កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ភ្នំពេញ​៖​ ​កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ​។

​ពូជ​ស្វាយចន្ទី​ទាំង ៤ ​ប្រភេទ ​ដែល​ត្រូវ​បាន​ចុះបញ្ជី រួម​មាន​ M23​,​ M10​,​ ​H09 ​និង​ IM-4​។ ​ក្នុង​នោះ​ ​ពូជ​ ​M23 ​មាន​ប្រជាប្រិយភាព​ខ្ពស់​ ​ផ្តល់​ទិន្នផល​ល្អ ​គ្រាប់​ធំ ​និង​សមស្រប​សម្រាប់​ទីផ្សារ​កែច្នៃ​។ ​ពូជ​ ​M10 ​មាន​ភាពស៊ាំ ​និង​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ព្រមទាំង​ផ្តល់​ទិន្នផល​ស្ថិតស្ថេរ​ ​ខណៈ​ H09 ​ផ្តល់​គ្រាប់​មាន​គុណភាព​ល្អ ​និង​សមស្រប​នឹង​តំបន់​ដាំដុះ​ជា​ច្រើន​ក្នុង​ប្រទេស​។ ​ចំណែក​ IM-4 ​ជា​ពូជ​កាត់​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សមត្ថភាព​ផលិតកម្ម​ឱ្យ​កាន់តែ​ប្រសើរ​។

​លោក​ អួន ស៊ីឡុត ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​ ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ AMS ​នៅ​ថ្ងៃ​ទី​១៩ ​ខែ​សីហា​ ថា​ ​ការ​ចុះបញ្ជី​នេះ​នឹង​ជួយ​ការពារ​ពូជ​ស្វាយចន្ទី​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ​មិន​ឱ្យ​មាន​ការ​លួច​ចម្លង​ ​ឬ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​។

​លោក​បាន​បញ្ជាក់​ថា​៖​ «​ពូជ​ទាំង​ ៤​ប្រភេទ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​កសិកម្ម ​ហើយ​មាន​ការ​ទទួល​ស្គាល់​ក្នុង​លក្ខណៈ​អន្តរជាតិ​ផងដែរ​។ ការ​ចុះបញ្ជី​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​លក្ខណៈ​ហ្សែន​របស់​ពូជ ​ដូច្នេះ​ការ​ក្លែងបន្លំ​ ​ឬ​ការ​ដូរ​ឈ្មោះ​ពូជ​មាន​ការ​លំបាក​»​។

​លោក​ អួន ស៊ីឡុត ​បាន​ពន្យល់​ថា​ ​តាមរយៈ​ពូជ​ ​M23​,​ M10​,​ ​H09 ​និង​ IM-4 ​កម្ពុជា​អាច​ផលិត​គ្រាប់​ស្វាយចន្ទី​ដែល​មាន​ទំហំ​ ​W160​,​ ​W180​,​ ​W210 ​និង​ ​W​240 ​ជា​ចម្បង​ ​ខណៈ​ពូជ​ដូន​តា​មួយចំនួន​អាច​ផលិត​បាន​ ​W3​20 ​និង​ ​W420 ​ប៉ុន្តែ​មាន​ទំហំ​គ្រាប់​តូច​ជាង​។

​លោក​បាន​លើកឡើង​ថា​ ​ពូជ​ ​M23 ​អាច​ផលិត​បាន​គ្រាប់​ ​W180 ​ដែល​ជា​គ្រាប់​ធំ ​និង​មាន​តម្រូវការ​ទីផ្សារ​។ ​ទោះជា​យ៉ាងណា​ ​W180 ​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ​ ​ដោយ​ប្រទេស​តង់ហ្សានី​ក៏​អាច​ផលិត​គ្រាប់​មាន​ទំហំ​ធំ​ប្រភេទ​នេះ​ដែរ​ ​ប៉ុន្តែ​ពូជ​មាន​ភាព​ខុសគ្នា​។

​លោក​បាន​បន្ថែម​ថា​ ​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច ​ដូចជា​ បេណាំង​ ​ហ្គាណា ​នីហ្សេរីយ៉ា​ ​កូតឌីវ័រ ​និង​ប៊ូគី​ណា​ហ្វា​សូ ​ភាគ​ច្រើន​ផលិត​គ្រាប់​ស្វាយ​ចន្ទី​មាន​ទំហំ​តូច ​ដែល​អាច​ចេញ​ជា​ ​W3​20 ​និង​សមស្រប​សម្រាប់​ទីផ្សារ​អឺរ៉ុប​។ ​លោក​បាន​អះអាង​ថា​ ​លក្ខខណ្ឌ​អាកាសធាតុ​របស់​ប្រទេស​ទាំងនេះ​មាន​ភាព​ប្រហាក់ប្រហែល​កម្ពុជា​ ​ប៉ុន្តែ​ស្ថានភាព​ដី ​និង​សារធាតុ​ចិញ្ចឹម​ក្នុង​ដី​របស់​កម្ពុជា​មាន​អំណោយ​ផល​សម្រាប់​គុណភាព​គ្រាប់​ស្វាយ​ចន្ទី​។

​សម្រាប់​ប្រទេស​វៀតណាម ​លោក​បាន​និយាយ​ថា​ ​ភាគ​ច្រើន​ដាំ​ពូជ​គ្រាប់​តូច ​ដូចជា​ PN1 ​និង​ M​H5 ​ដែល​អាច​ផលិត​បាន​ ​W3​20 ​ខណៈ​មិន​សូវ​ដាំ​ពូជ​ ​M23 ​របស់​កម្ពុជា​នោះ​ទេ​។

​លោក​ អួន ​ស៊ីឡុត ​បាន​បញ្ជាក់​ថា​៖ ​«​ការ​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​កសិកម្ម​ ​មាន​សារៈសំខាន់​ក្នុង​ការ​បញ្ជាក់​ថា​ ​ពូជ​ទាំង​ ៤​ប្រភេទ​ជា​ពូជ​របស់​កម្ពុជា​ ​និង​អាច​ជា​មូលដ្ឋាន​សម្រាប់​ការ​ការពារ​សិទ្ធិ ​ប្រសិនបើ​មាន​ប្រទេស​ផ្សេង​យក​ពូជ​ទាំងនេះ​ទៅ​ប្រើប្រាស់​ ​ឬ​បន្លំ​ប្រភព​ដើម​»​។

​លោក​បាន​លើក​ឧទាហរណ៍​ថា​ ​កម្ពុជា​ធ្លាប់​មាន​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ពូជ​ទុរេន ​និង​ស្រូវ​ពី​ប្រទេស​ផ្សេង ​ដែល​ប្រទេស​ដើម​បាន​ចុះ​បញ្ជី​ ​ហើយ​អាច​ទាមទារ​លិខិត​បកស្រាយ​នៅពេល​មាន​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​។ ​ដូចគ្នា​នេះ​ ​កម្ពុជា​ក៏​អាច​ប្រើសិទ្ធិ​របស់​ខ្លួន​បាន​ ប្រសិនបើ​មាន​ការ​យក​ពូជ​ដែល​បាន​ចុះ​បញ្ជី​របស់​កម្ពុជា​ទៅ​បន្លំ​ ​ឬ​ដូរ​ឈ្មោះ​។

​ទោះជា​យ៉ាងណា ​លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ពូជ​ស្វាយ​ចន្ទី​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី រួម​មាន​ ​Hay ​24​,​ ​M1​,​ San​-1 ​និង​ M​-7​។ ​លោក​បាន​ឱ្យ​ដឹង​ថា​ ​កន្លងមក​ ​អ្នក​ជំនាញ​ម្នាក់​នៅ​ប្រទេស​ជិតខាង​បាន​យក​ពូជ​ ​IM-​4 ​ទៅ​ដូរ​ឈ្មោះ​ជា​ A​B29 ​ប៉ុន្តែ​កម្ពុជា​បាន​តវ៉ា​ ​និង​ទទួល​បាន​ពូជ​របស់​ខ្លួន​ត្រឡប់​មកវិញ​។

​លោក​បញ្ជាក់​ថា​ ​ក្តី​បារម្ភ​សំខាន់​គឺ​ពូជ​ស្វាយ​ចន្ទី​ដែល​មិន​ទាន់​ចុះ​បញ្ជី​ ​អាច​ត្រូវ​បាន​អ្នក​ដទៃ​យក​ទៅ​ប្រើប្រាស់​ ​ឬ​ដូរ​ឈ្មោះ​ជា​ពូជ​របស់​ខ្លួន​។​

ការ​ជំរុញ​ឱ្យ​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយ​ចន្ទី​ ​ក៏​ត្រូវ​បាន​លើកឡើង​ដោយ​ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ​នៅ​ក្រុង​ស្ទឹងត្រែង​ ​ខេត្ត​ស្ទឹងត្រែង ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​សម្តេច​ធិបតី​បាន​ជំរុញ​ឱ្យ​ក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្នះ​ខ្នែង​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​លើ​ពូជ​ ​និង​ផលិតផល​សក្ដានុពល​របស់​ជាតិ​ ​ជាពិសេស​ដំណាំ​យុទ្ធសាស្ត្រ​ ​«​ស្វាយចន្ទី​»​។

​សម្តេច​ធិបតី​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​អាច​ធ្វើឱ្យ​មាន​ការ​លួចចម្លង​ពូជ​ ​ឬ​យក​ពូជ​ដំណាំ​របស់​កម្ពុជា​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​។

យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​កម្ពុជា​មាន​ផ្ទៃដី​ប្រមូល​ផល​ស្វាយចន្ទី​សរុប​ជាង​ ៥៨​ម៉ឺន​ហិកតា​។ ​ខេត្ត​ដែល​មាន​ផ្ទៃដី​ដាំដុះ​ស្វាយចន្ទី​ច្រើន​ជាង​គេ ​រួម​មាន​ ​កំពង់ធំ​ ​១៤៧ ៧០៣​ហិកតា​ ​ក្រចេះ​ ​១០២​ ៥​២០​ហិកតា​ ​រតនគិរី​ ​៩៧​ ​២៥៨​ហិកតា​ ​កំពង់ចាម​ ៤៦​ ៥​៨២​ហិកតា​ ស្ទឹងត្រែង​ ៤៤​ ​២៥០​ហិកតា​ ​ត្បូង​ឃ្មុំ​ ៣៦​ ៤០៣​ហិកតា​ ​សៀមរាប​ ​៣​៥​ ​៩​១៤​ហិកតា​ ​ព្រះវិហារ​ ​២៨​ ៩​៦៥​ហិកតា​ ​ឧត្តរមានជ័យ​ ១៣​ ៨​១៨​ហិកតា​ ​និង​មណ្ឌលគិរី​ ​៩​ ៨៥​៨​ហិកតា​។

​តាម​ទិន្នន័យ​ក្រៅ​ផ្លូវការ​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​គ្រាប់​ចន្ទី​ឆៅ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ ​១ ០៣០​ ០០០​តោន ​ដែល​មាន​តម្លៃ​ប្រមាណ​ ​១​ ៧៥១​លាន​ដុល្លារ​។ ​តួ​លេខ​នេះ​កើនឡើង​ ​២៨​,​៩​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា