អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យរបងព្រំដែន ដែលថៃសង់ជាឯកតោភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យរបងព្រំដែន ដែលថៃសង់ជាឯកតោភាគី

អ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យរបងព្រំដែន ដែលថៃសង់ជាឯកតោភាគី

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជា ដឹកនាំដោយហ្វីលីពីន បានចុះត្រួតពិនិត្យការសាងសង់របងព្រំដែនដោយយោធាថៃជាឯកតោភាគី ដោយធ្វើឱ្យបែកបាក់បង្គោលព្រំដែនបណ្តោះអាសន្ន និងករណីពលរដ្ឋថៃចូលមកធ្វើស្រែចំការរំលោភលើដីកម្ពុជា ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ បេសកកម្មនេះធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងទៅភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងការចុះពិនិត្យនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានឃើញផ្ទាល់ភ្នែកនូវស្ថានភាពបង្កឡើងដោយយោធាថៃ ដែលបានសាងសង់របងព្រំដែនជាឯកតោភាគីនៅកៀកនឹងបង្គោលព្រំដែនលេខ ៥២ ដល់ ៥៤ ហើយសកម្មភាពនេះបានធ្វើឱ្យបែកបាក់បង្គោលព្រំដែនបណ្តោះអាសន្នទៀតផង។

ក្រៅពីទទួលបានព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្នហើយនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ក៏បានបន្តចុះពិនិត្យទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋថៃបានចូលមកធ្វើស្រែចំការហួសព្រំដែន ចូលមកក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ផងដែរ។

ជុំវិញករណីរំលោភបំពាននេះ ភាគីកម្ពុជាបានដាក់លិខិតតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃរួចរាល់ហើយ ដោយសារតែសកម្មភាពឯកតោភាគីរបស់ថៃបានធ្វើឱ្យប៉ះពាល់ដល់នីតិវិធីទ្វេភាគី ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាបានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

Advertisement

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ ផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែន។

ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏បានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចារ និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា