កម្ពុជាប្រកាសដាក់ឱ្យអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030

កម្ពុជាប្រកាសដាក់ឱ្យអនុវត្តគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និង យុទ្ធសាស្ត្រ WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល។

ពិធីនេះរៀចំឡើងនាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សុខភាពភ្នែកគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO’s SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌ បរិយាបន្ន និងតម្លៃសមរម្យ។

គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ នឹងរួមចំណែកពង្រឹង អភិបាលកិច្ច ការដឹកនាំ ការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្ស គុណភាពសេវា ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក ដោយផ្តោតលើការធានាឱ្យសេវាសុខភាពភ្នែកមានគុណភាព សមធម៌ បរិយាបន្ន និងមាននិរន្តរភាព។

ជាមួយគ្នានេះ WHO’s SPECS 2030 ត្រូវបានដាក់បញ្ចូលជាក្របខ័ណ្ឌយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីគាំទ្រដល់ការពង្រីកការគ្របដណ្តប់សេវាកែតម្រូវកំហុសចក្ខុវិស័យ និងការថែទាំសុខភាពភ្នែក។ SPECS ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន សេវាកម្ម ធនធានមនុស្ស ការអប់រំ តម្លៃសមរម្យ និងការតាមដានត្រួតពិនិត្យ។

ឯកឧត្តម ឈាង រ៉ា បានគូសរំលេចថា៖ «ភ្នែកពិតជាមធ្យោបាយទំនាក់ទំនងដែលមិនអាចខ្វះបាន ក្នុងការស្រង់ស្រូបយកការយល់ដឹង។ ពេលមួយដែលយើងបានជួយកុមារដែលមានបញ្ហាភ្នែកដែលមិនអាចមើលបានល្អ យើងអាចនឹងបានជួយអនាគតកុមារដែលជួនកាលអាចក្លាយជាអនាគតប្រទេសជាតិ។ ភ្នែកមិនមែនគ្រាន់តែជាគំហើញប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់ឥរិយាបទនៃវិញ្ញាណទាំងអស់»។

គម្រោងអភិបាលកិច្ចសុខភាពភ្នែក គឺជាគំរូជាក់ស្តែងមួយនៃការអភិវឌ្ឍដែលដឹកនាំដោយស្ថាប័នក្នុងស្រុក ដោយត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការយ៉ាងទូលំទូលាយរវាងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ មន្ទីរពេទ្យ សមាគមវិជ្ជាជីវៈ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាអាទិភាពរបស់កម្ពុជា ស្ថិតនៅជាចំនុចស្នូលនៃការអនុវត្តគម្រោង៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា