រដ្ឋត្រៀមបន្តចែកដី និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋត្រៀមបន្តចែកដី និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ

រដ្ឋត្រៀមបន្តចែកដី និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកលេខដីឡូត៍ និងផ្ទះជូនប្រជាពលរដ្ឋក្រីក្របន្ថែមទៀត​សម្រាប់​គម្រោងទី១ ស្ថិតក្នុងតំបន់អូរសែវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
 
លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) នឹងរៀប​ចំពិធីចាប់ឆ្នោតបែងចែកលេខដីឡូត៍និងផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៣៨គ្រួសារដែលមានសិទ្ធិទទួលដីក្នុងគម្រោងទី១ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
 
កម្មវិធីនេះជាផ្នែកមួយនៃគោលនយោបាយដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ដី​សម្បទាន​សង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន ព្រមទាំងជំរុញការអភិរក្សព្រៃឈើ និងការប្រើប្រាស់ដីរដ្ឋប្រកប​ដោយចីរភាព។
 
តាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន ផ.ក.អ. ពិធីចាប់ឆ្នោតនឹងអញ្ជើញតំណាងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ឆ្នោតជំនួសប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរពីបណ្តាខេត្ត។ ពិធីនេះក៏នឹងផ្សាយផ្ទាល់តាមទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់លេខាធិការដ្ឋាន ផ.ក.អ. និងបណ្តាញផ្សព្វផ្សាយផ្សេងៗផងដែរ។
 
លេខាធិការដ្ឋានបានឱ្យដឹងថា គម្រោងទី១ មានអ្នកមានសិទ្ធិទទួលដីសរុប ៧៥៥គ្រួសារ។ ក្នុងនោះ ២១៧គ្រួសារ ដែលធ្វើ​សមាហរណកម្មនៅនឹងកន្លែង បានចាប់ឆ្នោតរួចតាំងពីខែឧសភា ឆ្នាំ២០២៦ និងភាគច្រើនបានចូលរស់នៅទីតាំងថ្មីរួចហើយ ខណៈ ៥៣៨គ្រួសារ ដែលនៅសល់ នឹងចាប់ឆ្នោតនៅលើកនេះ។
គម្រោងទី១ មានទីតាំងនៅតំបន់អូរសែវ៣ ឃុំស្មៅ និងឃុំសាមឃួយ ស្រុកសេសាន ។ ដីឡូត៍នីមួយៗមានទំហំ ៣ហិកតា ហើយរដ្ឋបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ស្រះទឹក និងផ្ទះមានបន្ទប់ទឹក ៧៥១ខ្នង ក្នុងផែនការសរុប ៧៧០ខ្នង។
 
សម្រាប់ការចាប់ឆ្នោតលើកនេះ នឹងធ្វើឡើងជាបន្តបន្ទាប់តាម ៥ក្រុម ដោយគ្របដណ្តប់ប្រជាពលរដ្ឋមកពី រាជធានី-ខេត្តទាំង២៥ ដែលមានសិទ្ធិទទួលដី។ ចំនួនគ្រួសារតាមខេត្តមានចាប់ពី ១គ្រួសារ ដល់ ៦៣គ្រួសារអាស្រ័យលើបញ្ជីអ្នកមានសិទ្ធិរបស់​ខេត្ត​នីមួយៗ។
 
ជាមួយគ្នានេះ លេខាធិការដ្ឋាន ផ.ក.អ. បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិទទួលដី តាមដានការផ្សាយផ្ទាល់នៃ​ពិធី​ចាប់​ឆ្នោត ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះលេខដីឡូត៍និងផ្ទះរបស់ខ្លួនព្រមទាំងត្រៀមចូលតាំងទីលំនៅថ្មី និងចុះកិច្ចសន្យាទទួលដីឡូត៍ និង​ផ្ទះតាមការជូនដំណឹងជាបន្តបន្ទាប់៕
ដោយ៖ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា