កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា​​​។

Advertisement

កិច្ចការដ៏មានសារសំខាន់នេះ បានរំលេចចេញពីជំនួបពីរដាច់ដោយឡែកពីគ្នា គឺជំនួបពិភាក្សារបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការទទួលជួប ពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់ ដែលបញ្ចប់ភារកិច្ច នៅកម្ពុជា និងជំនួបឯកឧត្តម ស៊ុនចាន់ថុល ជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលរៀបចំ នៅដើមខែមិថុនា ឆ្នាំ ២០២៦ នេះ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ដ៏ល្អកន្លងមក ពោលគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

ជាក់ស្តែងតាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាម៉េរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦២ លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាម៉េរិក ដែលគ្រប់ដណ្តប់លើវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិស័យអប់រំ អភិបាលកិច្ច អភិវឌ្ឍន៍ជនបទ ថាមពល សុខភាព គាំពារសង្គម, ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អាល្លឺម៉ង់ក៏ជាដៃគូទ្វេភាគីដ៏សំខាន់ ក្នុងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ អាល្លឺម៉ង់បានគាំទ្រកម្មវិធីជាបន្តបន្ទាប់ រួមមាន៖ ១- កម្មវិធីពង្រឹងការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់សង្គមស៊ីវិលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ២- កម្មវិធីគាំទ្រកំណែទម្រង់វិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល ៣- កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី១ ដែលកម្មវិធីនេះបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៥ និង ៤- កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជាដំណាក់កាលទី២ (ISD 2) ក្នុងទឹកប្រាក់សរុបចំនួន ១៨.៤ លានអឺរ៉ូ (ហិរញ្ញប្បទានឥតសំណង) ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៦នេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងរក្សាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក។ អាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។

ដោយឡែក ក្នុងជំនួបពិភាក្សារវាងឯកឧត្តមស៊ុន ចាន់ថុល និងគណៈប្រតិភូសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) ជាដើម។

លោក Thomas Rachel អ្នកដឹកនាំគណៈប្រតិភូសភាអាល្លឺម៉ង់ បានគូសបញ្ជាក់ពីជំនួបនេះ នូវព័ត៌មានស៊ីជម្រៅ ពីគោលនយោបាយបើកចំហ សម្រាប់ការវិនិយោគនៅកម្ពុជា និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ 

សំដៅនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានសម្តែងនូវសុឆន្ទៈរួមក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគកាន់តែច្រើនឡើងពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា នាពេលអនាគត ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា