ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

កំពត ៖ ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦ ។

Advertisement

ជាទូទៅ ការប្រមូលផលអំបិលរបស់កសិករខេត្តកំពត និងកែប ត្រូវធ្វើឡើងនៅចាប់ពីខែតុលា រហូតដល់ខែមេសា ដែលមានរយៈពេល៦ខែរៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ ការប្រមូលផលអំបិលត្រូវបានអូសបន្លាយរហូតដល់ដើមខែមករា ទើបចាប់អនុវត្ត។  

លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានលើកឡើងថា រហូតដល់ដើមខែមីនា ឆ្នាំ២០២៦នេះ ការប្រមូលផលអំបិលនៅមិនទាន់គ្រប់១០% នៃផែនការប្រមូលអំបិលទុកឱ្យបាន១០ម៉ឺនតោនក្នុងមួយឆ្នាំនៅឡើយ ដោយសាររដូវភ្លៀងធ្លាក់អូសបន្លាយរយៈពេលយូរ

អ្នកស្រីបានបញ្ជាក់ថា ៖

«កាលពីឆ្នាំទៅ ឆ្នាំទៅមួយ គឺយើងផលិតចាប់ផ្តើមប្រមូលតាំងពីចុងខែ១១ ឬពាក់កណ្តាលខែ១១ទៅ ដល់ឆ្នាំនេះចូលខែ១ហើយទើបចាប់ផ្តើមប្រមូលផលចាស់យើងអាស្រ័យលើអាកាសធាតុវាប្រែប្រួលយ៉ាងម៉េច វាត្រូវជួបផលវិបាក»។

គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ការប្រមូលផលអំបិលនៅក្នុងខេត្តកំពតបានចំនួនប្រមាណជាង ៤០០០តោន។​ ប្រសិនបើអាកាសធាតុអំណោយផលល្អមិនសូវមានភ្លៀងធ្លាក់ច្រើន នោះការប្រមូលផលអំបិលនឹងអាចគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ក្នុងប្រទេស។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បាន​ឱ្យដឹងថា ដោយផ្អែកលើកត្តាអាកាសធាតុមិនសូវមានភ្លៀងធ្លាក់ច្រើនជាកត្តាអំណោយផល ដែលរំពឹងថានឹងអាចប្រមូលគ្រប់តាមផែនការផ្គត់ផ្គង់ក្នុងប្រទេស ចន្លោះពី ៧ម៉ឺនតោន ទៅដល់ ៩ម៉ឺនតោន សម្រាប់ឆ្នាំ២០២៦ើ

លោកបញ្ជាក់ថា ៖

«យើងសង្ឃឹមថា ឆ្នាំនេះមេឃអំណោយផលដោយសារឆ្នាំមុនភ្លៀងធ្លាក់ញឹកញយ ឆ្នាំនេះយើងទើបតែកក់ខែថ្ងៃមុនម្តងទេ ចឹងមានន័យថា យើងមានពេលច្រើន សម្រាប់ការប្រមូលផល ប៉ុន្តែអ្វីដែលយើងបារម្ភបំផុតនោះគឺខ្វះកម្លាំងពលកម្ម»។

សូមជម្រាបថា អំបិលមានតម្លៃផ្សេងៗគ្នាទៅតាមគុណភាព សម្រាប់អំបិលលេខ១ មានតម្លៃ ១៨ ០០០រៀលក្នុងមួយបាវ (ទម្ងន់៥០គីឡូក្រាម) លេខ២ តម្លៃ ១៦ ០០០រៀលក្នុងមួយបាវ និងលេខ៣ មានតម្លៃ ១៥ ០០០រៀលក្នុងមួយបាវ។  

យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទិន្នផលអំបិលឆ្នាំ២០២៥ មានចំនួន ៣៤ ៥១១តោន (ខេត្តកំពតផលិតបាន ៣១ ២៨២តោន ហើយខេត្តកែបផលិតបាន ៣ ១២៩តោន)។ ស្តុកអំបិលសរុបគិតត្រឹមចុងឆ្នាំ២០២៥ មានចំនួន ៨៨ ៣៤៦តោន លក់ចេញបានសរុបចំនួន ៨៤ ០១១ តោន។  

ទីតាំងផលិតអំបិលសំខាន់ៗមានចំនួន ៦ រួមមាន ទី១.បឹងរូង១, ទី២.បឹងរូង២, ទី៣.បឹងទូក, ទី៤.ត្រើយកោះ, ទី៥.សេះស និងទី៦.កំពង់ត្រាច ដែលមានផ្ទៃដីសរុបចំនួន ៣​ ៩៨៧ហិកតា និងមានសមត្ថភាពផលិតបានចំនួន ៧៩ ៧៤៧តោនក្នុងមួយឆ្នាំ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា