សម្តេចធិបតី ដាស់តឿនឱ្យហាមលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ដាស់តឿនឱ្យហាមលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន

សម្តេចធិបតី ដាស់តឿនឱ្យហាមលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន


សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យទប់ស្កាត់ និងហាមឃាត់ការលក់ផលិតផល ឬចំណីអាហារទាំងឡាយណាដែលនាំឱ្យខូចសុខភាពកុមារនៅតាមសាលារៀន ជាពិសេសគឺភេសជ្ជៈប៉ូវកម្លាំង ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកុមារ។

ថ្លែងនៅក្នុងនៅក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មី នៅថ្ងៃទី ៧ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យទប់ស្កាត់ការលក់អាហារ និងភេសជ្ជៈប៉ូវកម្លាំងដែលប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន ព្រមទាំងអំពាវនាវឱ្យអាណាព្យាបាលយកចិត្តទុកដាក់ពិនិត្យការហូបចុករបស់កូនៗ។​

សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រសួងអប់រំបានចេញសេចក្តីណែនាំទប់ស្កាត់ការផ្សព្វផ្សាយចំណីអាហារប៉ះពាល់សុខភាពនៅតាមសាលារៀនរួចហើយ ព្រមទាំងបានដាក់ចេញកម្មវិធីផ្តល់អាហារូបត្ថម្ភដល់សិស្សផងដែរ។

ក្រសួងអប់រំ បានសហការជាមួយអង្គការស្បៀងអាហារពិភពលោក (WFP) និងដៃគូពាក់ព័ន្ធ ក្នុងការផ្តល់អាហារូបត្ថម្ភដល់សាលារៀនចំនួន ១,១១៤ សាលា នៅក្នុងខេត្តជាង ១០ ទូទាំងប្រទេស។ បច្ចុប្បន្ន កម្មវិធីនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៣០ ម៉ឺននាក់ ខណៈរាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពពង្រីកសាលាគោលដៅបន្ថែមទៀត ដើម្បីជួយទប់ស្កាត់កុមារពីការបរិភោគចំណីអាហារផ្តេសផ្តាសនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារនៅតាមទីជនបទ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីការពារសុខភាពសិស្ស និងបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម។ ក្រសួងបានតម្រូវឱ្យគ្រប់សាលារៀនបញ្ជូលបម្រាមនេះទៅក្នុងបទបញ្ជាផ្ទៃក្នុង ធ្វើការផ្សព្វផ្សាយ និងអប់រំជាប្រចាំ ព្រមទាំងចុះពិនិត្យតាមដានដើម្បីលុបបំបាត់ និងបញ្ឈប់កិច្ចសន្យាលក់ដូរភ្លាមៗប្រសិនបើមានការល្មើស ក្នុងគោលបំណងបង្កើត «គ្រឹះស្ថានសិក្សាគ្មានភេសជ្ជៈប៉ូវកម្លាំង»៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា