កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

Advertisement

សារខាងលើនេះបានផុសឡើង ក្នុងអំឡុងកិច្ចសន្ទនា ទស្សនាវដ្ដីសហសម័យកម្ពុជាឆ្នាំ ២០២៦ (Contemporary World Cambodia Magazine Dialogue 2026)  ដែលរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងទស្សនាវដ្តីពិភពលោកសហសម័យ ក្រោមមូលបទ ”សហសម័យកម្ពុជាក្នុងបរិបទនៃការប្រែប្រួលនៃបរិបទសកល” នៅភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦។

វេទិកានេះឆ្លុះបញ្ចាំងពីការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសន្ទនាគោលនយោបាយ និងទំនាក់ទំនងរវាងប្រជាជនខ្មែរនិងប្រជាជនចិន ខណៈពេលដែលរៀបចំខ្លួនឱ្យមានតួនាទីសំខាន់នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងតំបន់ទូលំទូលាយ។ អ្នកចូលរួមរួមមាន មន្ត្រីរដ្ឋាភិបាល អ្នកការទូត បញ្ញវន្ត អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងប្រតិភូយុវជន។

នៅក្នុងការបើកសុន្ទរកថា ឧកញ៉ា សុខ ពិសិដ្ឋ អគ្គលេខាធិការ នៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនបានពណ៌នាអំពីការរឹកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិនថាបានពង្រីកលើសពីហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មទៅជាកិច្ចសហប្រតិបត្តិការបញ្ញវន្ត, ការចូលរួមរបស់យុវជន, និង កិច្ចសន្ទនាយុទ្ធសាស្ត្រ។

ឧកញ៉ា សុខ ពិសិដ្ឋ មានប្រសាសន៍ថា៖

“ទស្សនាវដ្ដីសហសម័យកម្ពុជា គឺជាលទ្ធផល និងសមិទ្ធិផលដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា-ចិន ជាពិសេសលើផ្នែកនៃការផ្លាស់ប្តូរបញ្ញវន្ត, ការផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន, និងការសន្ទនាគោលនយោបាយ។”

ឧកញ៉ា សុខ ពិសិដ្ឋ បន្តថា កិច្ចសន្ទនានេះត្រូវបានធ្វើឡើង ចំពេលដែលកម្ពុជាកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន ដែលជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់ខ្លួន និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងវិស័យជាច្រើនចាប់ពីហេដ្ឋារចនាសម្ព័ន្ធ និងថាមពល រហូតដល់ការផលិត និងការតភ្ជាប់ឌីជីថល។

លើសពីនេះ ឧកញ៉ា សុខ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដើម្បីពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងអ្នកដឹកនាំវ័យក្មេង សហគ្រិន និងស្ថាប័នវប្បធម៌នៃប្រទេសទាំងពីរ និងនៅទូទាំងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នបានពង្រីកសកម្មភាពនានាតាមរយៈកម្មវិធីភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរសហគ្រិន អាហារូបករណ៍ ភាពជាដៃគូផ្នែកអប់រំ និងគំនិតផ្តួចផ្តើមវប្បធម៌ដែលបង្កើតឡើងដើម្បីពង្រឹងទំនុកចិត្ត និងការយល់ដឹងក្នុងតំបន់។

ឧកញ៉ា សុខ ពិសិដ្ឋ បន្តថា គោលបំណងនៃសកម្មភាពទាំងនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យយុវជនជំនាន់ក្រោយបង្កើនមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។ ជាក់ស្តែង ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី Xi Jinping មកបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋាភិបាលទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលក្នុងនោះបានសង្កត់ធ្ងន់ថា តួនាទីសំខាន់របស់យុវជន គឺជាអ្នកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននាពេលអនាគត និងរក្សាកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។ 

វេទិកាកិច្ចសន្ទនានេះក៏បានគូសបញ្ជាក់អំពីការកើនឡើងនូវតួនាទីនៃវេទិកាបញ្ញវន្ត និងគោលនយោបាយក្នុងការរៀបចំការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។ ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ទស្សនាវដ្ដីសហសម័យកម្ពុជាបោះពុម្ភផ្សាយបានចំនួន ១០ លេខដែលចែកចាយទៅស្ថាប័នជាង ១៦០ កន្លែងរួមមាន ក្រសួងស្ថាប័នរដ្ឋ ស្ថានទូត សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។ នៅក្នុងវេទិកាសន្ទនានោះផងដែរ វាគ្មិន និងអ្នកជំនាញពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍របស់កម្ពុជា, យន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់, និងផលប៉ះពាល់ពីខាងក្រៅដូចជាការប្រែប្រួលសេដ្ឋកិច្ច និងនយោបាយពិភពលោកប៉ះពាល់ដល់កម្ពុជា និងតំបន់ទន្លេមេគង្គទាំងមូល។

លើសពីនេះ ការពិភាក្សាក៏បានលើកឡើងពីកិច្ចសហការវាងស្ថាប័នត្រូវតែខ្លាំងជាងមុន ការចេះបត់បែនតាមគោលនយោបាយ និងការចូលរួមពីផ្នែកបញ្ញវន្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សម្រាប់ប្រទេសកម្ពុជា កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីការធ្វើទំនើបកម្មសេដ្ឋកិច្ចអភិវឌ្ឍប្រទេសឱ្យទាន់សម័យ និងការចូលរួមជាមួយអាស៊ានឱ្យកាន់តែស៊ីជម្រៅ ខណៈពេលដែលប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសចិន ពង្រីកជាឱកាសសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ឧកញ៉ា សុខ ពិសិដ្ឋ សុខ ពិសិដ្ឋ សង្ឃឹមថា ការពិភាក្សា និងការផ្លាស់ប្តូរនេះនឹងរួមចំណែកជាគំនិតល្អៗដើម្បីឲ្យកម្ពុជា ចិន មេគង្គ និងអាស៊ានអាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។

អ្នករៀបចំកម្មវីធី លើកឡើងដែរថា វេទិកានេះមានគោលបំណងពង្រឹងភាពជាដៃគូក្នុងចំណោមអ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសហគមន៍យុវជន ខណៈពេលដែលលើកកម្ពស់ការអភិវឌ្ឍរួមគ្នា និងវិបុលភាពក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា ចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា