BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា “ស្ថានីយ FLASH Charge 6A” បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ។ តំណាងមកពីក្រសួងរ៉ែ និងថាមពល (MME) អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) អគ្គិសនីកម្ពុជា (EDC) ព្រមទាំងដៃគូសហការ UnifyCharge បានអញ្ជើញចូលរួមជាកិត្តិយស និងកាត់ខ្សែបូជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BYD ប្រចាំកម្ពុជា និងក្រុមហ៊ុន Harmony Icar ដែលជាតំណាងចែកចាយផ្តាច់មុខ។

នៅក្នុងឱកាសនោះ ក៏មានការធ្វើតេស្តសាកថ្ម FLASH Charge ជាក់ស្តែងលើរថយន្ត SEALION 6 EV FLASH Charge Edition ដែលបង្ហាញពីសមត្ថភាព “៥ នាទីជិះបាន ៩ នាទីពេញលេញ (Ready in 5 Full in 9)” ឆ្លុះបញ្ចាំងពីជំហានដ៏សំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលយានយន្តអគ្គិសនីនៅកម្ពុជា។

ការចូលរួមរបស់មន្ត្រីក្រសួង និងស្ថាប័នពាក់ព័ន្ធ៖ ពីគោលនយោបាយឆ្ពោះដល់ការអនុវត្តបច្ចេកវិទ្យា FLASH Charge ជាក់ស្តែង

ពិធីសម្ពោធបានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ ៩ ព្រឹក នៅទីតាំងស្ថានីយ ៦A ផ្ទាល់។ គណៈអធិបតីចំនួន ៦ រូប បានចូលរួមកាត់ខ្សែបូសម្ពោធស្ថានីយ FLASH Charge 6A ដែលជាសញ្ញាសម្គាល់ថា​ បណ្តាញស្ថានីយ FLASH Charge របស់ BYD នៅកម្ពុជា បានឈានចេញពីដំណាក់កាលផែនការ មកជាប្រតិបត្តិការជាក់ស្តែង។
ក្នុងពិធីនោះ រថយន្ត SEALION 6 EV FLASH Charge Edition មួយគ្រឿង បានបើកចេញពីបន្ទប់តាំងបង្ហាញចូលទៅកាន់កន្លែងសាកថ្ម ដោយអេក្រង់ធំបានបង្ហាញភាគរយថាមពលថ្ម និងចម្ងាយដែលអាចធ្វើដំណើរបានក្នុងពេលជាក់ស្តែង។ ក្រោមការរាប់ថយក្រោយរបស់អ្នកចូលរួមទាំងអស់ រថយន្តបានចំណាយពេលត្រឹមតែ ៩នាទីប៉ុណ្ណោះក្នុងការសាកថ្មពី ១០% ដល់ ៩៧% ដែលបង្ហាញយ៉ាងច្បាស់ពីគុណសម្បត្តិនៃបច្ចេកវិទ្យា FLASH Charge របស់ BYD។

ការដាក់ពង្រាយបណ្តាញស្ថានីយ FLASH Charge របស់ BYD នៅកម្ពុជា គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយនេះមានគោលដៅជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនដល់ ៣ ម៉ឺនគ្រឿង និងម៉ូតូអគ្គិសនីកើនដល់ ៧២ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ព្រមទាំងការអនុវត្តការលើកទឹកចិត្តពន្ធគយសូន្យភាគរយលើរថយន្តអគ្គិសនីផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាបានកើនឡើងដល់ប្រមាណ ១៨​ ០០០ គ្រឿង។ បច្ចុប្បន្ន អតិថិជនភាគច្រើននៅតែមានក្តីបារម្ភលើចម្ងាយនៃការបើកបរ ដូច្នេះការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាកថ្ម គឺជាគន្លឹះចម្បងក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយ។ ការបើកដំណើរការស្ថានីយ FLASH Charge 6A គឺជាសកម្មភាពជាក់ស្តែងរបស់ BYD ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឈានមុខគេលើពិភពលោក ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។

សមិទ្ធផលពីជំនួបកម្រិតខ្ពស់៖ កម្ពុជាក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិនដែលដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge

កាលពីខែកញ្ញាកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលពិភពលោករបស់ BYD នៅទីក្រុងសិនជិន (Shenzhen) និងបានជួបពិភាក្សាការងារជាមួយលោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមហ៊ុន BYD ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅទៅលើការកសាងបណ្តាញសាកថ្ម FLASH Charge ទូទាំងប្រទេសកម្ពុជា។ ផ្អែកលើការឯកភាពគ្នាកម្រិតខ្ពស់នេះហើយ ទើបធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិន ដែលបានដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge របស់ BYD។

ស្ថានីយ FLASH Charge ចំនួន ១៨ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ហើយបន្តពង្រីកបន្ថែមនៅឆ្នាំ ២០២៧-២០២៨ យោងតាមការឱ្យដឹងពី BYD ស្ថានីយ FLASH Charge 6A គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈដែលស្ថានីយផ្លូវ ៦០ម៉ែត្រ (ភ្នំពេញ) ស្ថានីយសៀមរាប និងស្ថានីយកោះនរា ក៏នឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះផងដែរ។ តាមផែនការ ស្ថានីយ FLASH Charge ដំណាក់កាលដំបូងចំនួន ១៨ នឹងបើកដំណើរការមុនដំណាច់ឆ្នាំ២០២៦ ដោយគ្របដណ្តប់ជាបណ្តើរៗលើទីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នៅចន្លោះឆ្នាំ២០២៧ ដល់ ២០២៨​ BYD នឹងបន្តពង្រីកបណ្តាញស្ថានីយ FLASH Charge ដោយកំណត់គោលដៅឱ្យស្ថានីយ FLASH Charge មានវត្តមានគ្រប់ទីកន្លែងទូទាំងប្រទេសដូចស្ថានីយប្រេងឥន្ធនៈ សាកថ្មលឿនឆាប់រហ័ស និងលុបបំបាត់ក្តីបារម្ភលើការសាកថ្មរបស់អតិថិជនទាំងស្រុង។

ភាពស៊ីសង្វាក់គ្នារវាងរថយន្ត និងទូសាក៖ គាំទ្រដោយ SEALION 6 EV FLASH Charge Edition

ស្ថានីយសាក FLASH Charge និងរថយន្ត SEALION 6 EV FLASH Charge Edition សម្រេចបាននូវ «ការស៊ីចង្វាក់គ្នារវាងរថយន្ត និងទូសាក»។ រថយន្តថ្មីនេះបំពាក់ដោយប្រព័ន្ធតង់ស្យុងខ្ពស់ ៨០០V និងអាគុយ Blade ជំនាន់ទី២ ដែលផ្តល់ចម្ងាយបើកបររហូតដល់ ៧១០ គីឡូម៉ែត្រ (ស្តង់ដារ CLTC)។ ការសាកថ្មពី ១០% ទៅ ៧០% ចំណាយពេលត្រឹមតែ ៥ នាទី និងពី ១០% ទៅ ៩៧% ត្រឹមតែ ៩ នាទីប៉ុណ្ណោះ ដែលការសាកថ្មម្តងអាចធ្វើដំណើរទៅមកភ្នំពេញ-តាមបណ្តាខេត្តបានយ៉ាងងាយស្រួល។ អាយុកាលរបស់អាគុយក៏ត្រូវបានអភិវឌ្ឍកាន់តែប្រសើរ ដោយការធានាសុខភាពអាគុយ (SOH) នៃ Blade Battery ជំនាន់ទី២ ធៀបនិងជំនាន់ទី១ កើនពី ៦០% ដល់ ៦២.៥% ដែលបង្ហាញយ៉ាងច្បាស់ពីភាពធន់មាំនៃបច្ចេកវិទ្យាអាគុយរបស់ BYD។

ការប្តេជ្ញាចិត្តយូរអង្វែងនៅកម្ពុជា៖ ធ្វើមូលដ្ឋានីយកម្មលើការផលិត ការលក់ និងសេវាកម្មទាំងស្រុង
ការកសាងបណ្តាញស្ថានីយ FLASH Charge មិនមែនជាសកម្មភាពដាច់ដោយឡែកនោះទេ។ BYD បានវិនិយោគទុនចំនួន ៣២ លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិត និងដំឡើងរថយន្តដឹកអ្នកដំណើរថាមពលថ្មីដំបូងបង្អស់នៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើផ្ទៃដីសរុប ១២ ហិកតា ជាមួយនឹងសមត្ថភាពផលិត ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនបានបង្កើតបណ្តាញលក់ចំនួន ១០ កន្លែង និងមជ្ឈមណ្ឌលសេវាក្រោយពេលលក់ចំនួន ៥ កន្លែងទូទាំងប្រទេស ព្រមទាំងបានបន្ថែមទឹកប្រាក់ ៦ លានដុល្លារទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់ផ្ទាល់ខ្លួនទំហំជាង ៥ ០០០0 ម៉ែត្រការ៉េ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ នេះ។

BYD កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តឆ្លើយតបទៅកាន់ផែនការផ្លាស់ប្តូរបៃតង និងការរៀបចំផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិចរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រើប្រាស់ជម្រើសផលិតផលដែលត្រូវបានសម្របតាមតម្រូវការក្នុងស្រុក បណ្តាញស្ថានីយ FLASH Charge និងសេវាកម្មក្រោយពេលលក់ ដើម្បីជំរុញឧស្សាហកម្មយានយន្តថាមពលថ្មីនៅកម្ពុជាឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា