ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាម៉េរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

Advertisement

នេះបើតាមការឱ្យដឹងពីលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia PLC ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗ ដោយបានលើកឡើងពីជំហានឆ្ពោះទៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និង​ពង្រីកការវិនិយោគផ្សេងៗ​ទៀត​​របស់ក្រុមហ៊ុននៅកម្ពុជា។   ​

រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​ សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្មដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើងដើម្បីសម្រេចចេញជារថយន្តមួយ។

ជំហានបន្ទាប់នេះ ក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារ និង​ធ្វើ​ទំនើប​កម្ម​លើ​សង្វាក់​ផលិតកម្ម​ កម្រិត Incomplete Knock-Down (IKD-1) ​ដោយ​ពង្រី​ក​ផ្ទៃដី​សរុប​រហូត​ដល់​​ ១២ ហិកតា ដែលជាសង្វាក់ផលិតកម្ម កម្រិត IKD-1 នេះ ហៅថា សង្វាក់ផលិតកម្ម «ផលិត» ។

លោកបណ្ឌិត សួន ម៉ិ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ការបណ្តាក់ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុនខាងលើ ជាសញ្ញាណវិជ្ជមានដ៍ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញវិនិយោគចូលមកបណ្តាក់ទុនថ្មីៗបន្ថែមទៀត​ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យៗសំខាន់ ដែលមានវិស័យឧស្សាជាវិស័យឈានមុខគេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ។

លោកបណ្ឌិត បានថ្លែងថា៖

“ការចូលមកបណ្តាក់ទុនរបស់អ្នកវិនិយោគនេះ ដោយសារមានទំនុកលើរដ្ឋាភិបាល ក៍ដូចជាគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ពិសេសរោងចក្រឧស្សាហកម្ម ទាំងផ្នែកផលិតផ្គង់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។”

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចមើលឃើញថា វត្តមាននៃរោងចក្រផលិតគ្រឿងបង្គុំរថយន្តនេះ មិនមែនគ្រាន់តែជាការបង្កើតរោងចក្រធម្មតាមួយនោះទេ ប៉ុន្តែវាជាចំណុចរបត់យុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិថែមទៀត។ លោកបណ្ឌិតថា៖

“ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំក្នុងស្រុក នឹងជួយបំពេញចន្លោះប្រហោងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វើឱ្យកម្ពុជាក្លាយជាប្រភពស្វ័យគ្រប់គ្រងផ្នែកឧស្សាហកម្មយានយន្តមួយកម្រិតទៀត។”

នៅពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងការប្រែប្រួល (ដូចជាការកែសម្រួលការព្យាករណ៍កំណើន GDP មកនៅត្រឹម ៤.២ ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារកត្តាប្រឈមខាងក្រៅ) វិស័យឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាកម្រិតមធ្យម-ខ្ពស់ បែបនេះនឹងក្លាយជា «ម៉ាស៊ីនកំណើនថ្មី» ជួយទប់លំនឹងសេដ្ឋកិច្ចមិនឱ្យពឹងផ្អែកតែលើវិស័យប្រពៃណីដូចជាកាត់ដេរ ឬកសិកម្មឡើយ។

អ្នកជំនាញមើលឃើញថា​ ការបង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងបង្អស់នេះ គឺជាជំហានថ្មីមួយកម្រិតទៀត នៃវិស័យយានយន្តនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើរឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់។

បើតាមក្រសួងឧស្សាហកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាបង្ហាញថា គិតគ្រឹមត្រីមាសទី១ ឆ្នាំ២០២៦  កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ កំពុងមានដំណើរការសង្វាក់ផលិតកម្ម ជាមួយនឹងសមិទ្ឋិផលសម្រេចបាន ៣១ ៤៦៣​ គ្រឿង ខណៈដែលក្នុងឆ្នាំ ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿងសម្រាប់ផ្គង់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា