ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

មណ្ឌលគិរី​៖ ​ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​។​ ​កសិករ​ដាំដុះ​ដំណាំ​នេះ​អាច​ប្រមូល​ផល​ផ្គត់ផ្គង់​ទីផ្សារ​បាន​ប្រមាណ​ ​៥០០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ក្នុង​តម្លៃ​លក់​រាយ​ ​១២​,​០០០​ រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

​អ្នក​ស្រី​ មុយ វលក្ខ៍ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ AMS ​ថា​ ​អ្នក​ស្រី​បាន​ដាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នេះ​អស់​រយៈពេល​យូរ​មក​ហើយ​ ​ដោយ​ដាំ​លាយឡំ​ជាមួយ​បន្លែ​ជា​ច្រើន​ប្រភេទ​ទៀត ​ដើម្បី​ផ្គត់ផ្គង់​ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​យក​ទៅ​ចែកចាយ​នៅ​តាម​បណ្ដា​ផ្សារ​ក្នុង​ខេត្ត​មណ្ឌលគិរី ​និង​រាជធានី​ភ្នំពេញ​។ ​ការ​ដាំដុះ​ត្រូវ​បាន​ធ្វើឡើង​ជា​លក្ខណៈ​វិលជុំ ​ដើម្បី​ធានា​ឱ្យ​មាន​ផលិតផល​ផ្គត់ផ្គង់​ទីផ្សារ​ជា​ប្រចាំ​ថ្ងៃ​។

​អ្នក​ស្រី​បន្ត​ថា​ ​បច្ចុប្បន្ន​ ការ​ដាំ​ដុះ​ស្ពៃ​បូក​គោ​នេះ​មាន​លើ​ផ្ទៃដី​ប្រមាណ​ ​៥០ អា ​និង​អាច​ប្រមូល​ផល​បាន​ប្រមាណ ​៥០០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ​សម្រាប់​ចែកចាយ​ទៅកាន់​ទីផ្សារ​ខេត្ត​មណ្ឌលគិរី ​និង​រាជធានី​ភ្នំពេញ​ ​តាមរយៈ​សាខា​ចំនួន​ ៥ ​នៅ​ក្បែរ​ផ្សារ​អូឡាំពិក​ ​ដែល​អាច​បង្កើត​ចំណូល​បាន​ខ្ទង់​ពាន់​ដុល្លារ​។

​អ្នក​ស្រី​បញ្ជាក់​ថា​ ​ក្នុង​រដូវ​បុណ្យ​ទាន​ដែល​មាន​តម្រូវការ​កើនឡើង​ ​ការ​ដាំដុះ​ត្រូវ​បង្កើន​ផ្ទៃដី​ពី​ ៧០ ​អា ​រហូតដល់​ ១ ​ហិកតា ​ដោយ​អាច​ទទួល​បាន​ទិន្នផល​រហូតដល់​ ២​ តោន​។ ​ចំពោះ​តម្លៃ​វិញ​ ​ស្ពៃ​បូក​គោ​សុវត្ថិ​ភាព​ពូជ​ជប៉ុន​នេះ​ ​លក់​រាយ​ក្នុង​តម្លៃ​ ​១២​,​០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​តម្លៃ​លក់​ដុំ​មាន​កម្រិត​ទាប​ជាង​នេះ​ ​អាស្រ័យ​តាម​រដូវកាល​។

បើ​តាម​អ្នក​ស្រី​ ​គ្រាប់​ពូជ​ស្ពៃ​បូក​គោ​នេះ​ត្រូវ​បាន​នាំចូល​ពី​ក្រុមហ៊ុន​ជប៉ុន​ ​និង​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្រៅ​ប្រទេស​។ ​ការ​ដាំដុះ​ធ្វើឡើង​លើ​ដី​វាល​ធម្មជាតិ​ ​ដោយ​មិន​ប្រើប្រាស់​ផ្ទះសំណាញ់​។ ​ទោះជា​យ៉ាងណា​ ​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវ​វស្សា​ ​អាច​បង្ក​ការ​ខូចខាត​ដល់​ទិន្នផល​ប្រមាណ​ ​៦០​ ​ភាគរយ ​ក្នុង​អំឡុងពេល​អាកាសធាតុ​មិន​អំណោយ​ផល​។

​អ្នក​ស្រី​បាន​លើកឡើង​ថា​ ​មូលហេតុ​ដែល​ធ្វើឱ្យ​ស្ពៃ​បូក​គោ​មណ្ឌល​គិរី​ទទួល​បាន​ការ​ពេញនិយម ​គឺ​ដោយសារ​មាន​រសជាតិ​ស្រួយ​ឆ្ងាញ់​ប្លែក ​និង​ការ​ដាំដុះ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​។ ​អ្នក​ស្រី​បញ្ជាក់​ថា​ ​ផលិតផល​នេះ​មាន​សុវត្ថិ​ភាព​ ១០០ ​ភាគរយ ​ក្រោម​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យ៉ាង​ម៉ត់ចត់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​។

​ក្រៅ​ពី​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នេះ​ក៏​មាន​អតិថិជន​បញ្ជា​ទិញ​យក​ទៅ​ធ្វើជា​ ​«​គីម​ឈី​» ​ក្នុង​បរិមាណ​ច្រើន​ផងដែរ​ ​ដោយសារតែ​គុណ​ប្រយោជន៍​របស់​វា​ចំពោះ​សុខភាព ​ដូចជា​ ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ​បេះដូង​ ប្រព័ន្ធ​ភាពស៊ាំ ​និង​ការ​បន្សាប​ជាតិ​ពុល​។

​អ្នក​ស្រី​បន្ថែម​ថា​ ​ក្រៅ​ពី​ស្ពៃ​បូកគោ ​ខេត្ត​មណ្ឌលគិរី​ក៏​មាន​ការ​ដាំដុះ​បន្លែ​ជា​ច្រើន​ប្រភេទ​ទៀត ​ដូចជា​ ​ស្ពៃ​ក្តោប ការ៉ុត ​មើម​យេន ​និង​ល្ហុង ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។ ​ទោះបីជា​មាន​ការ​ផ្គត់ផ្គង់​តាម​ការ​បញ្ជាទិញ​របស់​អតិថិជន​ក៏​ដោយ​ ​ក៏​បន្លែ​ប្រភេទ​ខ្លះ​នៅតែ​មាន​ការ​ខ្វះខាត​ម្ដងម្កាល​ក្នុង​រដូវ​វស្សា​ ​ដែល​តម្រូវឱ្យ​ទទួល​ទិញ​បន្លែ ​និង​ផ្លែ​ឈើ​ពី​កសិករ​ដទៃ​បន្ថែម ​ដើម្បី​រក្សា​លំនឹង​ការ​ផ្គត់ផ្គង់​។

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ​កត្តា​ធម្មជាតិ​ដែល​អំណោយ​ផល រួម​មាន​ ​ដី​មាន​ជីជាតិ​ ​អាកាសធាតុ​ត្រជាក់ ​និង​ប្រភព​ទឹក​គ្រប់គ្រាន់ ​បាន​ជួយ​ឱ្យ​កសិផល​មណ្ឌល​គិរី​មាន​ភាព​ទាក់ទាញ​ ​និង​ក្លាយជា​ផលិតផល​សម្គាល់​តំបន់ ​សម្រាប់​អ្នក​បរិភោគ​ទូទៅ ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ដែល​ទៅកម្សាន្ត​នៅ​ខេត្ត​នេះ​។​

​ជា​ចុងក្រោយ​ ​អ្នក​ស្រី​ ​មុយ វលក្ខ៍ ​បាន​ផ្តាំផ្ញើ​ដល់​កសិករ​ឱ្យ​យកចិត្តទុកដាក់​សិក្សា​ ​និង​អនុវត្ត​បច្ចេកទេស​ដាំដុះ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដោយសារ​បន្លែ​ដែល​មាន​គុណភាព​ ​និង​សុវត្ថិ​ភាព​ខ្ពស់​ ​អាច​ទទួល​បាន​តម្លៃ​ល្អ​នៅលើ​ទីផ្សារ ​និង​ជួយ​ធានា​និរន្តរភាព​សេដ្ឋកិច្ច​ ​ព្រមទាំង​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​កសិករ​ផងដែរ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា