កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ ក្រោយ​ការ​ស៊ើបអង្កេត​អនុលោមភាព​តាម​មាត្រា​ ​៣០១​ ​នៃ​ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ​នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា​។

Advertisement

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​អត្រា​ពន្ធ​គយ​ថ្មី​ ​ក្នុង​ការ​នាំចូល​ពី​កម្ពុជា​ ​ទៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​ការ​ស៊ើបអង្កេត​អនុលោម​ភាព​ ​នៃ​មាត្រា​ ​៣០១​ ​ច្បាប់​ពាណិជ្ជកម្ម ​សហរដ្ឋ​អាមេរិក​» ​កាលពី​ថ្ងៃទី​២៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អនុ​ប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​មានប្រសាសន៍​ថា​ ​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ ​១០​ ​ភាគរយ ​ខណៈ​ប្រទេស​មួយចំនួន​ទៀត​ត្រូវ​បង់​អត្រា ​១២,៥​ ​ភាគរយ​ ​ដែល​ផ្តល់ឱ្យ​កម្ពុជា​នូវ​ប្រៀប​ប្រកួតប្រជែង​ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគ​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​ “​អត្រា​ពន្ធ​មិន​មែន​ជា​កត្តា​តែ​មួយ​ដែល​អ្នកវិនិយោគ​ពិចារណា​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​វាយតម្លៃ​លើ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​នីតិវិធី​វិនិយោគ​ផងដែរ​។​”

​ឯកឧត្តម​មានប្រសាសន៍​ថា​ ​កម្ពុជា​មាន​ច្បាប់​វិនិយោគ​បើក​ទូលាយ ​ដែល​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​កាន់កាប់​ការ​វិនិយោគ​បាន​ ​១០០​ ​ភាគរយ​ ​លើ​គ្រប់​វិស័យ​ និង​មាន​ការ​លើកទឹកចិត្ត​ជាច្រើន​ ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។ ​ជាមួយគ្នា​នេះ​ វិនិយោគិន​ក៏​អាច​ផ្ទេរ​ប្រាក់​ចំណេញ​ចេញ​ពី​កម្ពុជា​បាន​ ​ដោយ​មិន​មាន​ការ​រឹតបន្តឹង​។

​ឯកឧត្តម​បន្ថែម​ថា​ ​រាជ​រដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​បាន​បង្កើត​យន្តការ​ជាច្រើន​ ​ដើម្បី​ស្តាប់​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន ​ដែល​ជា​កត្តា​ជួយ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​ថាមពល ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​ឱ្យដឹង​ថា​ ​បច្ចុប្បន្ន​ ​ប្រមាណ​ ​៦៣​ ​ភាគរយ​ ​នៃ​ការ​ផលិត​អគ្គិសនី​របស់​កម្ពុជា​ ​បាន​មកពី​ថាមពល​កកើត​ឡើងវិញ​ ​ហើយ​កម្ពុជា​មាន​គោលដៅ​បង្កើន​សមាមាត្រ​នេះ​ដល់​ ​៧០​ ​ភាគរយ​។ ​ឯកឧត្តម​បាន​ចាត់ទុក​ថា​ ​នេះ​ជា​កត្តា​មួយ​ដែល​ជួយ​ទាក់ទាញ​អ្នកវិនិយោគ ​ជាពិសេស​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ឯកឧត្តម​ក៏​បាន​លើកឡើង​ពី​លទ្ធផល​នៃ​ការ​ទាក់ទាញ​វិនិយោគ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​ ក្នុង​ឆ្នាំ​២០២៣​ ​CDC​ ​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​២៦៨​ ​គម្រោង​។ ​ឆ្នាំ​២០២៤​ ​បាន​អនុម័ត​ ​៤១៤​ ​គម្រោង​ ​ជាមួយ​ទុន​វិនិយោគ​ជិត​ ​៧​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ឆ្នាំ​២០២៥​ ​បាន​អនុម័ត​ ​៦៣០​ ​គម្រោង​ ​មាន​ទុន​វិនិយោគ​ ​១០​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​ការងារ​ចំនួន​ ​៤៣៣.០០០​ ​កន្លែង​។

​ដោយឡែក​ ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​ ​ឆ្នាំ​២០២៦​ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ ​២៧៦​ ​គម្រោង​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,៧​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​រំពឹង​បង្កើត​ការងារ​ប្រមាណ​ ​១៦​ ​ម៉ឺន​កន្លែង​។

​ទោះជា​យ៉ាងណា​ ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​មិន​គួរ​ពឹងផ្អែក​លើ​អត្រា​ពន្ធ​តែ​មួយ​មុខ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បន្ត​កែលម្អ​នីតិវិធី​វិនិយោគ​ ​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ ​ដើម្បី​ជំរុញ​ឱ្យ​អ្នកវិនិយោគ​អាច​បំពេញ​នីតិវិធី​ទាំងអស់​តាម​ប្រព័ន្ធ​ច្រក​ចេញ​ចូល​តែ​មួយ​។ ​ជាមួយគ្នា​នេះ​ រាជ​រដ្ឋាភិបាល​ក៏​កំពុង​ខិតខំ​កាត់បន្ថយ​ថ្លៃ​ដើម​ឡូជី​ស្ទីក ​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​។

​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ ​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​វាយតម្លៃ​ថា ​អត្រា​ពន្ធ​ថ្មី​ ​១០​ ​ភាគរយ​ ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដែល​ទទួល​អត្រា ​១២,៥​ ​ភាគរយ​។ ​លោក​មានប្រសាសន៍​ថា​ ​ទោះ​ភាព​ខុសគ្នា​ត្រឹម​ ​២,៥​ ​ភាគរយ ​ក៏ដោយ​ ​ប៉ុន្តែ​វា​មាន​សារៈសំខាន់​សម្រាប់​ឧស្សាហកម្ម​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ ​ដូចជា​វិស័យ​កាត់ដេរ ​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​ ​ហើយ​អាច​ជួយ​ទាក់ទាញ​ទាំង​ការ​វិនិយោគ​ ​និង​ការ​បញ្ជាទិញ​បន្ថែម​។

​លោក​បាន​ផ្តល់​អនុសាសន៍​ថា​ ​ដើម្បី​ទាញយក​ឱកាស​នេះ​ កម្ពុជា​គួរ​បន្ត​រក្សា​ស្ថិរភាព​នយោបាយ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ពង្រឹង​ជំនាញ​កម្លាំង​ពលកម្ម​ ​បង្កើន​ផលិតភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង​រយៈពេល​វែង​ ​ព្រមទាំង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​និង​ទីផ្សារ​នាំចេញ​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ប៉ែន ​សុវិជាតិ​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បញ្ជាក់​ថា​ ​ការ​កំណត់​អត្រា​ពន្ធ​ថ្មី​ ​១០​ ​ភាគរយ​ ​នេះ​ ​មិន​បង្ក​ផលប៉ះពាល់​ដល់​ទីផ្សារ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាម៉េរិក​នោះ​ទេ​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា