ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ

ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នឹងរៀបចំពិធីស្បថ ចូលកាន់តំណែងរបស់ក្រុមអ្នកស្ម័គ្រចិត្តអង្គការ Peace Corps ជំនាន់ទី ១៨ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ ២០២៦ ខាងមុខចាប់ពីម៉ោង ៩ ដល់ ១១ព្រឹក នៅ សណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកកាលពីថ្ងៃទី៦ ខែតុលា។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្តីទីនៃស្ថានទូត អាម៉េរិក រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីនេះ។ ពិធីនាឆ្នាំនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ យ៉ាងពិសេស ដោយ​សារការស្បថចូលកាន់តំណែង របស់អ្នកស្ម័គ្រចិត្ត Peace Corps លើពិភពលោកទី ២៥០ ០០០ នេះ ប្រព្រឹត្តទៅទន្ទឹមគ្នានឹងការ​ប្រារព្ធខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាម៉េរិក។

សេចក្តីប្រកាសព័ត៌មានបានរំលេចថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជនអាម៉េរិកគ្រប់វ័យ និងគ្រប់ មជ្ឈដ្ឋាន បានចូលរួមបម្រើ​ការងារ​ក្នុងទីភ្នាក់ងារ Peace Corps នៅតាមប្រទេសចំនួន ១៤៤ ជុំវិញពិភពលោក ដោយបានកសាងចំណងមិត្តភាព និងកិច្ចសហ​ប្រតិ​បត្តិការ​យ៉ាងជិតស្និទ្ធរវាងប្រជាជនអាម៉េរិក និង​សហគមន៍​ម្ចាស់ផ្ទះ។ ដោយឡែក ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្ត​ជំនាន់ដំបូងរបស់​ខ្លួនមកកាន់កម្ពុជាកាលពីឆ្នាំ ២០០៧។

សម្រាប់បេសកកម្មរយៈពេលពីរឆ្នាំខាងមុខនេះ ក្រុម​អ្នក​ស្ម័គ្រ​ចិត្តថ្មីទាំងអស់ នឹងចុះទៅរស់នៅជាមួយគ្រួសារ​ប្រជាពលរដ្ឋកម្ពុជាតាម​សហគមន៍ និងធ្វើការសហការ​ជិតស្និទ្ធជាមួយគ្រូបង្រៀនក្នុងស្រុក ដើម្បីលើកកម្ពស់​ការ​បង្រៀនភាសាអង់គ្លេស និងការគិតបែបស៊ីជម្រៅ សំដៅពង្រីកឱកាសសិក្សា និងវិជ្ជាជីវៈដល់យុវជន​នៅទូទាំងប្រទេស។ ទីភ្នាក់ងារ Peace Corps សម្តែងនូវមោទនភាពក្នុងការ​បន្តកិច្ចសហ​ប្រតិបត្តិការ​ជាមួយដៃគូ និងភាគីពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹងវិស័យ​អប់រំ​ភាសាអង់គ្លេស និងរៀបចំយុវជនកម្ពុជាឱ្យកាន់​តែមាន​សមត្ថភាព​ក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ច​សកល៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា