កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន


ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគជាមួយប្រទេសចិន និងបានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ស្របពេលដែលកម្ពុជាកំពុងបើកចំហទ្វារ និងផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនចិនលើវិស័យសំខាន់ៗ ដូចជា ឧស្សាហកម្មកែច្នៃ និងការផលិតគ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, កសិ-ឧស្សាហកម្ម, បច្ចេកវិទ្យា និងឌីជីថល និងវិស័យអាទិភាពមួយចំនួនទៀត។

Advertisement


ក្នុងជំនួបជាមួយគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA)កាលពីថ្ងៃទី២៤ ខែមិថុនា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យសមាគម​CIEA ជួយផ្សព្វផ្សាយ និងជំរុញឱ្យក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។

គួរជម្រាបថា បេសកកម្មរបស់សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា គឺពិភាក្សាអំពីការត្រៀមរៀបចំមហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​ កម្មវិធីនេះនឹងប្រមូលផ្តុំទៅដោយក្រុមហ៊ុនចិន សមាគមឧស្សាហកម្ម វិនិយោគិន និងសហគ្រាសកម្ពុជា ប្រមាណជាង ២០០ ស្ថាប័ន ដើម្បីបង្កើតឱកាសនៃកិច្ចសហការ ផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូផ្នែកឧស្សាហកម្ម ក៏ដូចជាការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖

«វិនិយោគិនចិន ឈរនៅលំដាប់លេខ១ នៅកម្ពុជា ហើយអ្វីដែលកម្ពុជាចង់បានគឺមិនមែនត្រឹមតែតួលេខប៉ុណ្ណោះទេ យើងចង់បានការវិនិយោគដែលមានគុណភាព នាំមកនូវឧត្តមភាពប្រកួតប្រជែង ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគក្នុងវិស័យថ្មីៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់យើង»។


លោក LI ZHAN BO ប្រធានសមាគម CIEA បានលើកឡើងថា មហាសន្និបាត និងពិព័រណ៍ឧស្សាហកម្មនេះ មានគោលបំណងផ្តល់ជាវេទិកាជាក់ស្តែងសម្រាប់ភ្ជាប់សហគ្រាសកម្ពុជា និងក្រុមហ៊ុនចិន ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្របសម្រួលគម្រោងវិនិយោគនៅកម្ពុជា។


លោកបានបន្ថែមថា៖

«គោលដៅរបស់យើងគឺមិនមែនគ្រាន់តែនាំយកទុនវិនិយោគពីប្រទេសចិនមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យា ធនធានមនុស្ស ធនធានឧស្សាហកម្ម និងដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញ ដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយឱ្យសហគ្រាសចិនដែលមានគុណភាពកាន់តែច្រើន ស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា និងបង្កើតប្រតិបត្តិការរយៈពេលវែងនៅទីនេះ»។


សូមបញ្ជាក់ដែរថា សមាគម CIEA ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ និងមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងកម្ពុជា និងចិន។ ចាប់តាំងពីការបង្កើតសមាគមមក CIEA បានរៀបចំសកម្មភាពជំរុញវិនិយោគទាំងនៅកម្ពុជានិងនៅប្រទេសចិន ព្រមទាំងបានសហការជាមួយសមាគមធុរកិច្ច និងសហគ្រាសចិនជាច្រើនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា