បារាំង បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ចេញពីនាវាមុជទឹកលើកដំបូងដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ចេញពីនាវាមុជទឹកលើកដំបូងដោយជោគជ័យ

បារាំង បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ចេញពីនាវាមុជទឹកលើកដំបូងដោយជោគជ័យ

ប៉ារីស ៖ ប្រទេសបារាំងបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ M51.3 ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Le Vigilant ជាលើកដំបូង ។
 
មីស៊ីល M51.3 ដែលផលិតដោយក្រុមហ៊ុនការពារជាតិបារាំង-អាល្លឺម៉ង់ ArianeGroup នេះ មានប្រវែង ១២ ម៉ែត្រ អង្កត់ផ្ចិតប្រហែល ២,៣ ម៉ែត្រ និងទម្ងន់ប្រហែល ៥២ តោន ។
 
មីស៊ីលយុទ្ធសាស្រ្តជំនាន់ថ្មីនេះ ដំណើរការដោយឥន្ធនៈរឹង ធ្វើឱ្យវាអាចហោះជ្រែកមេឃក្នុងចម្ងាយចាប់ពី ៨,០០០ ដល់ ១០,០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំឡេងចាប់ពី ២០ ទៅ ២៥ ដង ។
 
មីស៊ីល M51.3 នេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីបង្កើនចម្ងាយបាញ់ ភាពជាក់លាក់ និងសមត្ថភាពវាយទម្លុះសំណាញ់មេឃរបស់គូសត្រូវ ដោយវាបំពាក់នូវក្បាលគ្រាប់នុយក្លេអ៊ែរមហាសមុទ្រថ្មីប្រភេទ TNO-2 ។
 
មីស៊ីលនេះត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Le Vigilant នៅតំបន់ឆ្នេរ Finistère នៃខេត្ត Brittany ភាគពាយព្យនៃប្រទេសបារាំង ។
 
ស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ ការបាញ់សាកល្បងនេះគឺមិនមានផ្ទុកក្បាលគ្រាប់ពិតនោះទេ ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចុះត្រួតពិនិត្យ និងតាមដានដំណើរការបាញ់សាកល្បងនេះដោយផ្ទាល់ ពីលើនាវាចម្បាំង Frigate មួយគ្រឿង ។
 
ការធ្វើតេស្តនេះទៀតសោត ត្រូវបានចាត់ទុកថា ជាការបញ្ចេញសាច់ដុំយោធា និងពង្រឹងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង ចំពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយ និងភាពតានតឹងជាមួយរុស្ស៊ីកំពុងមានការកើនឡើង ៕
 
ប្រភព ៖ AFP និង Euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា