បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

​សៀមរាប​៖ ​ការ​ពង្រីក​ការ​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះសំណាញ់​ ​បាន​ជួយ​ឱ្យ​សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ ​នៅ​ស្រុក​ស្វាយលើ ​ខេត្ត​សៀមរាប​ ​បង្កើត​ប្រភព​ចំណូល​ជាប្រចាំ​ ​ដោយ​បច្ចុប្បន្ន​អាច​ប្រមូល​ផល​បន្លែ​បាន​ប្រមាណ​ ​២៥,៥០០​ ​គីឡូក្រាម​ក្នុង​មួយ​ខែ​ ​គិត​ជា​ប្រាក់​ចំណូល​ ​គឺ​ប្រមាណ​ ​៦៨,៨៥០,០០០​ រៀល​។

Advertisement

​សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ ​ដែល​មាន​ទីតាំង​នៅ​ភូមិ​កន្តួត​ ឃុំ​កន្តួត​ ​ស្រុក​ស្វាយលើ ​បាន​ផ្លាស់ប្តូរ​ពី​ការ​ពឹងផ្អែក​លើ​ការ​ដាំ​ស្រូវ​តែ​មួយ​មុខ​ មក​ពិពិធកម្ម​ផលិតកម្ម​កសិកម្ម​ តាមរយៈ​ការ​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះសំណាញ់​ ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​តម្លៃ​ស្រូវ​។

​អ្នកស្រី​ ​ឈិន ​សុភាសី ​ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ ​បាន​ឱ្យដឹង​ថា​ ​បច្ចុប្បន្ន​សហគមន៍​បាន​សាងសង់​ផ្ទះសំណាញ់​រួច​ចំនួន​ ​៥១​ ​ខ្នង ​លើ​ផ្ទៃដី​ជិត​ ​៣​ ហិកតា ​ដោយ​មាន​សមាជិក​ចំនួន​ ​៥៧​ ​គ្រួសារ​ទទួល​ផល​ដោយ​ផ្ទាល់​។

​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​ សហគមន៍​មាន​គោលដៅ​ពង្រីក​ចំនួន​ផ្ទះសំណាញ់​ឱ្យ​បាន​ជាង​ ​១០០​ ​ខ្នង​នា​ពេល​ខាងមុខ​។​

បច្ចុប្បន្ន ​សហគមន៍​ផ្តោត​លើ​ការ​ដាំ​បន្លែ​ស្លឹក​ដែល​មាន​ស្តង់ដារ​ខ្ពស់​ ​រួមមាន​ ​ស្ពៃ​តឿ ​ស្ពៃ​ក្រញាញ់​ ​និង​ស្ពៃ​ចង្កឹះ​ ព្រមទាំង​កំពុង​សិក្សា​ពិសោធន៍​លើ​ស្ពៃ​ក្តោប ​ស្ពៃ​ជើង​ទា ​និង​ត្រប់​ ​៣​ ​ប្រភេទ​ ​រួមមាន​ ត្រប់​ស្រួយ​ ត្រប់​វែង​ ​និង​ត្រប់​ធំ​។

​តាម​អ្នកស្រី​ ​ឈិន ​សុភាសី ​សហគមន៍​អាច​ប្រមូល​ផល​បន្លែ​បានជា​មធ្យម​ពី​ ​៧០០​ ​ទៅ​ ​៨៥០​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ប្រសិនបើ​គិត​ជា​រយៈពេល​មួយ​ខែ​ ​ទិន្នផល​សរុប​មាន​ចំនួន​ប្រមាណ​ ​២៥,៥០០​ ​គីឡូក្រាម​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​៦៨,៨៥០,០០០​ រៀល​។

​ទោះជា​យ៉ាងណា​ ​តម្លៃ​បន្លែ​នៅតែ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទីផ្សារ​ និង​គុណភាព​ផលិតផល​។ ​សម្រាប់​ស្ពៃ​ក្រញាញ់​ តម្លៃ​ដែល​សហគមន៍​ទទួលបាន​កន្លងមក​ស្ថិត​ក្នុង​ចន្លោះ​ពី​ ​១,២០០​ ​រៀល​ ​ដល់​ ​២,៧០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។

​ដើម្បី​ធានា​ច្រក​ទីផ្សារ​ សហគមន៍​បាន​រៀបចំ​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​ប្រមូល​ទិញ​បោះ​ដុំ​ដោយ​ផ្ទាល់​ ​ដោយ​កំណត់​តម្លៃ​ទិញ​-​លក់​ស្រប​តាម​ស្ថានភាព​ទីផ្សារ​ប្រចាំ​ថ្ងៃ​។ ​ការ​រៀបចំ​បែប​នេះ​ជួយ​ឱ្យ​សហគមន៍​មាន​ទីផ្សារ​ប្រមូល​ទិញ​ច្បាស់លាស់​ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។​

ក្រៅពី​ការ​លក់​កសិផល​ សមាជិក​សហគមន៍​ក៏​ទទួលបាន​ប្រាក់​ឈ្នួល​ពី​ការ​លក់​កម្លាំង​ពលកម្ម​ផ្ទាល់​ជូន​សហគមន៍​ និង​ទទួលបាន​ការ​បែងចែក​ប្រាក់​ចំណេញ​បន្ថែម​ជា​ភាគលាភ​ពី​ប្រតិបត្តិការ​អាជីវកម្ម​សរុប​របស់​សហគមន៍​។ ​ប្រព័ន្ធ​នេះ​បាន​ជួយ​បង្កើត​ការងារ​ ​និង​ចំណូល​នៅក្នុង​មូលដ្ឋាន​ ​ដោយ​កាត់បន្ថយ​តម្រូវការ​ចំណាកស្រុក​របស់​សមាជិក​។

​ចំពោះ​ថ្លៃ​ដើម​ផលិត​ ​អ្នកស្រី​ ​ឈិន ​សុភាសី ​បាន​ឱ្យដឹង​ថា​ សហគមន៍​បាន​ចាប់ផ្តើម​រៀបចំ​ជី​កំប៉ុស្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដាំ​បន្លែ​របស់​សហគមន៍​ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​ចំណាយ​លើ​ធាតុ​ចូល​កសិកម្ម​។

​ការ​អភិវឌ្ឍ​នេះ​ទទួលបាន​ការ​គាំទ្រ​ពី​គម្រោង​ «​ពិពិធកម្ម​កសិកម្ម​កម្ពុជា​» ​(​CASDP​) ​តាមរយៈ​ការ​ឧបត្ថម្ភ​ទុន​ ​៤០​ ​ភាគរយ​លើ​ការ​សាងសង់​ផ្ទះសំណាញ់​ ​ដើម្បី​លើកកម្ពស់​ការ​ដាំដុះ​បន្លែ​សុវត្ថិភាព​ ​និង​ពង្រឹង​ជំនាញ​បច្ចេកទេស​កសិកម្ម​ទំនើប​របស់​សមាជិក​។

​គម្រោង​ក៏​បាន​គាំទ្រ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ​សម្រាប់​សម្រួល​ការ​ដឹកជញ្ជូន​កសិផល​ និង​ការ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ​ដើម្បី​ធានា​ប្រភព​ទឹក​សម្រាប់​ផលិតកម្ម​របស់​គ្រួសារ​សមាជិក​។

​តាមរយៈ​ការ​ពង្រីក​ការ​ដាំ​បន្លែ​សុវត្ថិភាព​ ​ការ​ធានាទីផ្សារ​ប្រចាំ​ថ្ងៃ​ ​និង​ការ​បង្កើត​ប្រភព​ចំណូល​ច្រើន​ជាង​មុន​ សហគមន៍​ស្រូវ​នាង​អំកំពុង​ផ្លាស់ប្តូរ​សមាជិក​ពី​ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ ​ទៅជា​កសិពាណិជ្ជករ ​ដែល​អាច​បង្កើត​ចំណូល​បានជាប្រចាំ​ និង​រួមចំណែក​ផ្គត់ផ្គង់​បន្លែ​ដល់​ទីផ្សារ​ក្នុង​ស្រុក​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា