ADB ប្រកាសទឹកប្រាក់ ៧០ ពាន់លានដុល្លារ ដើម្បីគាំទ្រការតភ្ជាប់បណ្តាញអគ្គិសនី និងឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ប្រកាសទឹកប្រាក់ ៧០ ពាន់លានដុល្លារ ដើម្បីគាំទ្រការតភ្ជាប់បណ្តាញអគ្គិសនី និងឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក

ADB ប្រកាសទឹកប្រាក់ ៧០ ពាន់លានដុល្លារ ដើម្បីគាំទ្រការតភ្ជាប់បណ្តាញអគ្គិសនី និងឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក

បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងគាំទ្រដល់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថលថ្មីចំនួន ៧០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣៥ ក្នុងគោលបំណងភ្ជាប់បណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងកែលម្អការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

Advertisement

លោក Masato Kanda ប្រធាន ADB បានមានប្រសាសន៍ថា ថាមពល និងលទ្ធភាពប្រើប្រាស់ឌីជីថលនឹងកំណត់អនាគតរបស់តំបន់។ គំនិតផ្តួចផ្តើមទាំងពីរនេះ បង្កើតប្រព័ន្ធដែលអាស៊ី និងប៉ាស៊ីហ្វិកត្រូវការដើម្បីរីកចម្រើន ប្រកួតប្រជែង និងតភ្ជាប់។

លោកបានថ្លែងថា៖

“តាមរយៈការតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញឌីជីថលឆ្លងកាត់ព្រំដែន យើងអាចកាត់បន្ថយថ្លៃដើម ពង្រីកឱកាស និងនាំមកនូវថាមពលដែលអាចទុកចិត្តបាន និងលទ្ធភាពប្រើប្រាស់ឌីជីថលដល់ប្រជាជនរាប់រយលាននាក់។”

គំនិតផ្តួចផ្តើមបណ្តាញថាមពលនៅតំបន់អាស៊ី (Pan-Asia Power Grid Initiative ឬ PAGI) នឹងតភ្ជាប់ប្រព័ន្ធថាមពលជាតិ និងអនុតំបន់ដើម្បីថាមពលកកើតឡើងវិញអាចឆ្លងកាត់ព្រំដែន ហើយបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសមត្ថភាពខ្ពស់ និងមានវិសាលភាពធំធេងសម្រាប់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Digital Highway) នឹងជួយបិទគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអាចឱ្យតំបន់នេះទទួលបានអត្ថប្រយោជន៍ពីកំណើនដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។

ក្រោមគំនិតផ្តួចផ្តើម Pan-Asia Power Grid, ADB នឹងសហការជាមួយរដ្ឋាភិបាល អង្គភាពផ្តល់សេវាសាធារណៈចាំបាច់ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរថវិកាចំនួន ៥០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣៥ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងព្រំដែន ដែលអាចជំរុញថាមពលកកើតឡើងវិញក្នុងទំហំធំ។

គំនិតផ្តួចផ្តើមនេះនឹងផ្តោតលើការបញ្ជូន និងការរួមបញ្ចូលបណ្តាញ រួមទាំងខ្សែអគ្គិសនីឆ្លងព្រំដែន អនុស្ថានីយ ប្រព័ន្ធផ្ទុកថាមពល និងឌីជីថលូបនីយកម្មបណ្តាញអគ្គិសនី។ វាក៏នឹងគាំទ្រដល់ការផលិតថាមពលដែលភ្ជាប់ទៅនឹងពាណិជ្ជកម្មអគ្គិសនី រួមទាំងគម្រោងនាំចេញថាមពលកកើតឡើងវិញ មជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញដើម្បីចែកចាយក្នុងតំបន់ និងកន្លែងដែលផលិតអគ្គិសនីផង និងផ្ទុកអគ្គិសនីផង។

នៅត្រឹមឆ្នាំ២០៣៥ ADB មានគោលបំណងធ្វើសមាហរណកម្មថាមពលកកើតឡើងវិញប្រហែល ២០ ជីហ្គាវ៉ាត់ឆ្លងកាត់ព្រំដែន តភ្ជាប់ខ្សែបញ្ជូនអគ្គិសនីប្រវែង ២២,០០០ គីឡូម៉ែត្រ កែលម្អលទ្ធភាពទទួលបានថាមពលសម្រាប់ប្រជាជន ២០០ លាននាក់ បង្កើតការងារ ៨៤០,០០០ កន្លែង និងកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យថាមពលក្នុងតំបន់ ១៥%។

ADB រំពឹងថានឹងផ្តល់ហិរញ្ញប្បទានប្រហែលពាក់កណ្តាលនៃការវិនិយោគចំនួន៥០ពាន់លានដុល្លារនេះពីធនធានរបស់ខ្លួន និងបង្កើនថវិកាដែលនៅសល់តាមរយៈសហហិរញ្ញប្បទាន រួមទាំងពីវិស័យឯកជនផងដែរ។ ជំនួយបច្ចេកទេសរហូតដល់១០លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះដើម្បីធ្វើសង្គតិភាពបទប្បញ្ញត្តិ អនុម័តស្តង់ដារបច្ចេកទេសរួម រៀបចំការសិក្សាសមិទ្ធិលទ្ធភាព និងជំរុញការងារផ្សេងទៀតដែលចាំបាច់សម្រាប់គម្រោងធំៗ។

គំនិតផ្តួចផ្តើមបណ្តាញថាមពលនៅតំបន់អាស៊ី គឺជាការផ្លាស់ប្តូរពីការតភ្ជាប់ថាមពលពីប្រទេសមួយទៅប្រទេសមួយ ទៅជាវិធីសាស្រ្តក្នុងតំបន់សម្រាប់ពាណិជ្ជកម្មថាមពល។ វាផ្តើមចេញពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់ដែលមានស្រាប់ រួមមានកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់អាស៊ីខាងត្បូង (South Asia Subregional Economic Cooperation), ផែនការប្រទាក់ក្រឡាបណ្តាញអគ្គិសនីនៃគំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation), បណ្តាញថាមពលអាស៊ាន (ASEAN Power Grid) និងយុទ្ធសាស្ត្រថាមពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីកណ្តាលឆ្នាំ២០៣០(Central Asia Regional Economic Cooperation Energy Strategy 2030)។

បណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានសមត្ថភាពខ្ពស់ និងមានវិសាលភាពធំធេងសម្រាប់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Digital Highway) នឹងកៀរគរថវិកាចំនួន២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ច្រករបៀងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងសេដ្ឋកិច្ចដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ AI។ ការវិនិយោគទាំងនេះនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់ រួមមានបណ្តាញសរសៃអុបទិកលើដី និងក្រោមសមុទ្រ បណ្តាញផ្កាយរណប និងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់។ ADB ក៏នឹងផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងបទដ្ឋានគតិយុត្ត រួមទាំងការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ, និងវិនិយោគលើកម្មវិធីជំនាញ ដើម្បីពង្រឹងការត្រៀមខ្លួនផ្នែកឌីជីថល និង AI។

នៅឆ្នាំ២០៣៥ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ការចូលប្រើអ៊ីនធឺណិតជាលើកដំបូងដល់ប្រជាជនចំនួន២០០លាននាក់ និងការតភ្ជាប់ឌីជីថលដែលអាចទុកចិត្តបាន និងលឿនជាងមុនសម្រាប់ប្រជាជនចំនួន៤៥០លាននាក់ផ្សេងទៀតនៅទូទាំងតំបន់។ វាត្រូវបានរំពឹងថានឹងកាត់បន្ថយការចំណាយលើការតភ្ជាប់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់មិនជាប់សមុទ្រប្រហែល ៤០ ភាគរយ និងជួយបង្កើតការងារចំនួន៤លានកន្លែង។

ADB រំពឹងថានឹងផ្តល់ហិរញ្ញប្បទានដល់ ១៥ ពាន់លានដុល្លារ នៃការវិនិយោគ ២០ ពាន់លានដុល្លារនេះ ពីធនធានរបស់ខ្លួនផ្ទាល់ខ្លួន និងកៀរគរថវិកា ៥ ពាន់លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន រួមទាំងពីវិស័យឯកជនផងដែរ។ មជ្ឈមណ្ឌលសម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានបង្កើតឡើងនៅទីក្រុងសេអ៊ូល ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ។

ដោយទទួលបានការរួមចំណែក ២០ លានដុល្លារពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះនឹងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ហើយនឹងជួយបណ្តុះបណ្តាលមនុស្សប្រហែល ៣ លាននាក់ លើជំនាញឌីជីថល និងជំនាញទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) នៅត្រឹមឆ្នាំ ២០៣៥៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា