កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (CABS) ឆ្នាំ២០២៦ ត្រូវបានបើកដំណើរនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល អ្នកធ្វើគោលនយោបាយក្នុងតំបន់ និងនាយកប្រតិបត្តិអាជីវកម្មជាច្រើនរូប។ កិច្ចប្រជុំកំពូលនេះទៀតសោត ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មួយជួយជំរុញការតភ្ជាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចនៅទូទាំងអាស៊ីអាគ្នេយ៍បន្ថែម។

Advertisement

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះគឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់។

សម្តេចធិបតី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាបានឱបក្រសោបគំរូនៃ “យុទ្ធសាស្ត្របើកចំហ” ដែលមានគោលបំណងអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មរីកចម្រើននៅក្នុងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាក្នុងការសម្រេចឱ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ប្រកបនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។

សម្តេចធិបតី បានមានប្រសាសន៍ថា ៖

«ប្រទេសកម្ពុជា មិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ដែលមានការតភ្ជាប់ និងឯកភាពគ្នាកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពធន់ និងការប្រកួតប្រជែងឥឡូវនេះគឺជាចំណុចកណ្តាលនៃគោលនយោបាយជាតិក្នុងពេលសេដ្ឋកិច្ចពិភពលោកផ្តោតលើឌីជីថល និងនិរន្តរភាពកាន់តែខ្លាំងឡើង»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា  បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះត្រូវបានប្រារព្ធឡើង នៅចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា។

ទន្ទឹមនេះ អ្នកឧកញ៉ា គិត ម៉េង បានចង្អុលបង្ហាញពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង​ក្នុងចំណោមប្រទេសមហាអំណាច វិធានការពន្ធឯកតោភាគី និងសកម្មភាពសងសឹក ក៏ដូចជាជម្លោះភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ដែលទាំងអស់នេះប្រឈមនឹងហានិភ័យនៃការបែកបាក់ពាណិជ្ជកម្មសកល និងប៉ះពាល់ដល់ទស្សនវិស័យរបស់អាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ៖ ដោយសារតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង និងការរំខានដែលប៉ះពាល់ដល់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសកលដ៏សំខាន់មួយ អាជីវកម្មក្នុងតំបន់កំពុងប្រឈមមុខនឹងសម្ពាធអតិផរណាឡើងវិញ និងភាពមិនប្រាកដប្រជានៃខ្សែសង្វាក់ផ្គត់ផ្គង់។ នៅក្នុងបរិយាកាសបែបនេះ ចំណុចខ្លាំងរបស់អាស៊ានស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងភាពជាមជ្ឈមណ្ឌលជាជាងការជ្រើសរើសភាគី។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងដូច្នេះថា ៖

«ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងស្ថិរភាពមួយ កម្លាំងមួយដែលជំរុញការសន្ទនា រក្សាទីផ្សារឱ្យភ្ជាប់គ្នា និងធានាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ទោះបីជាមានឧបសគ្គទូទាំងពិភពលោកក៏ដោយ អាស៊ាននៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពស្វាហាប់បំផុតរបស់ពិភពលោក ហើយត្រូវបានព្យាករថានឹងក្លាយជាសេដ្ឋកិច្ចពិភពលោកធំជាងគេទីបួននៅឆ្នាំ ២០៣០»។

បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការបន្តអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ អាស៊ានកំពុងផ្លាស់ប្តូរការធ្វើសមាហរណកម្មក្នុងតំបន់ពីការប្តេជ្ញាចិត្តនៅលើក្រដាស ទៅជាការធ្វើសកម្មភាពជាក់ស្តែងនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូសំខាន់ៗ រួមមាន ជប៉ុន សាធារណរដ្ឋកូរ៉េ ចិន អូស្ត្រាលី និងនូវែលសេឡង់។

ងាកទៅរកទស្សនវិស័យក្នុងស្រុករបស់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង បាននិយាយថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងប្រមាណ ៥ ភាគរយនៅឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំង មិនត្រឹមតែការងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកផលិតកម្មម្លៃខ្ពស់ ដូចជា គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០ ពាន់លានដុល្លារដែលផ្តោតលើការធ្វើទំនើបកម្ម និងការប្រកួតប្រជែង កម្ពុជាកំពុងពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ខណៈពេលដែលកំពុងពង្រឹងកំណែទម្រង់ឌីជីថល។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា ដោយមានប្រជាជនជាង ៦៥ ភាគរយ មានអាយុក្រោម ៣៥ ឆ្នាំ ប្រទេសកម្ពុជាផ្តល់ជូននូវកម្លាំងពលកម្មវ័យក្មេង និងមានជំនាញកាន់តែខ្លាំងឡើង នៅពេលប្រទេសជាច្រើនកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃប្រជាសាស្ត្រ ដែលពង្រឹងភាពទាក់ទាញរបស់ខ្លួនចំពោះការវិនិយោគផ្ទាល់ពីបរទេស។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិកអាស៊ាន មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។ តួលេខរបស់ក្រសួងបង្ហាញថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៦៧ ពាន់លានដុល្លារអាមេរិកទៅកាន់ដៃគូអាស៊ានកាលពីឆ្នាំមុន កើនឡើង ៩,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ខណៈកម្ពុជានាំចូលពីប្រទេសអាស៊ាន មានទំហំទឹកប្រាក់ ១០,៦៩ ពាន់លានដុល្លារ។

របាយការណ៍បានចង្អុលបង្ហាញថា ទីផ្សារអាស៊ានមានចំនួន ១៨,១ ភាគរយនៃបរិមាណនាំចេញសរុបរបស់កម្ពុជាចំនួន ៣១,២៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និង ៣១,៥ ភាគរយនៃបរិមាណនាំចូលសរុបរបស់ប្រទេសដែលមានទំហំទឹកប្រាក់ចំនួន ៣៣,៩៦ ពាន់លានដុល្លារអាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់អាស៊ានភាគច្រើន គឺជាផលិតផលកសិកម្មដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ដំឡូងមី និងចេកជាដើម៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាប្រធានក្រុមអ្នកព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា