រួមគ្នាជំរុញទេសចរណ៍ភាពយន្ត ដើម្បីផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រួមគ្នាជំរុញទេសចរណ៍ភាពយន្ត ដើម្បីផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

រួមគ្នាជំរុញទេសចរណ៍ភាពយន្ត ដើម្បីផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

កម្ពុជាកំពុងព្យាយាមប្រើប្រាស់សក្តានុពលដ៏សម្បូរបែបរបស់ខ្លួន ទាំងសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញអ្នកថតភាពយន្តអន្តរជាតិល្បីៗ។ ក្នុងទិសដៅនេះ ស្ថាប័នពាក់ព័ន្ធរដ្ឋ និងឯកជនបានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកមធ្យោបាយប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ភាពយន្ត។

សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី២០សីហា ដោយប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការជាក់ស្តែងក្នុងការជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្ត កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។

ចំណុចសំខាន់ៗ ដែលសិក្ខាសាលាលើកមកពិភាក្សា គឺ «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត»។ តំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យភាពយន្ត និងទេសចរណ៍ បានចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ ដើម្បីកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចពិភាក្សា វាគ្មិនបានផ្តោតលើសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា សម្រាប់ការទាក់ទាញផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ដោយកម្ពុជាមានទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទេសភាពធម្មជាតិ ឆ្នេរសមុទ្រ កោះ តំបន់អេកូទេសចរណ៍ ទីក្រុង និងជីវភាពរស់នៅរបស់ប្រជាជន ដែលអាចក្លាយជាទីតាំងថតភាពយន្តប្រកបដោយភាពចម្រុះ និងមានអត្តសញ្ញាណពិសេស។

ជាមួយគ្នានេះ អង្គពិភាក្សាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលត្រូវការកិច្ចសហការដោះស្រាយជាប្រព័ន្ធ រួមមាន ការសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការថតភាពយន្ត ការផ្តល់ព័ត៌មាន និងសេវាគាំទ្រដល់ផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេស ព្រមទាំងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងការបង្កើនកិច្ចសហការរវាងវិស័យទេសចរណ៍ វប្បធម៌ ភាពយន្ត និងវិស័យឯកជន។

ការជំរុញទេសចរណ៍ភាពយន្តមិនត្រឹមតែមានគោលដៅត្រឹមតែទាក់ទាញក្រុមហ៊ុនផលិតភាពយន្តមកថតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ការផ្សព្វផ្សាយគោលដៅ ការបង្កើតបទពិសោធន៍ថ្មីៗ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជំរុញ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងសក្តានុពលទេសចរណ៍របស់កម្ពុជា។ គោលដៅ គឺដើម្បីធ្វើឱ្យទេសចរណ៍ភាពយន្តក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ និងជាផ្នែកមួយនៃអំណាចទន់របស់កម្ពុជា ដែលអាចរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា