ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

​ភ្នំពេញ​៖​ ធនាគារ​ A​BA ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ចំនួន​៤ ​ដែល​មាន​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ទទួល​បាន​ពិន្ទុ ៤​,​៥០ ​លើ​ ​៥ ​ក្នុង​សន្ទស្សន៍​វាយតម្លៃ​ធនាគារ​កម្ពុជា​ Super​Power ​Banking ​Index 2026 ​របស់​ SuperBankRatings ​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២១​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​។

​តាម​លទ្ធផល​នេះ​ ធនាគារ​ ABA ​ឈរ​នៅ​លេខ​១ នាំមុខ​ធនាគារ​ A​CL​EDA ​ដែល​ទទួល​បាន​លេខ​២ ​ខណៈ​ធនាគារ​ ​Canadia ​និង​ K​B PR​ASA​C ​ទទួល​បាន​ចំណាត់ថ្នាក់​រួម​លេខ​ ​៣​។​

Super​BankRatings ​បាន​ឱ្យ​ដឹង​ថា​ ​ការ​វាយតម្លៃ​នេះ​មិន​ផ្អែក​តែ​លើ​ទំហំ​ទ្រព្យ​សកម្ម​របស់​ធនាគារ​នោះ​ទេ​ ​ប៉ុន្តែ​ពិនិត្យ​លើ​សមត្ថភាព​រួម​ក្នុង​វិស័យ​សំខាន់​ៗ រួម​មាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ​អភិបាល​កិច្ច​ ការ​ផ្តល់​មូល​និធិ ​និង​សាច់ប្រាក់​ងាយស្រួល​ ​(​សន្ទនីយ​ភាព​)​ ​ទីតាំង​ក្នុង​ទីផ្សារ​ ​និរន្តរភាព​ ការ​គ្រប់គ្រង​ហានិភ័យ ​ព្រមទាំង​បច្ចេកវិទ្យា​។

​សម្រាប់​ A​BA ​ចំណាត់ថ្នាក់​លេខ​ ​១ ​នេះ ​ត្រូវ​បាន​គាំទ្រ​ដោយ​ភាព​នាំមុខ​ក្នុង​ទីផ្សារ​ ​សមត្ថភាព​បង្កើត​ប្រាក់​ចំណេញ​ ការ​គាំទ្រ​ពី​ក្រុមហ៊ុន​មេ ​National Bank ​of ​Canada ​និង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​។​

​ទន្ទឹម​នឹង​នេះ​ ​ការ​វាយតម្លៃ​បាន​កំណត់​ចំណុច​មួយចំនួន​របស់​ ABA ​ដែល​ត្រូវតាម​ដាន ​រួម​មាន​ការ​កើនឡើង​នៃ​ឥណទាន​ដំណាក់កាល​ទី​៣ ​(​Stage 3​)​ ​ការ​ប្រមូលផ្តុំ​ឥណទាន​ក្នុង​វិស័យ​មួយចំនួន​ ​កម្រិត​ទុន​បម្រុង​សម្រាប់​ទ្រទ្រង់​សមត្ថភាព​សង​បំណុល​ ​និង​ការ​បង្ហាញ​ព័ត៌មាន​ដែល​អាច​វាស់វែង​បាន​ពាក់ព័ន្ធ​នឹង​អាកាសធាតុ ​និង​និរន្តរភាព​។

​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​ ABA ​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ ១៦​,​១៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ចំនួន​៤៩ ​ដែល​ SuperBankRatings ​បាន​ពិនិត្យ​ ​មាន​ធនាគារ​ចំនួន​ ៤ ​ប៉ុណ្ណោះ​ដែល​បំពេញ​តាម​លក្ខខណ្ឌ​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​សម្រាប់​ការ​វាយតម្លៃ​ក្នុង​ក្រុម​នេះ​។

ស្ថាប័ន​នេះ​បាន​បញ្ជាក់​ថា​ ​ទំហំ​ទ្រព្យ​សកម្ម​កំណត់​ក្រុម​ធនាគារ​សម្រាប់​ការ​ប្រៀបធៀប​ ប៉ុន្តែ​មិន​មែន​ជា​កត្តា​កំណត់​ចំណាត់ថ្នាក់​នៅក្នុង​ក្រុម​នោះ​ទេ​។

​វិធីសាស្ត្រ​វាយតម្លៃ​របស់​ SuperBankRatings ​រួម​បញ្ចូល​ការ​វិភាគ​បរិមាណ​ ៤០​%​ ​និង​ការ​វិភាគ​គុណភាព​ ៦០​%​ ​ដោយ​ផ្អែក​លើ​ប៉ារ៉ា​ម៉ែត្រ​ចំនួន​១១ ​និង​ចំណុច​គោលប្រៀបធៀប​ចំនួន​៣​២៩ ​ព្រមទាំង​ការ​ពិនិត្យ​ប្រភព​ព័ត៌មាន​ជាង​២០០ រួម​មាន​របាយការណ៍​ធនាគារ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​និង​ការ​បោះពុម្ព​ផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​។​

Super​Bank​Ratings ​បាន​បញ្ជាក់​ថា​ ​លទ្ធផល​នេះ​ជា​មតិវិភាគ​សម្រាប់​ការ​ប្រៀបធៀប​ចំណាត់ថ្នាក់​ធនាគារ​ ​មិន​មែន​ជា​ចំណាត់ថ្នាក់​ឥណទាន​ផ្លូវការ​ ​ចំណាត់ថ្នាក់​ត្រួតពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ការ​ណែនាំ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​ ​ឬ​ការ​ធានា​លើ​លទ្ធផល​របស់​ធនាគារ​ឡើយ​៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា