រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែលផ្តល់អារម្មណ៍ស្កប់ស្កល់ដល់ទស្សនិកជន ក្នុងនាមជាតំណាងឱ្យជនរងគ្រោះ។

Advertisement

រឿង Teach You a Lesson មានសាច់រឿងផ្ដោតលើ “ការិយាល័យការពារសិទ្ធិអប់រំកូរ៉េ”  ដែលបង្កើតឡើងដើម្បីស្តារសណ្តាប់ធ្នាប់ក្នុងថ្នាក់រៀនឡើងវិញ បន្ទាប់ពីធ្លាក់ក្នុងបញ្ហាក្រោមស្នាដៃរបស់សិស្សមិនស្តាប់បង្គាប់ និងអាណាព្យាបាលដែលកាន់ជើងកូនហួសហេតុ។ ភាពយន្តភាគមួយនេះទទួលបានជោគជ័យយ៉ាងធំធេង ដោយអាចទាក់ទាញទស្សនិកជននៅជុំវិញពិភពលោក ទាំងនៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង។

យោងតាមគេហទំព័រ FlixPatrol កាលពីថ្ងៃទី១៦ ខែមិថុនានេះ Teach You a Lesson បានឈរនៅលំដាប់ថ្នាក់កំពូលនៅ ៤៣ប្រទេស រួមមាន ប្រទេសកូរ៉េ ប្រេស៊ីល បារាំង អាល្លឺម៉ង់ ជប៉ុន ហុងកុង សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

ស្របគ្នានឹងភាពជោគជ័យខាងលើ សារព័ត៌មាន The Korea Time បានចុះផ្សាយថា ប្រជាប្រិយភាពដ៏លេចធ្លោនេះ គឺដោយសារតែទស្សនិកជនជាច្រើននាក់យល់ឃើញថា រឿងនេះមានភាពស្រដៀងគ្នានឹងជីវិតពិត បើទោះបីជាទស្សនិកជនទាំងនោះមិនបានសិក្សាក្រោមប្រព័ន្ធអប់រំរបស់កូរ៉េក៏ដោយ។

អ្នកទស្សនាជនជាតិអង់គ្លេសម្នាក់បានសរសេរនៅលើ Reddit ថា៖ “ខ្ញុំគិតថា រឿងនេះគ្រាន់តែជារឿងសាមញ្ញមួយដែលនិយាយពីពួកក្មេងទំនើងទទួលបានផលកម្មរបស់ពួកគេ ប៉ុន្តែទាំងកិច្ចសន្ទនា តួអង្គ និងយុត្តិធម៌នៅក្នុងរឿង គឺឆ្លុះបញ្ចាំងពីការពិតខ្លាំងណាស់។ ទោះបីជានេះជារឿងភាគកូរ៉េក្ដី ប៉ុន្តែគ្រប់ផ្នែកទាំងអស់នៃរឿងនេះ មានអារម្មណ៍ថា វាស្រដៀងគ្នាទៅនឹងអ្វីដែលកើតឡើងនៅក្នុងចក្រភពអង់គ្លេស”។

លោក Park Ju-hyoung សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិអប់រំ Gyeongin បានលើកឡើងថា ការដួលរលំនៃប្រព័ន្ធអប់រំសាធារណៈដូចបានបង្ហាញនៅក្នុងរឿងភាគនេះ គឺកើតចេញពីការប្រើប្រាស់ទូរស័ព្ទដៃយ៉ាងអនាធិបតេយ្យនៅក្នុងថ្នាក់រៀន និងអំពើហិង្សាក្នុងសាលា ដែលបានក្លាយជាបញ្ហាសកលរួចទៅហើយ។ លោកបានបន្តថា៖

“នៅក្នុងប្រទេសលោកខាងលិច ដែលផ្តល់អាទិភាពខ្ពស់ទៅលើសិទ្ធិសេរីភាពរបស់សិស្ស និងបុគ្គល គឺបានកើតមានបញ្ហានេះជាយូរមកហើយ។ នេះហើយជាមូលហេតុដែលអ្នកគាំទ្រនៅជុំវិញពិភពលោកចាប់អារម្មណ៍ខ្លាំង លើវិធីសាស្ត្រដោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់ស្ថាប័នដូចជាក្នុងរឿងនេះ”។

ក្រៅពីមានសាច់រឿងឆ្លុះបញ្ចាំងការពិត អារម្មណ៍ស្កប់ស្កល់ និងសមតាមបំណង ក៏ជាមូលហេតុដែលធ្វើឱ្យ “Teach You a Lesson” ទទួលបានជោគជ័យដូចគ្នា។

អ្នកគាំទ្រម្នាក់បានចែករំលែកថា៖ “ការបានឃើញសិស្ស អាណាព្យាបាល និងសូម្បីតែសាលារៀន ត្រូវចេញមុខមកទទួលខុសត្រូវ គឺវាធ្វើឱ្យខ្ញុំសប្បាយចិត្តមែនទែន។ រឿងនេះរំឭកខ្ញុំថា ការអប់រំមិនមែនគ្រាន់តែជារឿងពិន្ទុប៉ុណ្ណោះទេ តែវាទាក់ទងនឹងការគោរព វិន័យ និងសីលធម៌”។

ទន្ទឹមគ្នានេះ អ្នកជំនាញផ្នែកវប្បធម៌ និងការអប់រំម្នាក់បានលើកឡើងថា ទស្សនិកជនគួរតែពិនិត្យមើលពីរបៀបដែលរឿងមួយនេះបាននាំយកតថភាពពិតនៃប្រព័ន្ធអប់រំសាធារណៈដែលមានបញ្ហា មកបង្ហាញជាសាធារណៈ ដើម្បីជាសារដាស់តឿនឱ្យសង្គមស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងជីវិតពិត។

ខុសពីជីវិតពិត ដែលបញ្ហាស្រដៀងគ្នានេះបានកើតឡើងម្តងហើយម្តងទៀតតែគ្មានដំណោះស្រាយ នៅក្នុងរឿង “Teach You a Lesson” បានបង្ហាញថា ការិយាល័យការពារសិទ្ធិអប់រំកូរ៉េ បានចូលមកអន្តរាគមន៍ និងដាក់ទណ្ឌកម្មដល់ជនប្រព្រឹត្តខុសភ្លាមៗ។ ចំណុចនេះហើយដែលបានផ្តល់អារម្មណ៍ស្កប់ស្កល់ និងសមបំណងដល់ទស្សនិកជន ដែលតាំងខ្លួនជាតំណាងនៃជនរងគ្រោះ។

លោក Jung អ្នកវិភាគវប្បធម៌ម្នាក់ បាននិយាយថា៖ “ប្រសិនបើសាច់រឿងនិយាយតែពីសិស្សប្រព្រឹត្តខុស រឿងនេះនឹងក្លាយទៅជារឿងភាគវាយតប់ក្នុងសាលារៀន ឬអំពើពុករលួយក្នុងសង្គម ដូចរឿងទូទៅ។ យ៉ាងណាមិញ តាមរយៈការបង្ហាញបញ្ហាដ៏ស្មុគស្មាញរបស់តួអង្គអាក្រក់ម្នាក់ៗ វាបានជួយដោះស្រាយបញ្ហាជាប្រព័ន្ធ ជាជាងគ្រាន់តែការដាក់ទណ្ឌកម្មលើរាងកាយដើម្បីឱ្យទស្សនិកជនសមបំណង”។

“រឿងនេះជោគជ័យនៅក្នុងការបង្ហាញពីបញ្ហាក្នុងប្រព័ន្ធអប់រំរបស់កូរ៉េបានច្រើនផ្នែក ខណៈពេលដែលបានបើកឱកាសឱ្យទស្សនិកជនគិតវិភាគកាន់តែស៊ីជម្រៅ។ ដរាបណាវាអាចជម្រុញឱ្យមានការជជែកដេញដោលជាសាធារណៈ ស្របពេលដែលសាធារណជនដឹងច្បាស់ថារឿងនេះជារឿងប្រតិដ្ឋ រឿង ‘Teach You a Lesson’ គឺបានសម្រេចគោលដៅរបស់ខ្លួនហើយ” លោកបានបញ្ចប់ដូច្នេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា