ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។

Advertisement

គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។

តាមប្រភពធនាគារអភិវឌ្ឍអាស៊ី ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្មនេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារតំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងតំបន់ក្នុងទីក្រុង ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេស​វៀតណាមរួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា៖ ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។

លោកស្រីបញ្ជាក់ថា ៖

«តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា ក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។

 វិស័យថាមពលកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។ យ៉ាងណាក៏ដោយ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិត ការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែប្រឈមនឹងការប្រែប្រួលតម្លៃបង្កដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអន្តរជាតិផ្សេងទៀត ដែលគំរាមកំហែងដល់ស្ថិរភាព និងនិរន្តរភាពបណ្តាញអគ្គិសនី។

គម្រោងនេះគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចបាននូវសមត្ថភាពថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និងថាម​ពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានគេរំពឹងថានឹងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧,៧០០ តោនជារៀងរាល់ឆ្នាំ។

គម្រោងនេះនឹងពង្រឹងសមត្ថភាពរបស់ អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលរបស់រដ្ឋ ដើម្បីគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់។ វាក៏នឹងគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិទាក់ទងនឹងការផ្ទុកថាមពលថ្ម និងលើកកម្ពស់ការអភិវឌ្ឍជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យថាមពល ក៏ដូចជាតួនាទីបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់ពួកគាត់។

ដោយឡែក កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងចក្រភពអង់គ្លេស មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន(ASEAN Catalytic Green Finance Facility)៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា