កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

​ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​​​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​។

Advertisement

​លោក​ ​សៅ​ ណារ៉ុង ​នាយក​ប្រតិបត្តិ​ស្ដី​ទី​ កសិដ្ឋាន​គិរី​សួគ៌ ​នៃ​ក្រុមហ៊ុន​ ​Khmer​ ​Fresh​ ​Milk​ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​Economy​ ​ឱ្យដឹង​ថា​ ​មេ​គោ​ពូជ​ ​Holstein​ ​ចំនួន​ ​២២០​ ក្បាល​ខាងលើ​ ​ត្រូវបាន​នាំចូល​មកដល់​ប្រទេស​កម្ពុជា​ហើយ​ ​នៅក្នុង​សប្តាហ៍​នេះ​ ​ដើម្បី​ចិញ្ចឹម ​និង​ផលិត​យក​ទឹកដោះគោ​ស្រស់​ដែល​មាន​គុណភាព​ ​អនាម័យ​ និង​រសជាតិ​ឆ្ងាញ់​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​ចំនួន​កាន់តែ​ច្រើន​ ​ខណៈ​ដែល​កម្ពុជា​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទឹកដោះគោ​ស្រស់​នាំចូល​ពី​ប្រទេស​ថៃ​។ ​

​បច្ចុប្បន្ន​កសិដ្ឋាន​គីរី​សួគ៍ ​ចិញ្ចឹម​គោ​យក​ទឹកដោះ​មាន​ចំនួន​ ​១១០០ ​ក្បាល​ ​ដែល​ក្នុង​នោះ​មាន​ប្រមាណ​ជាង​ ​៥០​% ​ស្មើនឹង​ ​៦០០​ក្បាល​ដែល​បាន​កំពុង​ផ្តល់​ផល​ក្នុង​បរិមាណ​ជា​មធ្យម​ចន្លោះ​ពី​ ​១៧,០០០​លីត្រ​ទៅ​ ​១៨,០០០​លីត្រ​ក្នុង​មួយ​ថ្ងៃ​។

​លោក​ថា៖​ ​

“​ក្រោយ​នាំចូល​មេ​គោ​ថ្មី​ ​បូករួម​ជាមួយ​ពូជ​គោ​ក្នុង​កសិដ្ឋាន​ដែល​ទើប​ផ្ដល់​ផល​ថ្មី​ៗ​បន្ថែម​ទៀត​ ​នឹង​បង្កើន​ការ​ផលិត​ទឹកដោះគោ​ស្រស់​កើនឡើង​ចន្លោះ​ពី​ ​២៥ ​ទៅដល់ ​៣០ ​ភាគរយ​ បន្ថែម​ពីលើ​ទឹកដោះគោ​ផ្តល់​ផល​សរុប​ក្នុង​បរិមាណ​ខាងលើ​​។”​

កសិដ្ឋាន​គិរី​សួគ៌ ​ត្រូវ​គេ​ដឹង​ថា​មាន​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់ ​និង​ផលិត​យ៉ា​អួរ​ ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​ ​លើ​ផ្ទៃដី​ចំនួន​ ​៣០០​ ​ហិកតា​ស្ថិត​នៅ​ភ្នំ​តាម៉ៅ ​ស្រុក​បាទី ​ខេត្ត​តាកែវ ​ដែល​មាន​គុណភាព​ល្អ​ និង​រសជាតិ​ឆ្ងាញ់​ ​ដែល​បាន​ឆ្លងកាត់​ការ​ពិនិត្យ​គុណភាព​ច្រើន​ដំណាក់កាល​ ​មុន​ដាក់​លក់​នៅលើ​ទីផ្សារ​ដែល​ធានា​ថា​មិន​ចាញ់​ផលិតផល​នាំចូល​ពី​ក្រៅ​ប្រទេស​នោះ​ឡើយ​។​ 

​គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី​២៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯក​អគ្គ​រដ្ឋទូត​អូស្ត្រាលី​លោក​ ​Derek​ ​Yip​ ​បាន​ទៅ​ទស្សនា​កសិដ្ឋាន​គិរី​សួគ៍​ ក្នុង​ខេត្ត​តាកែវ ​ដើម្បី​ស្វាគមន៍​មេ​គោ​អូស្ត្រាលី​ទាំងនោះ​។ ​

លោក​ថា​ ​ការ​មកដល់​របស់​មេ​គោ​ទាំងនេះ​ ធ្វើឱ្យ​ហ្វូង​គោ​សរុប​នៅក្នុង​កសិដ្ឋាន​កើនឡើង​ដល់​ប្រមាណ​ ​១,៤០០​ ក្បាល​។​ កត្តា​នេះ​នឹង​ជួយ​ឱ្យ​កសិដ្ឋាន​អាច​ផលិត​ទឹកដោះគោ​ស្រស់​បាន​កាន់តែ​ច្រើន​នៅក្នុង​ស្រុក​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ ​ដែល​កំពុង​កើនឡើង​ ​កាត់បន្ថយ​ការ​នាំចូល​ពី​បរទេស​ ​ព្រមទាំង​បង្កើត​ឱកាស​ការងារ​ និង​លទ្ធភាព​ថ្មី​ៗ​នៅក្នុង​ផលិតកម្ម​ទឹកដោះគោ​ទាំងមូល​។

​ស្ថានទូត​អូស្រ្តាលី​ចាត់ទុក​ថា​ ​ភាព​ជាដៃគូ​របស់​អូស្រ្តាលី​ជាមួយ​កសិដ្ឋាន​គិរី​សួគ៍​ ​គឺជា​គំរូ​ដ៏​ជោគជ័យ​មួយ​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​អូស្ត្រាលី​ ​និង​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថ្មី​ៗ​ ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ​លើកកម្ពស់​សន្តិសុខ​ស្បៀង​ និង​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ទទួលបាន​សុខ​មាលភាព​ល្អ​ និង​វិបុលភាព​។

​កាលពី​ ​៦​ ឆ្នាំ​មុន​ ​មេ​គោ​ពូជ​ ​Holstein​ ​របស់​អូស្ត្រាលី​ចំនួន​ ​៥៥០​ ក្បាល​បាន​មកដល់​កម្ពុជា​ ​ដើម្បី​ចាប់ផ្តើម​ផលិត​ទឹកដោះគោ​ក្នុង​ស្រុក​ខ្នាត​ធំ​ដំបូង​គេ​បង្អស់​ ​គឺ​កសិដ្ឋាន​គិរី​សួគ៍​ ​Kirisu​ ​Farm​។ ​នៅ​ពេល​នេះ​មេ​គោ​ចំនួន​ ​២២០​ ក្បាល​បន្ថែម​ទៀត​ ​បាន​មកដល់​ប្រទេស​កម្ពុជា​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​កសិដ្ឋាន​គិរី​សួគ៍​ ក្នុង​ការ​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​។

​តាមរយៈ​បរិមាណ​ប្រមូល​ផល​ នៃ​កសិដ្ឋាន​គីរី​សួគ៍​ដែល​ផ្តល់​ផល​ជា​មធ្យម​ ​១៨,០០០​លីត្រ​ក្នុង​មួយ​ថ្ងៃ​នេះ​ ​នឹង​អាច​រួមចំណែក​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​ចំនួន​ចន្លោះ​ពី​ ​២៥​ទៅ​៣០​ភាគរយ​ នៃ​តម្រូវការ​ទឹកដោះគោ​ស្រស់​សរុប​ប្រមាណ​ជា​ ​៣០​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃ​។​ 

​បច្ចុប្បន្ន​ ​កម្ពុជា​មាន​កសិដ្ឋាន​ផលិត​គោយក​ទឹកដោះ​ចំនួន​ ​៤​ ទីតាំង​ ​គឺ​កសិដ្ឋាន​គិរី​សួគ៌​ កសិដ្ឋាន​ ​មូមូ ​ហ្វាម​ កសិដ្ឋាន​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ​និង​កសិដ្ឋាន​អូម៉៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា