កម្ពុជានិងអូស្រ្តាលីប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានិងអូស្រ្តាលីប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ

កម្ពុជានិងអូស្រ្តាលីប្ដេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ

កម្ពុជានិងអូស្រ្តាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។
 
ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបក្រៅផ្លូវការរវាងឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោ​បាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
 
យោងតាមនាយកដ្ឋានព័ត៌មានរបស់ក្រសួងការពារជាតិ​ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមក្នុងវិស័យការពារជាតិរវាងកងទ័ពនៃប្រទេសទាំងពីរ ការអភិវឌ្ឍសមត្ថភាពរួម និងស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការយោគយល់គ្នាតាមរយៈមធ្យោបាយសន្តិវិធី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។
 
ជំនួបក្រៅផ្លូវការនេះធ្វើក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅ​កាន់ប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី៧ កញ្ញាម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ដោយមានការទទួលស្វាគមន៍ពីឧត្តមនាវីទោ Bradley Smith មេបញ្ជការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី។
 
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី និងពិភាក្សាជា​មួយមន្រ្តីយោធាជាន់ខ្ពស់យោធាអូស្រ្តាលីមួយចំនួនផងដែរ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា