អម្រឹត និងសារមន្ទីរ ស.ស.រ ចុះ MoU រួមគ្នា ​លើកកម្ពស់​ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អម្រឹត និងសារមន្ទីរ ស.ស.រ ចុះ MoU រួមគ្នា ​លើកកម្ពស់​ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ

អម្រឹត និងសារមន្ទីរ ស.ស.រ ចុះ MoU រួមគ្នា ​លើកកម្ពស់​ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ

ភ្នំពេញ ៖ គ្រឹះស្ថាន អម្រឹត និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បី​លើកកម្ពស់​ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និង រូបិយវត្ថុខ្មែរ តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ ក្នុងរយៈពេល ៣ ឆ្នាំ ​

Advertisement

អនុស្សរណៈយោគយល់គ្នា​នេះ​ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំង២ ក្នុងការលើកកម្ពស់ការសិក្សារៀនសូត្រ និង ស្រាវជ្រាវនូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ ​និង សង្គមក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា  លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ លោក  Chien-Fa, Chuang( លោក ម៉ាត់) ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អម្រឹត និង លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថាន អម្រឹត ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៣៦០ នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល សិ្ថតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

អម្រឹត ជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ មានការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងក្នុងការគាំទ្រផ្នែកអប់រំ តាមរយៈការចូលរួមឧបត្ថម្ភ និងគាំទ្រនូវគម្រោង និងគំនិតផ្តួចផ្តើមនានា។ គម្រោងនេះ នឹងក្លាយជាមូលដ្ឋានចំណេះដឹងដ៏រឹងមាំមួយសម្រាប់យុវជនជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។

ជាកិច្ចចាប់ផ្តើមក្នុងភាពជាដៃគូលើ​អនុស្សរណៈ​យោគយល់​គ្នានៅថ្ងៃនេះ សិស្សានុសិស្សចំនួន ៣៥០ នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល សិ្ថតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដឹកនាំដោយតំណាងលោកគ្រូអ្នកគ្រូ តំណាងមន្ទីរអប់រំស្រុក និងនាយកសាលា បានធ្វើដំណើរទស្សនកិច្ចសិក្សាមក សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ ​និង សង្គមក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា​។ នៅក្នុងនោះដែរ គ្រឹះស្ថាន អម្រឹត ក៏បានឧបត្ថម្ភ ថេបប្លែត​ (Tablet) ជូនសិស្សានុសិស្ស និង កុំព្យូទ័រយួរដៃ (Laptop) ជូនការិយាល័យអប់រំស្រុក និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្រៀន និងការសិក្សារបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលារៀន និងការិយាល័យអប់រំស្រុក។

នេះ គឺជាទស្សនកិច្ចសិក្សាជាលើកដំបូង ដែលគ្រោងនឹងរៀបចំជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ។ សម្រាប់ការចំណាយពាក់ព័ន្ធផ្សេងៗ​ រួមមានថ្លៃធ្វើដំណើរ សំបុត្រចូលទស្សនាសារមន្ទីរ ស.ស.រ និង ការរៀបចំសកម្មភាពនានា ត្រូវបានគាំទ្រដោយថវិកាដែលផ្តល់ពីគ្រឹះស្ថាន អម្រឹត សម្រាប់រយៈពេល ៣ ឆ្នាំ​ ។

អំពីអម្រឹត

ឆ្នាំ ២០២៦នេះ គ្រឹះស្ថាន អម្រឹត មាន អាយុកាល ៣៥ឆ្នាំ និង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ផលវិជ្ជមានដល់សង្គម​​ (បើគិតពីទំហំទ្រព្យសកម្ម អម្រឹត ស្ថិតក្នុងចំណោមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅកម្ពុជា)។  អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនជិត ៩០ ម៉ឺននាក់ មានប្រតិបត្តិការអាជីវកម្មនៅតាម សាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៥ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង  ១.៦ ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែមេសា ឆ្នាំ ២០២៦)។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម ទូរស័ព្ទ៖ ០១១​ ២៤ ៩៦ ៥៤  និង អ៊ីម៉ែល៖ somealea.ngay@amret.com.kh

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា