កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

​បាត់ដំបង​៖ ​លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​។

Advertisement

​លោក​ ម៉ៅ ​ពេក ​បាន​ចាប់ផ្តើម​អាជីវកម្ម​នេះ​តាំងពី​ឆ្នាំ​ ​១៩៩៧​ ​តាមរយៈ​ការ​ទទួលបាន​ការ​បណ្តុះបណ្តាល​ពី​អង្គការ​អភិវឌ្ឍន៍​។ ​ដំបូង​ ​លោក​ចាប់ផ្តើម​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​ត្រឹម​ ​២​ ​ស្រះ​ ​ប៉ុន្តែ​បាន​អភិវឌ្ឍ​ជាបន្តបន្ទាប់​ រហូត​ក្លាយជា​គ្រួសារ​អ្នកផលិត​ ​និង​ភ្ញាស់​ពូជ​ត្រី​បែប​អាជីវកម្មសមរម្យមួយ​នៅ​ឆ្នាំ​ ​២០១១​។

​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​នៅ​ឆ្នាំ​ ​២០២៥​ កសិដ្ឋាន​របស់​លោក​បាន​បញ្ចេញ​កូន​ត្រី​ជិត​កន្លះ​លាន​កូន​ ​រួមមាន​ ត្រី​ទីឡាព្យ៉ា​ចម្រុះ​ ​១៨​ ​ម៉ឺន​កូន​ ទីឡាព្យ៉ា​ឈ្មោល​ ​១៣​ ​ម៉ឺន​កូន​ ត្រី​អណ្តែង​ ​៨​ ​ម៉ឺន​កូន​ ​និង​ត្រី​ក្រាញ់​ ​៦​ ​ម៉ឺន​កូន​។ ​ការ​លក់​កូន​ត្រី​ទាំង​នេះ​បង្កើត​ចំណូល​សរុប​ជិត​ ​៤០​ ​លាន​រៀល ​ឬ​ប្រមាណ​ ​៣៨​ ​លាន​រៀល ​ដោយ​មិន​ទាន់​គិត​ថ្លៃ​ចំណាយ​។​

បច្ចុប្បន្ន ​ស្រះ​ទាំង​ ​២៦​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​ ​ដោយ​លោក​បាន​បង្កាត់​ពូជ​ ​និង​ភ្ញាស់​កូន​ត្រី​ចំនួន​ ​៣​ ​ប្រភេទ​ ​គឺ​ ត្រី​ទីឡាព្យ៉ាក្រហម​ ត្រី​អណ្តែង​កូន​កាត់​ ​និង​ត្រី​ក្រាញ់​ ​ដែល​ជា​ប្រភេទ​ត្រី​មាន​តម្រូវការ​នៅលើ​ទីផ្សារ​។ ​កូន​ត្រី​ដែល​សល់​ពី​ការ​បង្កាត់​ពូជ​ ត្រូវបាន​ផ្ទេរ​ទៅកាន់​ស្រះ​សម្រាប់​ចិញ្ចឹម​យក​សាច់​។

​លោក​ ម៉ៅ ​ពេក ​បាន​ឱ្យដឹង​ថា​ ​កូន​ត្រី​ដែល​ភ្ញាស់​សម្រាប់​លក់​ទៅ​អ្នក​ចិញ្ចឹម​ ​មាន​ចំនួន​ប្រមាណ​ ​៣​ ​ទៅ​ ​៤​ ម៉ឺន​កូន​ក្នុង​មួយ​ខែ ​ដោយ​លក់​ក្នុង​តម្លៃ​ ​១០០​ ​រៀល​ក្នុង​មួយ​កូន​។ ​ប្រសិនបើ​លក់​បាន​ ​៤​ ​ម៉ឺន​កូន​ក្នុង​មួយ​ខែ ​លោក​អាច​ទទួល​ចំណូល​ ​៤​ ​លាន​រៀល​។

​ចំណែក​ត្រី​សាច់​ ​នៅពេល​ប្រមូល​ផល​បាន​ប្រមាណ​ ​៥០០​ ​គីឡូក្រាម ​អាច​លក់​ក្នុង​តម្លៃ​ពី​ ​៨,០០០​ ​ទៅ​ ​១០,០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ផល​ត្រី​សាច់​ក្នុង​បរិមាណ​នេះ​ ត្រូវបាន​ចែកចាយ​ជា​ចម្បង​ទៅ​អ្នកប្រើប្រាស់​នៅក្នុង​តំបន់​។

​លោក​បាន​កត់សម្គាល់​ថា​ ​ទីតាំង​ភូមិសាស្ត្រ​តំបន់​វាល​ទំនាប​លិច​ទឹក​ក្នុង​ស្រុក​ថ្មគោល ​មាន​អំណោយផល​ដល់​ប្រភព​ទឹក​ ​ខណៈ​ការ​ស្ថិត​នៅ​ជិត​ផ្លូវ​ជាតិ​លេខ​ ​៥​ ​បាន​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ដឹកជញ្ជូន​។ ​ចំពោះ​ហានិភ័យ​ប្រតិបត្តិការ​ លោក​បាន​បែងចែក​ការងារ​ក្នុង​គ្រួសារ​ ​ដើម្បី​គ្រប់គ្រង​ចំណាយ​ប្រតិបត្តិការ​ប្រចាំ​ខែ​ឱ្យ​ស្ថិត​នៅ​ប្រមាណ​ ​៧០​ ​ទៅ​ ​៨០​ ​ម៉ឺន​រៀល​។

​ក្នុង​រដូវ​ប្រាំង​ លោក​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ដោយ​ប្រើប្រាស់​ទឹក​អណ្តូង​ជំនួស​ ព្រមទាំង​ប្រើប្រាស់​បច្ចេកទេស​ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ដើម្បី​ទប់ស្កាត់​ជំងឺ​ត្រី​។

​ផ្អែក​លើ​បទពិសោធន៍​ចិញ្ចឹម​ត្រី​ ​បង្កាត់​ពូជ​ ​និង​ភ្ញាស់​កូន​ត្រី​អស់​រយៈពេល​ជាង​ ​១០​ ​ឆ្នាំ​ លោក​ ម៉ៅ ​ពេក​ យល់​ថា​ ​អាជីវកម្ម​វារី​វប្បកម្មជនបទ​អាច​វិវត្ត​ពី​មធ្យោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ ​ទៅជា​សសរ​ស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ​ប្រសិនបើ​មាន​ការ​រួមបញ្ចូល​គ្នា​រវាង​ជំនាញ​បច្ចេកទេស​ ​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​គោលនយោបាយ​គាំពារ​ទីផ្សារ​ពី​រដ្ឋាភិបាល​។​

ក្រៅពី​លក់​កូន​ត្រី​ទៅ​អ្នក​ចិញ្ចឹម​ លោក​ក៏​ផ្តល់​ចំណេះដឹង​មួយចំនួន​ដល់​អ្នកទិញ​ ​ដើម្បីឱ្យ​ពួកគេ​អាច​អនុវត្ត​តាម​បច្ចេកទេស​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ ទទួលបាន​ផល​ និង​បង្កើន​ចំណូល​ពី​អាជីវកម្ម​នេះ​។

​ជាក់ស្តែង​ ក្នុង​ចំណោម​ ​១០៨​ ​គ្រួសារ​នៅក្នុង​សហគមន៍​របស់​លោក​ ​មាន​ ​៥០​ ​គ្រួសារ​បាន​ទិញ​កូន​ត្រី​យក​ទៅ​ចិញ្ចឹម​ និង​ទទួលបាន​ផល​ល្អ​ ​ព្រមទាំង​ចំណូល​សមរម្យ​ ​ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ និង​កែលម្អ​ការ​រស់នៅ​តាមរយៈ​ការ​ធ្វើ​វារី​វប្បកម្ម​ប្រកបដោយ​និរន្តរភាព​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា