តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៣៩ ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១ ១៤៩​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ​១៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​បាន​បង្កើត​ឱកាស​ការងារ​ជិត ​២៧​ម៉ឺន​កន្លែង​ ​ខណៈ​កម្ពុជា​កំពុង​បន្ត​ពង្រីក​តំបន់​ឧស្សាហកម្ម ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ​និង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​ឧស្សាហកម្ម​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ ​គិត​ត្រឹម​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​អនុម័ត​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​ ​៦៥​ ​តំបន់ ក្នុង​នោះ​មាន​ ​៣៩​ ​តំបន់​កំពុង​ដំណើរការ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ ​នៅ​ខេត្ត​ស្វាយរៀង​កាលពី​សប្តាហ៍​មុន​ ​ឯកឧត្តម​ ​ជា​ វុទ្ធី​ ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ឡើង​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន អតីត​នាយករដ្ឋមន្ត្រី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

​ឯក​ឧត្តម​បាន​បន្ត​ថា​ ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ប្រែក្លាយ​ដី​ទំនេរ ​និង​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​ទៅ​ជា​តំបន់​ឧស្សាហកម្ម ​ដែល​កំពុង​ទាក់ទាញ​គម្រោង​វិនិយោគ​ថ្មី​ៗ​ជា​បន្តបន្ទាប់​។ ​តំបន់​ទាំងនេះ​ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ​ជាពិសេស​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​ឧស្សាហកម្ម ​ពី​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ ​ទៅ​ជា​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​មាន​តម្លៃ​បន្ថែម​ខ្ពស់​។

​លោក​ ​អឿន ធារ៉ា​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ​Cam ​Realty ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ជួយ​សម្រួល​នីតិវិធី​ជា​ច្រើន​ដល់​វិនិយោគិន ​ជាពិសេស​វិនិយោគិន​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ​ដោយសារ​កត្តា​នេះ​ ​សកម្មភាព​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ការ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ហើយ​បាន​ជំរុញឱ្យ​វិនិយោគិន​បន្ត​បោះទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ​បន្ថែម​ទៀត​។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​បោះទុន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ជួយ​វិនិយោគិន​សន្សំ​ពេលវេលា ​និង​កាត់បន្ថយ​ថ្លៃ​ដើម​មួយ​ចំនួន​ ​ដោយសារ​តំបន់​ទាំងនេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សេវា​រដ្ឋបាល​ស្រាប់​។ ​ដូច្នេះ​ វិនិយោគិន​មិន​ចាំបាច់​ចំណាយ​បន្ថែម​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​រៀបចំ​សេវា​ទាំងនោះ​ដោយ​ខ្លួនឯង​ឡើយ​។ ​លើស​ពី​នេះ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​ផ្តល់​នូវ​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​ការ​វិនិយោគ​ផងដែរ​។

​ចំណែក​លោក​ ប៉ូ ​អ៊ាវ​គង់​ ​អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Advance ​Real ​Estate ​បាន​មានប្រសាសន៍​ថា​ ​ទោះបីជា​វិស័យ​អចលន​ទ្រព្យ​ផ្នែក​ផ្សេង​ៗ ​ដូចជា​ខុនដូ ​និង​លំនៅឋាន​ ​ហាក់​មាន​សន្ទុះ​ថម​ថយ​ក៏​ដោយ​ ​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅតែ​បន្ត​ទាក់ទាញ​ទុន​វិនិយោគ​ជា​បន្តបន្ទាប់​។ ​កត្តា​នេះ​បាន​ធ្វើឱ្យ​ដីធ្លី​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​នៅតែ​មាន​តម្រូវការ​។

​លោក​បាន​បន្ត​ថា​ ​កំណើន​នៃ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ជំរុញ​ឱ្យ​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ប្រទេស​ ​បន្ត​បោះ​ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​ជាក់ស្តែង​ ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ចំនួន​៧​បន្ថែម​ទៀត​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៨៣៧​លាន​ដុល្លារ​អាម៉េរិក​ ​និង​រំពឹង​ថា​នឹង​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ៤​ ២០៣​កន្លែង​។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ទាំង​៧​នេះ រួម​មាន​ ៣​ ​តំបន់​នៅ​ខេត្ត​កំពង់ស្ពឺ​ ​២​ ​តំបន់​នៅ​ខេត្ត​កំពត ​និង​ ២​ ​តំបន់​នៅ​រាជធានី​ភ្នំពេញ​។ ​ការ​អនុម័ត​គម្រោង​ថ្មី​ទាំងនេះ​បង្ហាញ​ពី​ការ​បន្តពង្រីក​មូលដ្ឋាន​ឧស្សាហកម្ម ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា