កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

កម្ពុជាសិក្សាសំណើសុំការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងយកសំណើរបស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួមដែលសុំឱ្យប្រទេសកម្ពុជាលើកលែងទិដ្ឋាការទេសចរណ៍ដល់ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ ដើម្បីពិនិត្យ និងដាក់ជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច។

Advertisement

លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា បានលើកសំណើបែបនេះ នៅក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ សំណើនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលំហូរភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា មកកាន់កម្ពុជាបន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ក្រសួងទេសចរណ៍បានទទួលយកសំណើនេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងធ្វើការសម្រេចចុងក្រោយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងទិដ្ឋាការឱ្យប្រទេសសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ាមួយនេះនៅមានកម្រិតតិចតួចនៅឡើយ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច យល់ឃើញថា ភ្ញៀវទេសចរមកពីអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចាត់ទុកថាជាទីផ្សារគោលដៅដ៏មានសក្តានុពលបំផុត ដោយសារពួកគេមានកម្រិតជីវភាពខ្ពស់ អាចជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

សម្រាប់លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏គួរតែពិចារណាលើកលែងទិដ្ឋាការដល់ប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសនៅទ្វីបអាស៊ីផ្សេងទៀត ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងរយៈពេល ៥ ខែនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១.៦លាននាក់ ក្នុងនោះមានភ្ញៀវមកពីមជ្ឈិមបូព៌ាតែជាង ១ ២០០នាក់ប៉ុណ្ណោះ។ ដូច្នេះ ការលើកលែងទិដ្ឋាការ បូករួមទាំងការតភ្ជាប់ជើងហោះហើរត្រង់ ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ាកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅតែជឿជាក់លើសក្តានុពលនៃទីផ្សារទេសចរណ៍តំបន់មជ្ឈិមបូព៌ា ទោះបីមានការរំខានពីបញ្ហាសង្រ្គាមក្នុងតំបន់យ៉ាងណាក្តី៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា