គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ ជា​ប្រភពទុនក្នុងស្រុក ហើយប្រភពទុន​វិនិយោគដែលច្រើនជាង​គេ​បន្ទាប់នោះគឺមកពីប្រទេស​ចិន ។​

យោងតាម​របាយការណ៍ ៨​ខែដើមឆ្នាំ​២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគក្នុងស្រុកប្រមាណ ២,៣៩​ពាន់លានដុល្លារអាម៉េរិក ខណៈប្រភពទុនវិនិយោគពីក្រៅប្រទេស​ដែលបានចុះបញ្ជី​វិនិយោគនៅកម្ពុជា​ក្នុងរយៈពេល៨ខែដើមឆ្នាំនេះមានទំហំទឹកប្រាក់​ប្រមាណជិត​ ២ពាន់​លានដុល្លារអាម៉េរិក ។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញផងដែរពីគម្រោង​វិនិយោគដែលលេចធ្លោ​រក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦នេះ រួមមានតំបន់សេដ្ឋកិច្ចពិសេស គម្រោង​វិនិយោគលើថាមពល​អគ្គិសនីដើរ​ដោយកម្លាំង​ខ្យល់ គម្រោងវិនិយោគលើរោងចក្រផលិត​សំបក​កង់យានយន្ត​ គម្រោង​វិនិយោគលើរោងចក្រ​អគ្គិសនីដើរដោយថាមពល​ពន្លឺអាទិត្យ​ជាដើម ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានមើលឃើញថា ការ​វិនិយោគនៅកម្ពុជា​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំមកនេះ ភាគច្រើនផ្ដោតលើ​វិស័យឧស្សាហកម្ម​ កសិ-ឧស្សាហកម្ម​។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា​ វិស័យឧស្សាហកម្ម​កម្ពុជា​បានស្រូបទាញ​ប្រភពទុនវិនិយោគ និង​វិនិយោគិន​ចូលមក​បណ្ដាក់ទុនជា​បន្តបន្ទាប់ ហើយតាមរយៈការ​វិនិយោគលើវិស័យឧស្សាហកម្មនេះដែរ បានធ្វើឱ្យតម្រូវការ​ដីធ្លី​សម្រាប់​បម្រើឱ្យ​ការ​វិនិយោគលើវិស័យនេះមានកំណើន​ ។

បើតាមលោក ប៉ូ អ៊ាវ​គង់​ ឱ្យដឹងថា ដីធ្លីដែលផ្គត់ផ្គង់សម្រាប់​បម្រើ​ការ​វិនិយោគ​វិស័យឧស្សាហកម្ម ជា​ប្រភេទដីនៅជាយក្រុង​ ឬដីដែលមានតម្លៃទាប ចន្លោះ​១០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះដីប្រភេទនេះ​មាន​តម្រូវការ​ច្រើន ។

បើតាមរបាយការណ៍របស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តដែល​ទាក់ទាញបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល​៨ខែដើមឆ្នាំ២០២៦​នេះ រួមមានខេត្តកំពង់ស្ពឺ ខេត្ត​ស្វាយរៀង​ ព្រះសីហនុ តាកែវ កំពត ក្រុងព្រះសីហនុ និងបណ្ដាខេត្តមួយចំនួនទៀត​ដែល​មានសក្ដានុពល ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា