ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​។

Advertisement

​នា​រសៀល​ថ្ងៃទី​៧​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូសភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​ទីក្រុង​ហុងកុង ​(​CGCC​) ​និង​សម្ព័ន្ធ​សហគ្រិន​តំបន់​ឆ្នេរសមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ាកាវ ​(​GBA​ ​Alliance​) ​ដែល​មាន​ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​ដឹកនាំ​ដោយ​លោក​ ​Jonathan​ ​K​.​S​.​ ​Choi​ ​ប្រធាន​ក្រុមហ៊ុន​ ​Sunwah​ ​Group​ ​ប្រធាន​ ​CGCC​ ​និង​ជា​ប្រធាន​ ​GBA​ ​Alliance​ ​ចូល​ជួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ ​នៅ​វិមាន​សន្តិភាព​។

​ក្នុង​ជំនួប​នេះ​ ​គណៈប្រតិភូ ​CGCC​ ​និង​ ​GBA​ ​Alliance​ ​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ ព្រមទាំង​បង្ហាញ​ជំនឿ​ទុកចិត្ត​លើ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

​គណៈប្រតិភូ​បាន​ជម្រាប​សម្តេច​ធិបតី​ថា​ ​ដំណើរទស្សនកិច្ច​ធុរកិច្ច​មកកាន់​កម្ពុជា​នេះ​ ​មាន​គោលបំណង​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​លើ​វិស័យ​សក្តានុពល​សំខាន់​ៗ​ ​រួមមាន​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​អចលន​ទ្រព្យ​ ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​បច្ចេកវិទ្យា​ ​បញ្ញា​សិប្បនិម្មិត​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(​e​-​Commerce​) ​ថាមពល ​ការ​ដឹកជញ្ជូន​ ​និង​ឡូជី​ស្ទី​ក ​អាកាសចរណ៍​ កសិកម្ម​ ​អប់រំ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​សុខាភិបាល​។

​ជា​ការ​ឆ្លើយតប ​សម្តេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ​សម្តេច​ធិបតី​បាន​គូស​រំលេច​ពី​គោលនយោបាយ​ ​និង​វិធានការ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន ​ការ​កែទម្រង់​ស្ថាប័ន​ ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​ ​និង​ការ​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​វិស័យ​សក្តានុពល​មួយចំនួន​ ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​ និង​ភាព​ជោគជ័យ​របស់​វិនិយោគិន​នៅ​កម្ពុជា​។

​ទន្ទឹមនឹង​នេះ​ ​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​រាជ​រដ្ឋាភិបាល​នឹង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​តាម​ផ្លូវ​គោក​ ​ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក​ ព្រមទាំង​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​អាកាស​ជាមួយ​អន្តរជាតិ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ដឹកជញ្ជូន​ ​និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

​សម្តេច​ធិបតី​ក៏​បាន​សង្កត់ធ្ងន់​ថា​ ​ការ​វិនិយោគ​នៅ​កម្ពុជា​ផ្តល់​ឱកាស​ឱ្យ​វិនិយោគិន​ឈានចូល​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផលិតផល​ទៅកាន់​តំបន់​ ​និង​ទីផ្សារ​ពិភពលោក​ ​ដោយសារ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ ​និង​តំបន់​។

​ជាមួយគ្នា​នេះ​ រាជ​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធានា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ធន់ ​ភាព​ប្រកួតប្រជែង​ ​និង​សុវត្ថិភាព​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​ជំរុញ​ការ​វិនិយោគ​រយៈពេល​វែង​។

​នៅ​ចុងបញ្ចប់​ ​សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ ​CGCC​ ​និង​ ​GBA​ ​Alliance​ ​ឱ្យ​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ​ដើម្បី​ស្វែងរក​ និង​ចាប់​យក​ឱកាស​វិនិយោគ​ជាក់ស្តែង​នៅ​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា