សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

ភ្នំពេញ៖ យុវជនវ័យក្មេងដែលមានអាយុទើបតែជាង ២០ ឆ្នាំ បានបង្កើតស្នាដៃដ៏គួរកោតសរសើរក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយយុវជនរូបនេះ បានបង្កើតនូវផលិតផលទឹកម៉ាយូនេស សម្រាប់ផ្គត់ផ្គង់លើទីផ្សារជំនួសឱ្យផលិតផលរបស់ថៃ ហើយក៏កំពុងទទួលបានការគាំទ្រពីអាជីវករក្នុងស្រុកយ៉ាងច្រើនផងដែរ។

Advertisement

លោក ឈុន ស៊ីណាត ម្ចាស់សិក្បកម្ម បន្ទាយឆ្មារ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកូនកសិករមកពីឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត និងជាអតីតនិស្សិតទើបបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានកែច្នៃបង្កើតផលិតទឹកម៉ាយូនេស សម្រាប់អាហារ ដូចជាភីហ្សា សេនវិច និងហាំបឺហ្គ័រជាដើម។

លោកបានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា បច្ចុប្បន្ននេះ លោកបានផលិតនូវទឹកម៉ាយូនេសបានមួយមុខហើយ និងកំពុងចែកចាយលើទីផ្សារនានាទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដោយក្នុងមួយថ្ងៃអាចផលិតបានប្រមាណ ១០០ កេសធំៗ ហើយនៅពេលឆាប់ៗនេះ លោកនឹងចាប់ផ្ដើមផលិតទឹកប៉េងបោះ ទឹកលាបភីហ្សានិងគ្រឿងទេសមួយចំនួនទៀត និងមានផែនការក្នុងការពង្រីកការផលិតដើម្បីនាំចេញទៅកាន់បណ្ដាប្រទេសជិតខាងកម្ពុជា។

លោកបន្តថា ក្នុងពេលដែលលោកទើបតែចាប់ផ្ដើមដំណើរការសាកល្បងផលិតទឹកម៉ាយូនេសសម្រាប់ផ្គត់ផ្គង់លើទីផ្សារ លោកបានកត់សម្គាល់ឃើញថាមានការគាំទ្រពីអាជីវករក្នុងស្រុកមួយចំនួនធំ ដែលអាចចាត់ទុកថាពេលនេះ លោកជោគជ័យមួយកម្រិតហើយ ដែលអាចជាដើមទុនក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់។ លោកថា៖

“ការគាំទ្រពីសំណាក់អាជីវករក្នុងស្រុកយើង គឺមានសារសំខាន់ណាស់ ក្នុងការបោះជំហានទៅមុខ និងជាការជួយគាំទ្រផលិតផលខ្មែរហើយកាត់បន្ថយការនាំចូលពីបរទេស ដូចអនុសាសន៍របស់ថ្នាក់ដឹកនាំ ដែលចង់ឱ្យសហគ្រិនក្នុងស្រុក អាចផលិតផលនូវផលិតផល ដើម្បីផ្គត់ផ្គង់ដោយខ្លួន កាត់បន្ថយការនាំចូលឱ្យបានច្រើន។”

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ចាប់តាំងពីពលរដ្ឋកម្ពុជាទូទាំងប្រទេសបានពហិការឈប់ប្រើប្រាស់ផលិតផលថៃ ឃើញថា សហគ្រិនក្នុងស្រុកបានពង្រីកការផលិតទំនិញសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារកាន់តែច្រើន ជាមួយនឹងការគាំទ្រពីពលរដ្ឋយ៉ាងច្រើនផងដែរ។

លោកឧកញ៉ា បានបន្តថា ជាក់ស្ដែង ក្នុងពិព័រណ៍ផលិតផលខ្មែរដែលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានរៀបចំធ្វើឡើង ៣ លើកមកហើយនោះ មានពលរដ្ឋខ្មែរយ៉ាងច្រើនគាំទ្រ និងទិញទំនិញដែលដាក់តាំងបង្ហាញតាមស្ដង់នីមួយៗ ធ្វើឱ្យម្ចាស់ស្ដង់មួយចំនួនអស់ផលិតផលលក់មុនពេលកំណត់។

នៅក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ នេះ ផលិតផលខ្មែរដែលបានចុះបញ្ជីនៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានការកើនឡើងគួរឱ្យកត់សម្គាល់។

សម្តេចធិបតី មានប្រសាសន៍បន្តថា នេះជាអ្វីដែលរដ្ឋាភិបាលចង់បានចង់ឃើញ គឺផលិតផលក្នុងស្រុកអាចជំនួសឱ្យផលិតផលនាំចូលបានកាន់តែច្រើន ប៉ុន្តែអ្វីដែលរដ្ឋាភិបាលចង់ឃើញចង់បានទៀតនោះ គឺស្ថិរភាព និងនិរន្តរភាពនៃការគាំទ្ររបស់ពលរដ្ឋខ្មែរលើផលិតផលក្នុងស្រុក ដោយមិនចង់ឱ្យការគាំទ្រនេះ ត្រឹមតែមួយឆាវ ហើយបាត់ទៅវិញនោះទេ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា