កម្ពុជាទទូចឱ្យ UN ចាត់វិធានការកាន់តែខ្លាំងលើជម្លោះព្រំដែនកម្ពុជា-ថៃ ចំខួប១ឆ្នាំនៃជម្លោះប្រដាប់អាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទូចឱ្យ UN ចាត់វិធានការកាន់តែខ្លាំងលើជម្លោះព្រំដែនកម្ពុជា-ថៃ ចំខួប១ឆ្នាំនៃជម្លោះប្រដាប់អាវុធ

កម្ពុជាទទូចឱ្យ UN ចាត់វិធានការកាន់តែខ្លាំងលើជម្លោះព្រំដែនកម្ពុជា-ថៃ ចំខួប១ឆ្នាំនៃជម្លោះប្រដាប់អាវុធ

កម្ពុជា បានទទូចជាថ្មីម្ដងទៀតឱ្យអង្គការសហប្រជាជាតិ (UN) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះ ដោយសន្តិវិធី ចំពេលខួប ១ឆ្នាំ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ។

Advertisement

ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។

ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់ជំហរឥតងាករេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានអំពាវនាវឲ្យមានការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែននេះ ដែលកំពុងបន្តកើតមានលើភៀសសឹកជាច្រើនម៉ឺននាក់។

ក្រៅពីនេះ ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃការពង្រឹងតួនាទីអង្គការសហប្រជាជាតិក្នុងការបង្ការជម្លោះតាមរយៈការទូត ការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ភាពតានតឹងខ្លាំងរវាងកម្ពុជា និងថៃ បានចាប់ផ្ដើមនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នៅពេលកងទ័ពថៃបានលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឲ្យយោធាខ្មែរម្នាក់ពលីជីវិត។ ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំបានចាប់ផ្តើមផ្ទុះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំគត់។

ជម្លោះនេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់ របួស និងផ្លាស់ទីលំនៅជាច្រើននាក់ ព្រមទាំងបង្កការខូចខាតដល់ទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្ន នៅមានប្រជាជនខ្មែរជាង ២ម៉ឺននាក់ទៀត កំពុងបន្តរស់នៅតំបន់ភៀសសឹកនៅឡើយ ព្រោះមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញបាន៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា