រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia) និង National Land Coalition-Cambodia (NLC-Cambodia)នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងការវាស់វែងចុះបញ្ជីដីធ្លី។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពវាងវៃ ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតប្រជាជាតិកម្ពុជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ នាចុងទសវត្សរ៍ទី៨០ ។ ការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា គឺជាជំហានដ៏យុទ្ធសាស្ត្រមួយក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជារួម ជាប្រាក់ចំណូល និងភាពមានបានរបស់សង្គមកម្ពុជា និយាយដោយឡែក។ ឆ្នាំ១៩៨៥ ដែលជាចំណុចរបត់ដ៏សំខាន់ពីសេដ្ឋកិច្ចសមូហភាព (ក្រុមសាមគ្គី) មកជាការគ្រប់គ្រងដីធ្លីលក្ខណៈគ្រួសារ និងបានអនុវត្តនៅឆ្នាំ១៩៨៩ បន្ទាប់ពីរដ្ឋសភានៅពេលនោះបានអនុម័ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការអនុវត្តការងារចុះបញ្ជីនិងចេញបណ្ណលើកដំបូង ដោយផ្តើមចេញពីការបដិសេធការទាមទារកម្មសិទ្ធិមុនឆ្នាំ១៩៧៩ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លីជូនប្រជាពលរដ្ឋស្របច្បាប់ ដែលនេះគឺ «លោកឪពុកចែកទ្រព្យសម្បត្តិជូនកូនៗ»។ ផ្លែផ្កានៃការធ្វើកំណែទម្រង់នេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីដីធ្លីទាំងស្រុង និងបញ្ចប់វិវាទ។

ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ «យុទ្ធនាការចុះបញ្ជីដីបង្ហើយ» ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យ។ តាមរយៈការបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា យើងបង្កើតបាននូវភាពច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំកាន់កាប់ដីធ្លី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ច គុណតម្លៃនៃអចលនទ្រព្យ និងកសាងបាននូវសង្គមសុខដុមនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ដីធ្លីបានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។

ជាការកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ ក្រសួងដែនដី បានវាស់វែង និងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី ក្នុងនោះ ដីលំនៅឋាន ប្រមាណ ៥,៦លានក្បាលដី (ប្រមាណ ៣៨%) និងដីកសិកម្ម ប្រមាណ ៨លានក្បាលដី (ប្រមាណ ៥៥%)។ ជាមួយគ្នានេះ ការងារចែកបណ្ណគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្របជាយុទ្ធសាស្ត្រ ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធពិធីអបអរសាទរខួប ៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លីជូនប្រជាពលរដ្ឋ ដែលបានផ្តួចផ្តើមដំបូងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតេជោ តែងតែគិតគូរ និងតម្កល់ប្រយោជន៍របស់ប្រជាជនកម្ពុជាជាធំ តាំងពីដើមរៀងមក៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា