបស់ពួកគាត់ផងដែរ។

២. បណ្ណមានតម្លៃ ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា៖ បេឡាជាតិរបបសន្តិសុខសង្គម (បសស) គួរតែចេញគូប៉ុងថែទាំកុមារតម្លៃ ១០០ដុល្លារតាមប្រព័ន្ធឌីជីថលសម្រាប់ កុមារទើបនឹងកើតទាំងអស់ ក្នុងមួយខែ ១បណ្ណ ចំពោះទារកចាប់ពីអាយុ ១៣ខែដល់ ៦៩ខែ។ បណ្ណទាំងនេះអាច ត្រូវបានផ្តល់ជូនទៅមណ្ឌលថែទាំកុមារឯកជន ឬសាលាមត្តេយ្យណាមួយ ដែលមាតាបិតាអាចដាក់ស្នើ បណ្ណទាំងនេះជូន ទៅ បសស ដើម្បីទូទាត់ឱ្យ។

ការអនុញ្ញាតឱ្យប្រើបណ្ណទាំងនេះមានសារសំខាន់សម្រាប់ទូទាត់ទៅមណ្ឌលថែទាំកុមារឯកជនណាមួយ។ ការសាកល្បងប្រើប្រាស់វិធីសាស្ត្រនេះនៅប្រទេសកម្ពុជាធ្លាប់ធ្វើពីមុនមកដែលមានបណ្ណប្រើប្រាស់ សម្រាប់​មណ្ឌលថែទាំ របស់រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល មានការប្រើប្រាស់ប័ណ្ណគូប៉ុងនេះត្រឹមតែ 5.4% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅប្រទេសដទៃទៀត គេអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសកន្លែងក្នុងចំណោមសាលាមត្តេយ្យឯកជនណាមួយ មានការប្រើប្រាស់ប័ណ្ណគូប៉ុងមានប្រមាណជាង 66%។

វាជារឿងសំខាន់ដែលឪពុកម្តាយត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមណ្ឌលណាមួយ ក្នុងបណ្តាមណ្ឌលថែទាំកុមារ ឯកជន ដែលពួកគេគិតថាល្អបំផុតសម្រាប់ពួកគេ។ ប្រសិនបើអនុវត្តវិធីសាស្រ្តនេះ ការប្រើប្រាស់បណ្ណគូប៉ុងអាច កើនឡើងដល់ 15%។

៣. ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូន៖ ខណៈពេលដែល ប.ស.ស ផ្ដល់ការគាំទ្រដល់មាតាមានផ្ទៃពោះដើម្បីសម្រាលកូននោះ មិនបានរាប់បញ្ចូលថ្លៃ ព្យាបាលក្នុងការបង្កកំណើត ដើម្បីជួយស្ត្រីមានផ្ទៃពោះនោះទេ។ ស្ត្រីនៅកម្ពុជាបច្ចុប្បន្នមានរយៈពេលអប់រំកាន់តែ ខ្ពស់ និងមានអាជីពជោគជ័យ​ នេះមានន័យថា ស្ត្រីភាគច្រើនកំពុងតែមានកូននៅក្នុងវ័យដែលមានអាយុច្រើន ដែលអាច ផ្តល់ភាពលំបាកដល់សុខភាពសម្រាប់ស្ត្រីមួយចំនួន។ ដូច្នេះ កម្ពុជាអាចជួយរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ដោយរ៉ាប់រងថ្លៃព្យាបាលក្នុងការបង្កកំណើត។

៤. ប្រាក់រង្វាន់ ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ៖ ការស្រាវជ្រាវនៅក្នុងប្រទេសដទៃបានបង្ហាញថា ប្រាក់រង្វាន់សម្រាប់កូនដំបូងមិនបានបង្កើនអត្រាកំណើតនោះ ទេ។ វាគ្រាន់តែធ្វើឱ្យមាតាបិតាមានកូនដំបូងលឿនជាងបន្តិចប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ និងការគាំទ្រ ដល់ការបង្កើតកូនទីពីរ ឬទីបីអាចផ្តល់ប្រសិទ្ធភាពក្នុងការបង្កើនអត្រាកំណើត។

៥. ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន៖ ដើម្បីរក្សាអត្រាកំណើត និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរតែចៀសវាងការជ្រើសរើសទាហានដោយប្រើការ បង្ខិតបង្ខំ។ ប្រសិនបើកម្ពុជាតម្រូវឱ្យបុរសអាយុ ១៨ ឆ្នាំទាំងអស់ចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំនោះនឹងមាន ការកាត់បន្ថយភ្លាមៗនូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៥% ជារៀងរាល់ឆ្នាំ ដោយសារការដក កម្លាំងបុរសរហូតដល់ ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសទាហាន ដោយបង្ខិតបង្ខំអាចបណ្តាលឱ្យមាន ថយចុះនូវផលិតភាពនៅក្នុងជីវិត និងប្រាក់ចំណូលផងដែរ។

ការជ្រើសរើស ទាហានដោយមានការបង្ខិតបង្ខំធ្វើឱ្យយុវជនពន្យារពេលការទទួលបានការអប់រំជំនាញដែលពួកគេចូលចិត្ត ដូចជា បច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្ម។ លើសពីនេះ ការបម្រើក្នុងជួរយោធាត្រូវបានបង្ហាញថាធ្វើឱ្យមានការយឺតយ៉ាវក្នុង ការរៀបអាពាហ៍ពិពាហ៍។

៦. ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ៖ ដោយសារការចាកចេញទៅក្រៅប្រទេសមានការកើនឡើងជារៀងរាល់ឆ្នាំ កម្ពុជាបានបាត់បង់កម្លាំងអ្នកធ្វើការ និង ពលកររហូតដល់ ៣០.០០០ នាក់ ។  ចំនួន​ជនជាតិ​កម្ពុជា​ដែល​មាន​ការ​អប់រំ​ខ្ពស់ភាគច្រើនគឺ​រស់នៅ​ក្រៅប្រទេស ​ប្រមាណជា ៣៦០.០០០ នាក់​ដែលកំពុងរស់នៅក្នុង​សហរដ្ឋអាមេរិក។

ដើម្បីទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់ មកប្រទេសវិញ ស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសនីមួយៗ គួរតែផ្តល់គោលដៅ KPI ដើម្បីចេញជាលិខិតឆ្លងដែនដល់ប្រជាជនកម្ពុជាមួយចំនួនជារៀងរាល់ឆ្នាំ។ ធ្វើដូច្នេះ នឹងជួយជំរុញស្ថានទូតកម្ពុជាឱ្យមានការសកម្មក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ។

កម្ពុជាក៏ត្រូវការទាក់ទាញអ្នកជំនាញ និងដែលមានការអប់រំខ្ពស់មួយចំនួនពីប្រទេសដទៃផងដែរ។ កម្ពុជាអាច ចេញជាទិដ្ឋាការរយៈពេល ១០ ឆ្នាំ និងទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់អ្នកជំនាញ មកពីប្រទេសអភិវឌ្ឍន៍ មួយចំនួនដែលបានជ្រើសរើស។ បច្ចុប្បន្ន កម្ពុជាមានតែទិដ្ឋាការរយៈពេល ១ ឆ្នាំប៉ុណ្ណោះ ហើយជួនកាលវាពិបាក ក្នុងការទទួលបានទិដ្ឋាការសម្រាប់ប្តីប្រពន្ធ ឬសាច់ញាតិផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាអាចលុបចោល កូតាលើកម្លាំងពលកម្មរបស់ជនជាតិបរទេសដែលបានបំរើអាជីវកម្មនៅក្នុងប្រទេសដែលមានបុគ្គលិកតិចជាង ២០ នាក់។

ទន្ទឹមនេះ មានសំនួរថា តើត្រូវចំណាយដោយរបៀបណាលើការរៀបចំគោលការណ៍ទាំងនេះ? លោក ខាស៊ី បាណេត បានថ្លែងដូច្នេះ៖ «ដើម្បីផ្តល់ថវិកាសម្រាប់គោលនយោបាយទាំងនេះ យើងអាចបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពង្រីកការប្រមូលពន្ធអចលនទ្រព្យឱ្យគ្របដណ្តប់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ ០,១% នៃ ៨០% នៃតម្លៃទីផ្សារនៃអចលនទ្រព្យប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ពន្ធអចលនទ្រព្យប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី ០,៥% ទៅ ២%»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា  បានលើកឡើងថា៖ បើ​យោង​តាម​តួលេខ និង​ទិន្នន័យ​ លោក​សង្កេត​ឃើញ​ថាអ្វី​ដែល​លោក ខាស៊ី បាណេត បញ្ជាក់​គឺត្រឹមត្រូវ ដូចជា   គម្លាត​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សង្កេត​ឃើញ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន ហើយ​សេដ្ឋកិច្ច​ថៃ​ឃើញ​មាន​ថមថយ​ជា​បន្តបន្ទាប់។ លោកសង្កេត​ឃើញ​ថ្មីៗ​នេះ ក៏​មាន​ការ​លើក​ឡើង​អំពី​ការ​ស្រុត​ចុះ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ថៃ ហើយ​ឃើញ​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោកបានបន្តថា ប្រជាជនថៃមានប្រជាជនជាង ៨០ លាននាក់ និងទឹកដីធំជាងកម្ពុជា ចំណែកកម្ពុជាយមានតែជាង ១៧ លាននាក់ ក្នុងនោះ កម្លាំង Gen Z កម្ពុជាក៏នៅមានកម្រិតទាប កម្លាំងពលកម្ម ក៏នៅតិចជាងថៃ។ តែសេដ្ឋកិច្ចកម្ពុជា មានកំណើន ឯថៃកើនតិចតួច។ អ្វីដែលលោកខាស៊ី បាណេត លើកឡើងគ្រាន់តែជាចក្ខុវិស័យ វាមិនខុសទេ តែបើកម្ពុជាខិតខំខ្លាំង ធ្វើគោលនយោបាយនិងកំណែទម្រង់ជំរុញសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងខ្លាំង។

លោកបានថ្លែងថា៖

“បើសិនជាយើងខិតខំពីអំណឹះតទៅ ខិតខំកសាង ខិតខំសន្សំចៃ ខិតខំធ្វើកំណែទម្រង់ការចំណាយសាធារណៈជាដើមនោះ យើងនឹងប្រមូលធនធានកម្រិតជាតិយើងឱ្យកាន់តែខ្លាំងក្លា ទោះបីជាប្រទេសយើងមានកម្លាំងប្រជាជនតិចជាងក៏ដោយ។ សម្រាប់កម្ពុជា យើងមើលសិង្ហបុរីជាបទពិសោធ ជាLesson Learn (ជាមេរៀន) ជាប្រទេសតូចប្រជាជនតិច តែខ្លាំង ។  យើងមើលតៃវ៉ាន់ ក៏មាន​ប្រជាជនមិនជាច្រើនពេកដែរ ប៉ុន្តែការកសាងសេដ្ឋកិច្ចរបស់គេវាលឿន។”

លោកបានបន្តថា៖

“អ៊ីចឹង កម្ពុជាមានម៉ូដែលជាច្រើន ដែលអាចធ្វើការរៀនសូត្រពីប្រទេសទាំងអស់នោះ។ យើងត្រូវមានប្រព័ន្ធរដ្ឋបាលសាធារណៈល្អប្រសើរ យើងត្រូវផ្ដោតតែទៅលើជាតិ គឺជាតិនិយមជាក់លាក់។ យើង ត្រូវទុកជាតិទាំងមូល ជាសម្បត្តិរួម តម្កល់សម្បត្តិជាតិជាធំ។ យើងគិតនិងចាប់ ផ្ដើមចាប់ពីឥឡូវនេះតទៅ អ៊ីចឹងរយៈពេលយូរឆ្នាំទៀត គឺកម្ពុជាអាចនឹងឈានទៅដល់ដូចបណ្ដាប្រទេសមួយចំនួនដូចជា សិង្ហបុរី តៃវ៉ាន់ និង អាចតាមទាន់ប្រទេសកូរ៉េ ជប៉ុន ក៏ថាបាន។



លោក ហុង វណ្ណៈ បានកត់សម្គាល់ថា តាមរយៈការលើកឡើងរបស់លោក ខាស៊ី បាណេត លោកមានសុទិដ្ឋិនិយមខ្លាំងមែនទែនទៅលើកម្ពុជា។ ពលរដ្ឋកម្ពុជា ក៏ចង់ឃើញឱ្យមានការរីកចម្រើនដូចអ្វីដែលលោកប្រធានសភាពាណិជ្ជកម្មអាមរិកបានលើកឡើង។ ក៏ប៉ុន្តែតថភាពជាក់ស្ដែង គឺប្រទេសកម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ។

លោកបានលើកឡើងថា៖បញ្ហាដែលសំខាន់បំផុតសម្រាប់កម្ពុជា គឺធនធានមនុស្ស។ ធនធានមនុស្ស គឺនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់។ ការកសាងធនធានមនុស្ស គឺទាមទារពេលវេលា ហើយទាមទារនូវការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជាតែម្ដង។ ចំណុចសំខាន់មួយទៀត គឺការលើកកម្ពស់នូវផលិតកម្មក្នុងស្រុក។ កម្ពុជាត្រូវធ្វើយ៉ាងណាឱ្យផលិតកម្មក្នុងស្រុករបស់ខ្លួនមានលក្ខណៈប្រកួតប្រជែង។ កាលណាផលិតកម្មក្នុងស្រុកមានលក្ខណៈប្រកួតប្រជែង គឺកម្ពុជាអាចនាំចេញទៅក្រៅប្រទេសបានកាន់តែច្រើន ហើយវាក៏ជួយកាត់បន្ថយនូវការនាំចូលពីក្រៅប្រទេសមកវិញផងដែរ។

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានប្រាប់ AMS Economy ថា

“យើងកំពុងរៀបចំគោលនយោបាយ និងកំណែទម្រង់ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច និងបង្កើនធនធានមនុស្ស ប៉ុន្តែសំខាន់យើងត្រូវពឹងលើការបង្កើនចំណូលនិងការទាក់ទាញវិនិយោគខាងក្រៅឲ្យបានកាន់តែច្រើន និងទំនុកចិត្ត។”

គួរជម្រាបថា៖ កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងឆ្នាំ ២០៥០ កម្ពុជា​នឹងមានចំនួនប្រជាជនចន្លោះពី ២០ ទៅ ២០,២ លាននាក់ ជាមួយផែនការបង្កើន​ទំហំផលិត​ផល​ក្នុងស្រុក​សរុប (GDP) ​ ២៧៦,៥ ពាន់​លានដុល្លារអាម៉េរិក​ ពិសេសរក្សា​កំណើន​សេដ្ឋកិច្ចឱ្យបានក្នុងរង្វង់ ៧ ភាគរយ ​ប្រចាំឆ្នាំ។ទន្ទឹមនេះ ធនាគារពិភពលោក (World Bank) សម្លឹងឃើញថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាត្រូវមានស្តង់ដារចំណូលជាតិសរុបសម្រាប់មនុស្សមា្នក់ ១៤,០០០ ដុល្លារ។អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា រយៈពេល ២៤ ឬ២៥ ​ឆ្នាំ​ខាងមុខ​នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ​ដើម្បី​កសាង​គ្រឹះសេដ្ឋកិច្ចជាតិឱ្យ​រឹងមាំ ​ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា