កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ភ្នំពេញ​៖​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​។

តាម​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(​CRF​) ​ប្រទេស​ចិន​នៅតែ​ជា​ទីផ្សារ​នាំចេញ​អង្ករ​សំខាន់​បំផុត​របស់​កម្ពុជា​ ​ខណៈ​កំណើន​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​សញ្ញា​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា​ ​និង​ចិន ​ក្នុង​វិស័យ​កសិកម្ម ​និង​ពាណិជ្ជកម្ម​។

​ឯក​ឧត្តម​ ​វ៉ាង​ វិន​ពីន ​(​Wang ​Wenbin​)​ ​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​តាម​ទិន្នន័យ​របស់​ ​CRF ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​កើនឡើង​ ​៥​២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​ដោយ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​។

​ឯក​ឧត្តម​បាន​ថ្លែង​ថា​៖​ ​«​ប្រទេស​ចិន​នៅតែ​ជា​ទីផ្សារ​នាំចេញ​អង្ករ​សំខាន់​របស់​កម្ពុជា​ ​ដែល​នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​អំពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​កសិកម្ម​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​កម្ពុជា​ត្រូវ​បាន​ជំរុញ​កាន់តែ​ស៊ី​ជម្រៅ​»​។​

​ឧកញ៉ា ឡាយ​ ​ឈុន​ហួរ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​គូស​បញ្ជាក់​ថា ​រាជ​រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​នាំចេញ​អង្ករ​កិន​រួច​ចំនួន​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

​លោក​បាន​បន្ត​ថា​ ​គោលដៅ​នេះ​អាច​សម្រេច​បាន​ ​ឬ​លើសការ​រំពឹងទុក​នៅ​ឆ្នាំ​នេះ​ ​ប្រសិនបើ​មាន​កិច្ច​សហការ​កាន់តែ​រឹងមាំ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ​ដោយសារ​លទ្ធផល​ល្អ​តាំងពី​ដើម​ឆ្នាំ​ ​លោក​រំពឹង​ថា​ ​កម្ពុជា​នឹង​អាច​សម្រេច​បាន​តាម​គោលដៅ​ដែល​បាន​កំណត់​។

​សម្រាប់​ទីផ្សារ​ចិន​ ​អង្ករ​ក្រអូប​ប្រណិត​គឺជា​ប្រភេទ​អង្ករ​ឈាន​មុខ​គេ ​និង​មាន​តម្រូវការ​ខ្ពស់​ពី​អ្នក​ប្រើប្រាស់​ចិន​។ ​ក្នុង​នោះ​មាន​អង្ករ​ផ្កា​រំដួល ​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​នៅលើ​ពិភពលោក​ ​និង​អង្ករ​សែន​ក្រអូប​ ​(​SKO​) ​ដែល​ទើប​ឈ្នះ​ពានរង្វាន់​មាស​ផ្នែក​រសជាតិ​ឆ្ងាញ់​នៅក្នុង​ប្រទេស​ចិន​។

​ក្រៅ​ពី​អង្ករ​ក្រអូប​ ​អង្ករ​ស​គ្រាប់​វែង​ក៏​ជា​ប្រភេទ​អង្ករ​ដែល​មាន​ការ​នាំចេញ​ក្នុង​បរិមាណ​ច្រើន​ ​ដោយ​មាន​តម្លៃ​សមរម្យ​ ​ខណៈ​អង្ករ​សរីរាង្គ ​ដែល​ផលិត​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​ចិន​ដែល​យកចិត្តទុកដាក់​លើ​សុខភាព​។

ការ​កើនឡើង​នៃ​ការ​នាំចេញ​ទៅ​ចិន ​រួម​ជាមួយ​នឹង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ចិន ​និង​ការ​កើនឡើង​នៃ​តម្រូវការ​នៅ​សហ​ភាព​អឺរ៉ុប ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួយ​កម្ពុជា​ខិត​កាន់តែ​ជិត​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​បាន​ត្រៀម​ទុន ​ដើម្បី​គាំទ្រ ​និង​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។

យោង​តាម​របាយការណ៍​របស់​ ​CRF ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ចំនួន​ ៧៩​២​,​២​១​២ តោន កើន​ឡើង​ ​៦៧​.​៥​ ​ភាគរយ​ ​ពី​ ​៤៧២​,​៨០៣ តោន​ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៥​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា