កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេលើលោក ដែលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

ប្រទេសកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ កម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
 
អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងអំឡុងពេលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលោក Daren TANG អគ្គនាយកអង្គការ WIPO អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
 
លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច បានមើលឃើញពីសារៈសំខាន់នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានៅកម្ពុជា ចំពោះអ្នកស្រាវជ្រាវ អ្នកវិនិយោគ រួមទាំងអ្នកប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាថែមទៀតផង។
 
អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) គឺជាដៃគូរបស់កម្ពុជា ដែលតែងតែផ្ដល់​ជំនួយបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។
 
យោងតាមក្រសួងពាណិជ្ជកម្ម ​ភាគីកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក៏បានពិភាក្សាគ្នាអំពីគម្រោងបច្ចេកវិទ្យាសមស្រប​​​ និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិ៍ឈ្មោះ ម៉ាក ​ដើម្បីទាក់ទាញទេសចរណ៍ ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានគូសបញ្ជាក់សារជាថ្មី ពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
 
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដដែល លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ក្រោមមូលបទស្តីពី “កសាងស្ពានឆ្ពោះទៅអនាគត៖ នវានុវត្តន៍ និងភាពច្នៃប្រឌិត ជំរុញការអភិវឌ្ឍសង្គមនាពេលអនាគត” ដែលធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា