រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ភ្នំពេញ៖ ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា។ ការកើនឡើងនៃបរិមាណលក់បានក្លាយជាឱកាសសំខាន់សម្រាប់អាជីវករ និងកសិករខ្មែរ ក្នុងការបង្កើនចំណូល។

ផ្លែឈើក្នុងស្រុកដូចជា ចេកណាំវ៉ា ចេកពងមាន់ ចេកអំបូង មៀន ក្រូចពោធិ៍សាត់ ស្រកានាគ ទទឹម ស្វាយ មង្ឃុត ល្មុត សេដា ដូង ក្រូចថ្លុង និងម្នាស់ ត្រូវបានប្រជាពលរដ្ឋនិយមយកទៅប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីនេះ ដោយត្រូវបានចាត់ទុកថាជានិមិត្តរូបនៃភាពសម្បូរសប្បាយ និងត្រជាក់ត្រជុំ។

តាមការលើកឡើងរបស់អាជីវករ ប្រជាពលរដ្ឋបច្ចុប្បន្នមានទំនោរទិញផ្លែឈើធម្មជាតិក្នុងស្រុកកាន់តែច្រើន ដោយសារកត្តារសជាតិ និងសុវត្ថិភាពម្ហូបអាហារ។ ការគាំទ្រផលិតផលក្នុងស្រុក រួមជាមួយនឹងចលនាប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ បានជំរុញសកម្មភាពទិញដូរផ្លែឈើប្រចាំតំបន់ ទាំងសម្រាប់ទទួលទានផ្ទាល់ខ្លួន និងធ្វើជាកាដូជូនចាស់ទុំ។

អ្នកស្រី នី ចិន្តា អាជីវករលក់ផ្លែឈើចម្រុះនៅផ្សារប្រាំពីរមករា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តម្លៃផ្លែឈើមិនមានការប្រែប្រួលខ្លាំងធៀបនឹងថ្ងៃធម្មតានោះទេ។

អ្នកស្រីបានឱ្យដឹងថា ផ្លែឈើដែលមានតម្រូវការប្រចាំថ្ងៃខ្ពស់ មានរង្វង់ចំណេញជាមធ្យមត្រឹម ១៥% ទៅ ២០% ប៉ុណ្ណោះ ប៉ុន្តែការកើនឡើងនៃបរិមាណលក់សរុបបានជួយឱ្យអាជីវករអាចរកប្រាក់ចំណេញបានច្រើន។

អ្នកស្រី ចិន្តា បានបន្តថា មុខទំនិញដែលលក់ដាច់ស្ទើរតែទាំងអស់ រួមមានផ្លែឈើក្នុងស្រុកដូចជា ចេកគ្រប់ប្រភេទ មៀន ក្រូចពោធិ៍សាត់ ល្មុត សាវម៉ាវ ក្រូចថ្លុង និងដូង។ ចំណែកផ្លែឈើនាំចូល និងមុខទំនិញដទៃទៀតដែលមានការលក់ដាច់ រួមមានផ្លែប៉ោមក្រហម និងបៃតង ទំពាំងបាយជូរ ក្រូចឃ្វិចសំបកលឿង និងផ្លែទទឹម។

ចំពោះតម្លៃផ្លែឈើវិញ អ្នកស្រីបានឱ្យដឹងថា មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ដោយផ្លែប៉ោមមានតម្លៃចន្លោះពី ១២,០០០ ទៅ ១៥,០០០ រៀល ខណៈផ្លែមៀនមានតម្លៃពី ៨,០០០ ទៅ ១០,០០០ រៀលក្នុងមួយគីឡូក្រាម និងក្រូចសំបកលឿងមានតម្លៃពី ១០,០០០ ទៅ ១៧,០០០ រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រី ចិន្តា បានបញ្ជាក់ថា កត្តាគន្លឹះដែលជួយឱ្យអាជីវកម្មរបស់អ្នកស្រីរក្សាបានចំណែកទីផ្សារ គឺការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយទទួលបានប្រភពទំនិញមានគុណភាព តម្លៃដើមទាប ធានាបានភាពស្រស់ និងមិនឆ្លងកាត់ម៉ូយកណ្តាលច្រើនតំណាក់កាល។

ទោះជាយ៉ាងណា អាជីវកររូបនេះបានគូសបញ្ជាក់ថា អាជីវកម្មនៅបាត់បង់ឱកាសមួយចំនួនក្នុងការបង្កើតតម្លៃបន្ថែមលើផលិតផល ដោយសារខ្វះពេលវេលាក្នុងការរៀបចំកន្ត្រកកាដូ ឬសាដកផ្លែឈើស្រស់ និងការពង្រីកការលក់តាមប្រព័ន្ធឌីជីថល។

អ្នកស្រីបានលើកឡើងថា ការលក់តាម E-Commerce ការបង្កើតទំព័រ Facebook និង TikTok ការថតរូប ឬវីដេអូទាក់ទាញ ព្រមទាំងការភ្ជាប់ជាមួយកម្មវិធីដឹកជញ្ជូន អាចជាឱកាសសម្រាប់បង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារផ្លែឈើ។

អ្នកស្រី ចិន្តា បានបន្ថែមថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំក្រោយ អ្នកស្រីនឹងរៀបចំឱកាសបង្កើតតម្លៃបន្ថែមលើផលិតផលទាំងនេះ ដោយផ្តោតលើប្រភេទផ្លែឈើដែលបានកត់សម្គាល់ថាលក់ដាច់ជាងគេ និងដែលប្រជាពលរដ្ឋនិយមយកទៅរៀបចំជាកន្ត្រកផ្លែឈើ ឬសាដកផ្លែ ដើម្បីប្រគេនព្រះសង្ឃ ឬជូនអ្នកមានគុណ។

ដោយឡែក​ ​អ្នក​ស្រី​ ​លឿត ​គីម​សួយ​ ​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ទួលគោក ​បាន​ឱ្យ​ដឹង​ថា​ ​ចរន្ត​នៃ​ការ​ទិញ​លក់​ផ្លែ​ឈើ​នឹង​កើនឡើង​ខ្លាំង​នៅ​ចុង​សប្តាហ៍​ ​គឺ​ថ្ងៃ​សៅរ៍​ ​និង​អាទិត្យ​ ​ព្រោះ​ជា​ពេល​ដែល​ប្រជា​ពលរដ្ឋ​ទំនេរ​ពី​ការងារ​ ​និង​មាន​ពេល​រៀបចំ​ទៅ​វត្ត​អារាម​។

​សរុប​សេចក្តី​មក​ ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​មិន​ត្រឹមតែ​ជា​ពិធី​បុណ្យ​ប្រពៃណី​សាសនា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ជា​កាតាលីករ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ចរាចរណ៍​សាច់ប្រាក់​ ​គាំទ្រ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ក្នុង​ស្រុក​ ​និង​បង្កើត​ចំណូល​បន្ថែម​ដល់​អាជីវករ​លក់​ដុំ ​និង​លក់​រាយ​ផ្លែ​ឈើ​នៅ​កម្ពុជា​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា