ចិន ត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី

ចិន ត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី

ប្រទេសចិន បានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តតាមការឯកភាពគ្នារវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក ហាន ចឹង (Han Zheng) អនុប្រធានាធិបតីចិន ​បានលើកឡើងថា កន្លងទៅថ្មីៗនេះ ប្រធានាធិបតីចិន ​ Xi Jinping បានជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយបានគូសវាសប្លង់មេដ៏ធំធេងមួយសម្រាប់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា ក្នុងយុគសម័យថ្មី។

លោក ហាន ចឹង បានលើកឡើងដូច្នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំឡុងពេលដែលឯកឧត្តមអញ្ជើញទៅចូលរួមក្នុងពិព័រណ៍អន្តរជាតិចិន ស្តីពីការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៦ នៅទីក្រុងសៀមិន ប្រទេសចិន។
 
ឈ្លៀតក្នុងពិព័រណ៍នោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជួបជាមួយឯកឧត្តម Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហ្វូជៀនផងដែរ។
 
បច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគី កម្ពុជា ចិន បានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាន តាមរយៈ «កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការរួមគ្នាកសាង «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល”។
 
ក្នុងជំនួបទាំងនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឡើងវិញអំពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍ «ចិនតែមួយ» និងបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
 
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត ដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចជាតិ។ ​
 
ចំណែកភាគីចិនវិញ ក៏បានកោតសរសើរចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនតែមួយ» ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែទាំវិនិយោគិនចិន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ Online Scam ដែលកាយវិការទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «មិត្តភាពដែកថែប» ពិតៗរវាងប្រទេសទាំងពីរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា