រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅលើទីតាំងកាស៊ីណូពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅលើទីតាំងកាស៊ីណូពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅលើទីតាំងកាស៊ីណូពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦, កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។ កាស៊ីណូដែលត្រូវបានដកហូតអាជ្ញា-បណ្ណចំនួន ១៨ នោះ រួមមាន (១) ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ, (២) កាស៊ីណូ អ៊ីហ្គល ឃីង, (៣) អរឆីដ អូតែល និងរិច កាស៊ីណូ, (៤) សៀងហៃ រីហ្សត, (៥) ហ្គោលដិនហ្កាឡាក់ស៊ី កាស៊ីណូ, (៦) កាស៊ីណូ ឡឺ ហ្សឹង, (៧) កាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សត វើលដ៍, (៨) កាស៊ីណូ ខ្ញុំ, (៩) ជីន ប៉ី គ្រុប, (១០) ជីន ប៉ី, (១១) កាស៊ីណូ ហ្សុងហ័រវ៉ី ហ្គោលឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន, (១២) ជី.ស៊ី កាស៊ីណូ, (១៣) ដា ជីន កាង កាស៊ីណូ & ហូថេល, (១៤) ហ្គាន់ ដាវ, (១៥) កាស៊ីណូ យីង ហ័ង, (១៦) កាស៊ីណូ ជីន​ ប៉ី បួន, (១៧) កាស៊ីណូ ស៊ីន ហៅភីក, និង (១៨) កាស៊ីណូ ជីន យូ មេន តាំង។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និង ព្យួរអាជ្ញាបណ្ណទាំងអស់, លេខាធិ-ការដ្ឋាន នៃ គ.ប.ឆ.ប. បន្តសហការយ៉ាងពេញទំហឹងជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត លើចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ថែមពីនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្ដបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការនានា និងសំណូមពរសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្ថាប័នអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសទីតាំងកាស៊ីណូ ដែល​បានលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. នឹងសហការជាមួយ គ.ល.ក. និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកនិងប្រមូលភស្តុតាងឱ្យបានពេញលេញ ឈានដល់ការចុះបង្ក្រាប និងដក-ហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការលើការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិ  របស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ស្របតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាធរមាន៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា