Zhao Lusi រងការរិះគន់ក្រោយការប្រគំតន្ត្រីនៅថៃ ស្របពេលអាជីពសម្តែងជាប់គាំងលើស ៤០០ ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Zhao Lusi រងការរិះគន់ក្រោយការប្រគំតន្ត្រីនៅថៃ ស្របពេលអាជីពសម្តែងជាប់គាំងលើស ៤០០ ថ្ងៃ

Zhao Lusi រងការរិះគន់ក្រោយការប្រគំតន្ត្រីនៅថៃ ស្របពេលអាជីពសម្តែងជាប់គាំងលើស ៤០០ ថ្ងៃ

ការប្រគំតន្ត្រីទោលក្រៅប្រទេសលើកដំបូងរបស់តារាសម្ដែងចិន Zhao Lusi ដែលមានឈ្មោះថា “Stay Romantic” នៅប្រទេសថៃ កាលពីថ្ងៃទី ៩ ខែឧសភា កន្លងទៅនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងទទួលបានប្រតិកម្មចម្រុះពីសំណាក់មហាជន។

Advertisement

ក្នុងការសម្តែងដែលមានរយៈពេល ៤ ម៉ោង តារាស្រីវ័យ ២៧ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាយ៉ាងខ្លាំងតាមរយៈសម្រស់ដ៏ស្រស់ស្អាត និងឈុតសម្លៀកបំពាក់ដ៏ប្រណីត។ ប៉ុន្តែទន្ទឹមនឹងនោះ នាងក៏បានរងការរិះគន់យ៉ាងច្រើនដែរជុំវិញសមត្ថភាពច្រៀង និងរាំ។ យោងតាមសារព័ត៌មានចិន Sina អ្នកទស្សនាជាច្រើនបានចោទថានាងមិនបានច្រៀងផ្ទាល់ ឬ Lip-sync ដោយសារការហើបមាត់មិនស៊ីគ្នាជាមួយសំឡេងចម្រៀង ហើយថែមទាំងមានការរិះគន់ថាជំនាញរាំរបស់នាងនៅមានកម្រិត និងខ្វះថាមពលបែបអាជីព បើធៀបនឹងតម្លៃសំបុត្រដែលខ្ពស់រហូតដល់ជិត ៣០០ ដុល្លារអាមេរិក។

ស្របពេលដែលមានការរិះគន់ពីមហាជន ក្រុមអ្នកគាំទ្ររបស់ Zhao Lusi ក៏បានចេញមុខការពាររូបនាងយ៉ាងសស្រាក់សស្រាំ ដោយលើកឡើងថាអាជីពចម្បងរបស់នាងគឺតារាសម្ដែង មិនមែនជាតារា Idol ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកតន្ត្រីជាអាជីពឡើយ។ ពួកគេយល់ឃើញថា ការដែលនាងអាចឈរលើឆាកសម្ដែងទោលបានរយៈពេលយូរបែបនេះ គឺជាការលះបង់ និងជាសមិទ្ធផលដ៏គួរឱ្យកោតសរសើរសម្រាប់តារាសម្ដែងម្នាក់ទៅហើយ។

លើសពីនេះ អ្នកគាំទ្រក៏បានបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីរបស់ Lusi មិនមែនផ្តោតលើប្រាក់ចំណូលជាធំនោះទេ ដោយយោងលើសកម្មភាពរៀបចំការប្រគំតន្ត្រីឥតគិតថ្លៃកាលពីមុនៗរបស់នាង។ អ្នកគាំទ្រខ្លះទៀតក៏បានប្រកែកថាការកម្រិតផ្នែកបច្ចេកទេសនៅទីតាំងក្នុងប្រទេសថៃ ក៏ធ្វើឱ្យប៉ះពាល់ដល់គុណភាព Production ក្នុងការប្រគំតន្ត្រីនេះផងដែរ។

ភាពចម្រូងចម្រាសនៃការប្រគំតន្ត្រីនេះបានកើតឡើងចំពេលដែលអាជីពសម្ដែងរបស់ Zhao Lusi កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារនាងបានអវត្តមានពីការថតរឿងភាគថ្មីអស់រយៈពេលច្រើនជាង ៤០០ ថ្ងៃមកហើយ។ កន្លងមក តារាសម្ដែងរូបនេះបានពន្យល់ពីការសម្រាកដ៏យូររបស់នាងថា នាងកំពុងរង់ចាំសាច់រឿងដែលល្អដើម្បីវិលត្រលប់។

យ៉ាងណាមិញមានសេចក្ដីរាយការណ៍ថា នាងត្រូវបានអ្នកក្នុងឧស្សាហកម្មភាពយន្តចាត់ទុកថាជាតារាដែលមានហានិភ័យខ្ពស់សម្រាប់ការវិនិយោគ ដោយសារវិវាទជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់ និងបញ្ហាក្នុងការបោះបង់ការថតរឿង “Lover” ចោលនៅពាក់កណ្តាលទី។ បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងក្នុងចំណោមផលិតករ ដែលជាហេតុនាំឱ្យនាងងាកមកផ្តោតលើសកម្មភាពតន្ត្រីជំនួសវិញ ប៉ុន្តែការរិះគន់ចុងក្រោយនេះបង្ហាញថា នាងនៅតែត្រូវប្រឹងប្រែងខ្លាំងទៀត ប្រសិនបើចង់ឈរជើងក្នុងវិស័យតន្ត្រីឱ្យបានរឹងមាំ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា