រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ និងសម្រេចបានប្រមាណ ៥១,៦ភាគរយនៃផែនការប្រចាំឆ្នាំ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

នៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២៦នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញរបាយការណ៍លម្អិតនៃចំណូលរបស់ពន្ធគយ ក្នុងនោះ សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ ៣៩ភាគរយ, យានយន្ត និងគ្រឿងចក្រ មានប្រមាណ ៣៥ភាគរយ, ប្រេងឥន្ធនៈ និងថាមពល មានប្រមាណ ១៨,៥ភាគរយ និងសម្ភារសំណង់ រួមជាមួយកម្រៃផ្សេងៗ មានសរុបប្រមាណ ៧,៥ភាគរយនៃចំណូលសរុប។

ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចនូវការប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈ និងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផលនៃការអនុវត្តវិធានការមុតស្រួចស្តីពីការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈនៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ រួមមានដូចជា ការដាក់ពន្ធ និងអាករ ជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន, ការបញ្ចុះអត្រាពន្ធ និងអាករ លើរថយន្តអគ្គិសនី និងឧបករណ៍ថាមពលសូឡា, ការថមថយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស និងការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសការនាំចូលជាដើម។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស វិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ ទាំងលើការងារប្រមូលចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ ។

គួររម្លឹកថា បើតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនការប្រមូលចំណូលពន្ធគយតាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យបានប្រមាណ ១២,០៥ទ្រីលានរៀល ឬស្មើនឹងប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា