កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

ភ្នំពេញ ៖ កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១ ០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ២០៣០។ ការផ្លាស់ប្តូរទៅរកថាមពលបៃតងគឺជាមធ្យោបាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលនឹងជួយឱ្យកម្លាំងពលកម្មរបស់កម្ពុជាអាចទទួលបានឱកាសការងារថ្មីៗខាងមុខ។

គួរបញ្ជាក់ផងដែរថា ការបង្កើនការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងប្រសិទ្ធភាពថាមពលនឹងអាចបង្កើតការងារដែលមានតម្លៃខ្ពស់ និងរក្សាតម្លៃសេដ្ឋកិច្ចឱ្យនៅបន្តក្នុងប្រទេសកម្ពុជានៅក្នុងបរិបថបៃតង។

យោងតាមសេចក្ដីប្រកាសរបស់អង្គការ EnergyLab​ Asia គោលដៅនៃគោលនយោបាយជាតិរបស់កម្ពុជា គឺសម្រេចឱ្យបាននូវថាមពលកកើតឡើងវិញចំនួន ៧០% នៃប្រភពថាមពលសរុប និងកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១៩% ព្រមទាំងមានយានយន្តអគ្គិសនីចំនួន ៧៧០ ០០០ គ្រឿង នៅលើដងផ្លូវនៅត្រឹមឆ្នាំ២០៣០។ តាមការប៉ាន់ស្មាន កម្ពុជានឹងមានតម្រូវការកម្លាំងពលកម្មចំនួន ១១ ០០០នាក់ជារៀងរាល់ឆ្នាំនៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ខណៈដែលការប្រើប្រាស់ប្រព័ន្ធថាមពលនេះមានការកើនឡើង ដើម្បីសម្រេចបាននូវគោលដៅនៃផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី។ រីឯការវិនិយោគដើម្បីសម្រេចគោលដៅនៃគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលត្រូវបានរំពឹងថា នឹងបង្កើតការងារពាក់ព័ន្ធប្រសិទ្ធភាពថាមពល ចន្លោះពី ៦ ៤០០ ទៅ ៨ ៩០០ កន្លែង។

ថ្លែងនៅវេទិកា Clean Energy Week 2026​ នាព្រឹកថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួ បានមានប្រសាសន៍ថា អន្តរកាលថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា គឺជាដំណើរការវិវត្តផ្នែកបច្ចេកវិទ្យាផង និងជាការកែសម្រួលជាមូលដ្ឋាននូវជំនាញ និងទីផ្សារការងារផង។

ឯកឧត្តមបានបញ្ជាក់ថា៖ 

«ការវិនិយោគលើធនធានមនុស្ស ជាការជំរុញយុវជនរបស់យើងឱ្យមានជំនាញដែលចាំបាច់សម្រាប់អនាគតនិងមានមាគ៌ាសម្រាប់ការរៀនសូត្រពេញមួយជីវិត ដែលនេះគឺជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច កំពុងត្រូវបានកំណត់ទម្រង់កាន់តែខ្លាំងឡើងដោយនវានុវត្តន៍ឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តធនធានមនុស្សជាសកល។ ដោយឡែក ជំនាញពាក់ព័ន្ធនឹងថាមពលស្អាត គឺជាចំណុចស្នូលដ៏សំខាន់បំផុតនៃដំណើរអភិវឌ្ឍន៍របស់ប្រទេស»។

លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការ EnergyLab​ Asia បានមានប្រសាសន៍ថា ការសម្រេចបាននូវគោលដៅរបស់កម្ពុជាពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ និងយានយន្តអគ្គិសនី ទាមទារយ៉ាងសំខាន់ឱ្យមានការពង្រីកកម្លាំងពលកម្មដែលមានជំនាញ។ 

លោកបន្តថា ៖

«ការអភិវឌ្ឍជំនាញទាំងនេះមិនត្រឹមតែជាការកសាងប្រព័ន្ធថាមពលស្អាតរបស់កម្ពុជាឱ្យកាន់តែឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានន័យផងដែរថា ជាការទាក់ទាញការវិនិយោគបន្ថែម ការបង្កើតការងារដែលមានតម្លៃខ្ពស់ និងរក្សាទុកនូវគុណតម្លៃសេដ្ឋកិច្ចឱ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា»។

ទន្ទឹមនឹងការតាំងចិត្តក្នុងការលើកកម្ពស់កម្លាំងពលកម្មនៅក្នុងវិស័យថាមពលស្អាតនេះ កញ្ញា សារឿន លក្ខិណា អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជានៃភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលលីចតេនស្ទីនបានលើកឡើងថា ភ្នាក់ងារផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលលីចតេនស្ទីន  (LED) មានមោទនភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មក្នុងវិស័យថាមពលស្អាតនៅកម្ពុជា។ 

កញ្ញាបានសង្កត់ថា ៖

«ការវិនិយោគលើការបណ្តុះបណ្តាលជំនាញនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធថាមពលដែលមាននិរន្តរភាព បរិយាបន្ន និងភាពធន់ជាងមុនសម្រាប់រយៈវែង និងច្រើនទសវត្សរ៍ទៅមុខទៀត»។

ដោយឡែក​ អង្គការ EnergyLab​ Asia បានសង្កត់ធ្ងន់ថា​ វឌ្ឍនភាពរបស់កម្ពុជាក្នុងការធានាថា កម្លាំងពលកម្មមានជំនាញ ចំណេះដឹង និងភាពរួចរាល់ដើម្បីចូលរួមក្នុងដំណើរការផ្លាស់ប្តូរទៅរកថាមពលស្អាត ទាមទារឱ្យមានការសម្របសម្រួលយ៉ាងរឹងមាំរវាងរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ ស្ថាប័នបណ្តុះបណ្តាល និងវិស័យឧស្សាហកម្ម។ ភាគីពាក់ព័ន្ធទាំងនេះត្រូវធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ភាពរួចរាល់របស់កម្លាំងពលកម្ម និងធ្វើឱ្យប្រព័ន្ធបណ្តុះបណ្តាលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការវិវត្តនៃទីផ្សារការងារ និងតម្រូវការរបស់វិស័យឧស្សាហកម្ម ដើម្បីធានាថា ការអភិវឌ្ឍកម្លាំងពលកម្មនឹងនាំទៅរកលទ្ធភាពទទួលបានការងារកាន់តែប្រសើរ និងឱកាសអាជីពកាន់តែច្រើន។

លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញក៏បានឱ្យដឹងថា មូលនិធិអភិវឌ្ឍន៍ជំនាញ បានប្តេជ្ញាចិត្តក្នុងការកសាងសមត្ថភាពកម្លាំងពលកម្មដែលកម្ពុជាត្រូវការ ដើម្បីបន្ថែមតម្លៃទៅអន្តរកាលថាមពលស្អាត។ 

លោកបញ្ជាក់ថា ៖

«ប្រសិនបើជំនាញមានការរីកចម្រើនទន្ទឹមនឹងបច្ចេកវិទ្យា យើងអាចបង្កើតការងារកាន់តែប្រសើរ សហគ្រាសកាន់តែរឹងមាំ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលស្អាតដែលកំពុងរីកចម្រើន។ យើងរួមគ្នាបង្កើតអន្តរកាលថាមពលស្អាតមួយ ដែលប្រជាជនកម្ពុជាអាចចូលរួម និងទទួលបានផលប្រយោជន៍ ហើយអាជីវកម្មនានារបស់កម្ពុជាអាចរីកចម្រើនបានពីដំណើរការនេះ»។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា