Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

​បរទេស​៖​ Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ​។

កាសែត​រុស្ស៊ី​ ​RT ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​កន្លងមក​ថា​ ​Binance ​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ផ្នែក​សុវត្ថិភាព​ ​បន្ទាប់ពី​មាន​ការ​រាយការណ៍​អំពី​ការ​លួច​ចូល​ប្រព័ន្ធ​ដ៏​ធំ​មួយ ​និង​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ​ក្រុមការងារ​ផ្នែក​សន្តិសុខ​របស់​ខ្លួន​កំពុង​ពិនិត្យ​យ៉ាង​សកម្ម​លើ​របាយការណ៍​អំពី​ចន្លោះ​ប្រហោង​សុវត្ថិ​ភាព​ដែល​អាច​កើតមាន​។ ​ទោះ​ជា​យ៉ាងណា​ ​Binance ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​ការ​វាយប្រហារ​ពេញលេញ​ ​ឬ​ទំហំ​ការ​ខាតបង់​ហិរញ្ញវត្ថុ​ពិតប្រាកដ​នៅឡើយ​ទេ​។

​ជា​វិធានការ​ប្រុងប្រយ័ត្ន​ ​Binance ​បាន​ផ្អាក​ការ​ដក​ប្រាក់​ចេញ​ពី​ប្រព័ន្ធ​ជា​បណ្តោះអាសន្ន​ ​ខណៈ​ការ​ត្រួតពិនិត្យ​សុវត្ថិ​ភាព​កំពុង​បន្ត​។ ​ក្រុមហ៊ុន​បាន​ធានា​ដល់​អ្នក​ប្រើប្រាស់​ថា​ ​ប្រាក់​របស់​អតិថិជន​នៅតែ​មាន​សុវត្ថិ​ភាព​។

របាយការណ៍​ក្នុង​ឧស្សាហកម្ម​បាន​ចង្អុលបង្ហាញ​ថា​ ​ការ​ផ្ទេរ​ប្រាក់​ដែល​គួរឱ្យ​សង្ស័យ​នោះ ​រួម​មាន​ការ​ផ្លាស់ប្តូរ​ទ្រព្យ​សកម្ម​ប្រមាណ​ ​២​,​៧៧ ​ពាន់​លាន​ដុល្លារ​ចេញពី​កាបូប​គ្រីបតូ​ដែល​ភ្ជាប់​ទៅ​នឹង​អាសយដ្ឋាន​ដែល​ទទួល​បាន​តាមរយៈ​ T​ornado ​Cash ​ដែល​ជា​ឧបករណ៍​ឯកជនភាព​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​បិទបាំង​ប្រភព​ដើម​នៃ​ប្រតិបត្តិការ​។

​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​មិន​ប្រក្រតី​នេះ​ Binance ​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ទ្រព្យ​សកម្ម​គ្រីបតូធំ​ៗ ​និង​ប្រព័ន្ធ​ឌីជីថល​ពាក់ព័ន្ធ​ ​ហើយ​បាន​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ប្រមាណ​ ​២​,​៥៤ ​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

​លោក​ ​Changpeng ​Zhao ​សហ​ស្ថាបនិក ​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ ​Binance ​បាន​ថ្លែង​នៅលើ​បណ្តាញ​សង្គម​ថា​ ​សូចនាករ​នានា​បាន​បង្ហាញ​ពី​ការ​វាយប្រហារ​ដែល​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​។​

ស្ថានការណ៍​ដែល​កំពុង​កើតឡើង​នេះ​បាន​បង្កើត​ផលប៉ះពាល់​ដល់​ទីផ្សារ​ទ្រព្យ​សកម្ម​ឌីជីថល ​ដោយ​ធ្វើឱ្យ​តម្លៃ​កាក់​គ្រីបតូជា​រួម​មាន​ការ​ធ្លាក់ចុះ​ ​ខណៈ​វិនិយោគិន​កំពុង​រង់ចាំ​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវការ​ពី​ការ​ស៊ើបអង្កេត​របស់​ Binance​។​

​យ៉ាងណា​ក្តី​ ​Binance ​បាន​ថ្លែង​ថា​ ​ការ​ដក​ប្រាក់​របស់​អ្នក​ប្រើប្រាស់​នឹង​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​ភ្លាម​ៗ​ ​នៅពេល​បញ្ហា​សុវត្ថិ​ភាព​ត្រូវ​បាន​ដោះស្រាយ​ទាំងស្រុង​។​ ​ក្រុមហ៊ុន​ក៏​នឹង​ចេញផ្សាយ​ព័ត៌មាន​បន្ថែម​តាមរយៈ​បណ្តាញ​ផ្លូវការ​របស់​ខ្លួន​ផងដែរ​។

​ករណី​នេះ​កើតឡើង​ចំពេល​មាន​ការ​លួច​យក​ទ្រព្យ​សកម្ម​គ្រីបតូធំ​ៗ​ជា​ច្រើន​លើក​ក្នុង​ឆ្នាំ​នេះ​។ ​កាលពី​ខែ​កញ្ញា​ ​ពួក​ ​Hacker ​បាន​លួច​ប្រមាណ​ ​៣៨៨ ​លាន​ដុល្លារ​ពី​ ​Bitget ​ខណៈ​ការ​វាយប្រហារ​លើ​ ​Drift ​Protocol ​និង​ Kelp DAO កាល​ពី​ខែ​មេសា ​បណ្តាល​ឱ្យ​មាន​ការ​ខាតបង់​ប្រមាណ​ ​២៨៥ ​លាន​ដុល្លារ ​និង​ ២៩២ ​លាន​ដុល្លារ រៀង​គ្នា​។

​ដោយឡែក ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២៥​ ​មាន​ការ​សង្ស័យ​ថា​ ​ពួក​ ​Hacker ​របស់​កូរ៉េ​ខាង​ជើង​បាន​លួច​ប្រាក់​ប្រមាណ​ ​១​,​៥ ពាន់​លាន​ដុល្លារ​ពី ​Bybit ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ​ជា​ការ​លួច​ទ្រព្យ​សកម្ម​គ្រីបតូដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា