កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

Advertisement

ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានរោងចក្រចម្រាញ់ប្រេងលើកដំបូងនេះ។

ឯកឧត្តមបញ្ជាក់ថា ៖ 

«ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងតែជជែកយ៉ាងសកម្មក្នុងការឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះ បើសិនជាយើងមានរោងចក្រនេះ គឺយើងអាចស្តុកប្រេងឆៅ ហើយចម្រាញ់សម្រាប់លក់ក្នុងស្រុក​ និងនាំចេញ ….. ខ្ញុំសង្ឃឹមថា រោងចក្រនេះនឹងអាចចេញជារូបរាងនៅត្រឹម ៣ឆ្នាំខាងមុខយ៉ាងយូរ»។

សូមរំលឹកថា ក្រោយពីដំណើរការបូមប្រេងឆៅក្នុងប្លុកA ​ត្រូវបានផ្អាកបណ្តោះអាសន្ន​កាលពីពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២១ ​បន្ទាប់ពីក្រុមហ៊ុនស្តុក និងផ្ទេរប្រេងឆៅ MT Strovolos បានលួចដឹកប្រេងឆៅរបស់​កម្ពុជាជាង​ ៣០ម៉ឺនបារ៉ែល និងការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Kris Energy រួចមក ស្រាប់តែលេចចេញវត្តមានក្រុមហ៊ុនបរទេសថ្មីចំនួន ​៤ បានដាក់សំណើសុំអភិវឌ្ឍន៍ ​និង​ប្រតិបត្តិការ​រុករក​ប្រេង​នៅ​ទីតាំង​ប្លុកA និងប្លុកមួយចំនួនទៀតកាលពីពេលថ្មីៗនេះ។

ជាក់ស្តែង ក្រុមហ៊ុន EnerCam Resources Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Angkor Resources Corp. របស់ប្រទេសកាណាដា បានកំណត់អត្តសញ្ញាណអណ្តូងប្រេងចំនួន ៥ ដំបូងគេបង្អស់នៅលើភ្នំបូកគោ និងនៅសមុទ្រខេត្តកំពត។ អណ្តូងចំនួន ៤ ស្ថិតនៅអាងបូកគោខាងត្បូង អាងបូកគោកណ្តាល អាងបូកគោខាងជើង រួមជាមួយនឹងអាងគីរីរម្យ ដែលនឹងត្រូវខួងមុនគេ ខណៈអណ្តូងទី៥ នឹងត្រូវខួងដោយផ្អែកលើលទ្ធផលនៃអណ្តូងទាំង ៤នេះ។

ក្រុមហ៊ុន EnerCam Resources ត្រូវបានផ្តល់អាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នរយៈពេល ៣០ឆ្នាំ លើផ្ទៃដី ៧,៣០០  គីឡូម៉ែត្រការ៉េ នៅភាគនិរតីនៃប្រទេសកម្ពុជា ដែលហៅថាប្លុកទី០៨ ។ ប្លុកនេះគ្របដណ្តប់លើខេត្តចំនួន០៥ គឺខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជាបានមានប្រសាសន៍ថា ក្នុងករណីដែលកម្ពុជា មានរោងចក្រចម្រាញ់ប្រេងនៅពេលខាងមុខ រោងចក្រនេះនឹងចម្រាញ់ប្រេងដែលកើតចេញពីលទ្ធផលនៃការរុករកប្រេងកាតក្រោមដីរបស់កម្ពុជា ដែលជាប្រភពចំណូលជាតិយ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រីកកំណើនសេដ្ឋកិច្ច និងបង្កើតការងារបានកាន់តែច្រើន។

លោកថា ៖

«ជាមួយនឹងប្រភពចំណូលដែលបានមកពីប្រេងក្រោមដីនេះ អាចនឹងរួមចំណែកកាត់​​បន្ថយការនាំចូល ឬលុបបំបាត់ទាំងស្រុងតែម្តង ហើយតម្លៃប្រេងនៅលើទីផ្សារនឹងមានតម្លៃទាបជាមុន ថែមទាំងបង្កើតឱកាសដល់អ្នកវិនិយោគក្នុងការផលិត ការប្រើប្រាស់ប្រេងក្នុងតម្លៃទាបសម្រាប់វិស័យផលិត​កម្ម ជាពិសេសវិស័យដឹកជញ្ជូន ដែលរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើង»។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា បើធ្វើការព្យាករណ៍ពីការវិនិយោគលើវិស័យធំបែបនេះ កម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងសម្លឹងរកមើលទីផ្សារខាងក្រៅទៀតផង។

លោកថា ៖

«ក្នុងដំណាក់កាលដំបូង យើងត្រូវសំឡឹងមើលទីផ្សារក្នុងស្រុក ធ្វើយ៉ាងណាផ្គត់ផ្គង់ឱ្យបានចន្លោះពី ៧០ ទៅ ៨០ភាគរយ មុននឹងសម្លឹងរកទីផ្សារបន្ថែមទៀតនៅក្រៅប្រទេស ខណៈដែលការប្រើប្រាស់រថយន្ត រោងចក្រ​ ឧស្សាហកម្ម និងមេកានិច្ច ជាដើម កំពុងមានការកើនឡើង»។

សូមជម្រាបថា បើទោះជាកម្ពុជាមានទីផ្សារប្រើប្រាស់ប្រេងក្នុងចំនួនតិចធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់ក៏ដោយ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា កម្ពុជាអាចនឹង​នាំចេញប្រេងទៅលក់នៅលើទីផ្សារក្រៅប្រទេស ប្រសិនបើតម្លៃប្រេងកម្ពុជាទាបជាងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។

យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា សម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ ទំហំទឹកប្រាក់នៃការនាំចូលផលិតផលប្រេង និងប្រេងឥន្ធនៈរបស់កម្ពុជាមានតម្លៃសរុបជាង ២ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក ដែលកើនឡើងជាង ២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់តែខែឧសភា កន្លងទៅនេះ កម្ពុជានាំចូលផលិតផលប្រេងឥន្ធនៈជាង ៥៦០ លានដុល្លារ កើនឡើងជិត ៧០ ភាគរយធៀបនឹងឆ្នាំមុន៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា